«ខួប ៦៧ឆ្នាំ ថ្ងៃបារាំងកាត់ដីខ្មែរឲ្យវៀតណាម» ជាការឈឺចាប់ ​មិនអាចបំភ្លេចបាន និពន្ធដោយ : ញ៉ុង​ ហេង       June-04-2016, 6:26 pm         4167

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«ខួប ៦៧ឆ្នាំ ថ្ងៃបារាំងកាត់ដីខ្មែរឲ្យវៀតណាម» ជាការឈឺចាប់ ​មិនអាចបំភ្លេចបានភ្នំពេញ៖​ នៅថ្ងៃទី៤ខែមិថុនានេះ សហគមន៍ខ្មែរកម្ពុជាក្រោម រៀបចំពិធីខួបគំរប់៦៧ឆ្នាំ ថ្ងៃបារាំងកាត់ ទឹកដីខ្មែរឲ្យវៀតណាម។ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា ការរៀបចំកម្មពិធីនេះឡើង ដើម្បីរម្លឹកគុណបុព្វបុរសខ្មែរ ដែលបានពលីជីវិត និងបង្ហាញការឈឺចាប់ ដោយសារការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។
បើទោះបីជាត្រូវបាត់បង់អស់រយៈពេលដ៏យូរឆ្នាំមកហើយក្តី តែទឹកដីខ្មែរកម្ពុជាក្រោម នៅតែដកជាប់ក្នុងចិត្តជនជាតិខ្មែរ ដែលមានការឈឺចាប់អំពីការបាត់បង់ទាំងនេះ។ ការឈឺចាប់នេះហើយ ដែលជំរុញឲ្យមានការរៀបចំពិធីរម្លឹកខួបនៃការកាត់ទឹកដីខ្មែរទៅឲ្យវៀតណាម ដោយរដ្ឋាភិបាលបារំាង ជារៀងរាល់ឆ្នាំនោះ។ ហើយនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៦ នេះ គឺដល់ខួបទី ៦៧ ដែលពិធីរម្លឹកខួប ត្រូវបានរៀបចំដូចឆ្នាំមុនៗដែរ។
ពិធីរម្លឹកខួបបាត់បង់ទឹកដីនៅឆ្នាំនេះ  ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ នាត្រើយម្ខាងទុលមុខព្រះបរមរាជវាំង ដែលប្រជាពលរដ្ឋប្រមាណ ៥រយនាក់ ភាគច្រើនជាព្រះសង្ឃ បានចូលរួម។ ក្រៅពីមានការចូលរួមរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក៏មានការវត្តមានរបស់បុគ្គលមួយចំនួនផ្សេងទៀត ជាមួយនឹងវត្តមានព្រះរាជតំណាងព្រះមហាក្សត្រ គឺសម្តេចស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ជាអធិតីផងដែរ។
នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹក លោក សឺន សូប៊ែរ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងបើកកម្មវិធីនេះឡើង។ ហើយការថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍ បានចាប់ផ្តើមជាបន្តបន្ទាប់។ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានឡើងថ្លែងសុន្ទរកថារបស់ខ្លួន ជាមួយនឹងខ្លឹមសារពាក់ព័ន្ធនឹងការរម្លឹកខួបបាត់បង់ទឹកដីនេះ។ លោក មានប្រសាសន៍ថា កម្មវិធីនេះគឺជាការរម្លឹកគុណ និងឧន្ទិសកុសលដល់បុព្វបុរសខ្មែរដែលលះបង់ ដើម្បីទឹកដី វប្បធម៌ សាសនា និងប្រពៃណីខ្មែរ។ លោក បន្ថែមទៀតថា កូនខ្មែរត្រូវចងចាំពីបាត់បង់ទឹកដីរបស់ខ្លួន ហើយត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីជាតិខ្មែរ។
ក្នុងឱកាសនោះផងដែរ លោក ថាច់ សេដ្ឋា ក៏បានលើកឡើងពីទុក្ខលំបាក់របស់ខ្មែរកម្ពុជាក្រោម ដែលរដ្ឋាភិបាលវៀតណាម ធ្វើទុកបុកម្នេញ បំបិទសិទ្ធិសេរីភាពមកទល់នឹងបច្ចុប្បន្ន។ ហើយលោកចង់ឲ្យរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៤ខែមិថុនា គឺជាទិវាខួប ដែលបារាំងកាត់ដីខ្មែរឲ្យទៅវៀតណាម។
នៅក្នុងពិធីនោះដែរ លោក សុន ឆៃ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិក៏បានថ្លែងចំណាប់អារម្មណ៍ បង្ហាញការឈឺចាប់នៃការបាត់ទឹកដី ដែលនាំឲ្យខ្មែរក្រោមរងការរងទុក្ខវេទនាមកដល់សព្វថ្ងៃនេះ។ លោក មានប្រសាសន៍ថា ក្នុងនាមជាអ្នកនយោបាយ គួរទៅទស្សនៈកិច្ចនៅទឹកដីកម្ពុជាក្រោមឲ្យបានមួយម្តង ដើម្បីបានមើលឃើញពីទុក្ខលំបាករបស់ជនជាតិខ្មែនៅទីនោះ ហើយបានជាមេរៀនសម្រាប់បម្រើជាតិមាតុភូមិ ការពារទឹកដីឲ្យបានគង់វង្ស។
 ដោយឡែកព្រះអង្គម្ចាស់ ធម្មិកោ អតីតជំនួយការព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ក៏មានវត្តមានក្នុងពិធីនេះផងដែរ។ ព្រះអង្គ មានបន្ទូលថា ព្រះអង្គមិនដែលមានចាត់ទុកថា មានខ្មែរលើ ខ្មែរកណ្តាល និងខ្មែរក្រោមឡើយ។ ព្រះអង្គ  មានបន្ទូលទៀតថា ខ្មែរនៅទីណាក៏ដោយគឺខ្មែរតែមួយ ដោយគ្មានការបែងចែកឡើយ។
ក្រៅពីវត្តមានបុគ្គលខាងលើ ក៏មានតំណាងសម្ព័ន្តយុវជន ដែលបានថ្លែងសារពីការឈឺចាប់របស់ខ្លួនអំពីការបាត់បង់ដីកម្ពុជាក្រោម ហើយបង្ហាញការប្ដេជ្ញាចិត្តថា មិនទុកខ្មែរក្រោមឲ្យឯកោនោះឡើយ។
បើទោះជាមានវត្តមានបុគ្គលសំខាន់ៗមួយចំនួនក្នុងកម្មវិធីនេះ តែគេមិនឃើញមានវត្តមានតំណាងរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចចូលរួមក្នុងកម្មវិធីនោះទេ។
 កម្មវីធីពេញមួយព្រឹកនេះ ត្រូវបញ្ចាប់ទៅវិញ ជាមួយការបន្សល់ទុកនូវការចងចាំពីបាត់បង់ទឹកដីកម្ពុជាក្រោមដល់ប្រជាពលរដ្ឋខ្មែរ។ ហើយការរម្លឹកខួបដែលបារាំងបានកាត់ដីខ្មែរឲ្យវៀតណាម លើកនេះ ក៏បានជួយឲ្យពលរដ្ឋខ្មែរបានស្វែងយល់ពីប្រវត្តិសាស្ត្រខ្លួន ដែលជាមេរៀនដ៏មានសារៈសំខាន់៕