អ្នក​ភូមិ​នៅ​មណ្ឌលគិរី​​ថា​ក្រុមហ៊ុន​វៀតណាម​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ​១ ((Binh Phuoc Kratie Rubber 1)  ប្រើប្រាស់​កងកម្លាំង​ឯកសណ្ឋាន​ប្រដាប់​អាវុធ​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី​ដែល​សហគមន៍​កំពុង​ទាមទារ។ ពលរដ្ឋ​ចាត់​ទុក​ថា ក្រុមហ៊ុន​ប៉ុនប៉ង​ប្រើប្រាស់​កងកម្លាំង​រដ្ឋាភិបាល​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បញ្ហា​ដីធ្លី។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​បន្ទាន់​ទៅ​លើ​សេចក្ដី​រាយការណ៍​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ ១ ប្រើប្រាស់​ក្រុម​ឯកសណ្ឋាន​យោធា​មាន​អាវុធ​យាម​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់​ក្រុមហ៊ុន។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា បន្ទាប់​ពី​សហគមន៍​ភូមិ​ចក់ចារ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា អ្នក​ភូមិ​បាន​ឃើញ​ជន​ស្លៀកពាក់​យោធា​ពីរ​នាក់​មាន​កាំភ្លើង​អាកា​៤៧ ពីរ​ដើម​មក​យាម​ការពារ​ត្រាក់ទ័រ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ដែល​កំពុង​ភ្ជួរ​ដី​នៅ​ក្នុង​ដី​ចំការ​កៅស៊ូ​ដែល​អ្នក​ភូមិ​កំពុង​តវ៉ា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ចាត់​ទុក​ការ​ប្រើប្រាស់​អាវុធ និង​កងកម្លាំង​រដ្ឋាភិបាល​យាម​ការពារ​ក្រុមហ៊ុន​ឯកជន គឺ​ជា​រឿង​ខុសច្បាប់ និង​ថា ជា​ការ​គំរាមកំហែង​ទៅ​លើ​ស្មារតី​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។ លោក​កត់សំគាល់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ហេតុ​នេះ​ប្រសិន​ក្រុមហ៊ុន​ឆ្លៀត​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​យាម​ការពារ​ដី​ទំនាស់​ជា​កត្តា​បង្ហាញ​ថា ក្រុមហ៊ុន​មិន​ឈរ​លើ​គោលការណ៍​ដោះស្រាយ​ទំនាស់​ដោយ​​សន្តិវិធី៖ «អ៊ីចឹង​មាន​ន័យ​ថា អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ហាក់​មាន​ចេតនា​ហ៊ុមព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ ដី​សហគមន៍​ដែល​គាត់​គិត​ថា នឹង​បាន​ដី​ហ្នឹង​នៅ​ពេល​ខាង​មុខ នៅ​ពេល​អាជ្ញាធរ​ចុះ​ដោះស្រាយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

​ចំណែក​អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ផ្តល់​កងកម្លាំង ឬ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ប្រើប្រាស់​អាវុធ​ការពារ​ក្រុមហ៊ុន​នោះ​ទេ។ លោក​ថា អាជ្ញាធរ​​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​ក្រុមហ៊ុន​ប្រើប្រាស់​កងកម្លាំង​ឯកសណ្ឋាន​យោធា​មាន​អាវុធ​ដូច​​ពលរដ្ឋ​អះអាង។

លោក​សំណូមពរ​សុំ​ឲ្យ​សហគមន៍​ផ្ដល់​ព័ត៌មាន​ជាក់លាក់​មក​អាជ្ញាធរ ប្រសិន​ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​យាម​ការពារ​ដី​ក្រុមហ៊ុន៖ «មិន​មាន​ទេ​កន្លង​មក ហើយ​ថ្នាក់​លើ​ក៏​មិន​មាន​គោលការណ៍​ឲ្យ​កងកម្លាំង​ទៅ​ការពារ​ក្រុមហ៊ុន​ដែរ។ បើ​មាន​ការងារ​អ្វី​ឲ្យ​ប្រជាជន​រាយការណ៍​មក​អាជ្ញាធរ​ផង»

សហគមន៍​ភូមិ​ចក់ចារ ២១១​គ្រួសារ កាល​ពី​ចុង​ខែ​ឧសភា បាន​ប្ដឹង​ក្រុមហ៊ុន ប៊ិញ ភឿក ១ ថា​បាន​រំលោភ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​របស់​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​មណ្ឌលគិរី ដែល​បាន​សម្រេច​​កាត់​ដី ៣៧៥​ហិកតារ​ពី​ក្រុមហ៊ុន​ប្រគល់​ជូន​ប្រជាពលរដ្ឋ។ រី​ឯ​អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​ចុះ​ដោះស្រាយ​​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

ប្រជាពលរដ្ឋ​ភូមិ​ចក់​ចារ​លោក ជា សារន បង្ហាញ​ក្តី​បារម្ភ​ថា ការ​ដាក់​កងកម្លាំង​មាន​អាវុធ​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​ជា​សញ្ញា​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​មាន​ចេតនា​ប្រគល់​ដី​សហគមន៍​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​យក​នោះ​ទេ។ លោក​ថា សហគមន៍​បារម្ភ​ពី​សុវត្ថិភាព ពីព្រោះ​ក្រុមហ៊ុន​មិន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា ខណៈ​អាជ្ញាធរ​ខេត្ត​ត្រៀម​ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង៖ «អត់​ដែល​ទេ គេ​ភ្ជួរ​តាម​រង​កៅស៊ូ អត់​មាន​កាំភ្លើង អត់​មាន​អ្នក​ណា​មក​យាម​ទេ។ អ្នក​យាម​ពី​មុនៗ​គេ​ដក​អស់​ហើយ ខាង​ប៉ូលិស​ខេត្ត ទើប​ប៉ុន្មាន​ថ្ងៃ​ឃើញ​ត្រាក់ទ័រ​ភ្ជួរ ឃើញ​មាន​កាំភ្លើង​ឃើញ​គេ​យាម»

​យ៉ាងណាក៏ដោយ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ អះអាង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​មិន​ឋិត​ក្នុង​ដី​ដែល​ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ​នោះ​ទេ។ លោក​ថា សប្ដាហ៍​ក្រោយ​នេះ ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដី​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។