ការ​សេព​គ្រឿង​ស្រវឹង​បង្ក​ជា​ហានិភ័យ​សម្រាប់​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ

ភ្នំពេញៈ ស្រ្តីបម្រើសេវាកម្មផ្លូវភេទកម្ពុជា និងក្រុមបុរសដែលស្វែងរកសេវាកម្មនេះកំពុងតែប្រឈមមុខនឹងហានិភ័យខ្ពស់នៃការឆ្លងជម្ងឺកាមរោគ ជាពិសេសមេរោគអេដស៍ ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង។ នេះបើយោងតាមការរកឃើញរបស់របាយការណ៍ស្រាវជ្រាវដែលនឹងបោះពុម្ភផ្សាយនៅពេលឆាប់ៗនេះ។

ការ​សេព​គ្រឿង​ស្រវឹង​បង្ក​ជា​ហានិភ័យ​សម្រាប់​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ

ដឹកនាំការស្រាវជ្រាវដោយអ្នកស្រីបណ្ឌិត Marie-Claude Couture មកពីសាកលវិទ្យាល័យ សានហ្វ្រាន់ស៊ីស្កូ និងអ្នកស្រាវជ្រាវមួយក្រុមបានធ្វើការស្ទង់មតិដោយសួរទៅលើស្រ្តីចំនួន ១០០ នាក់នៅខេត្តព្រះសីហនុ ដែលបានរាយការណ៍ថា បានរួមភេទនៅក្នុងរយៈពេល ៣ ខែចុងក្រោយជាថ្នូរនឹងទឹកប្រាក់ អំណោយ ឬរបស់នានា។ កម្រងសំណួរស្ទង់មតិមួយទៀត ក៏ត្រូវបានគេធ្វើឡើងសម្រាប់ក្រុមបុរសចំនួន ១០០ នាក់ផងដែរ។

របាយការណ៍នេះបានឲ្យដឹងថា អ្នកដែលបានចូលរួមត្រូវបានសុំឲ្យបំពេញនូវកម្រិតជាតិអាល់កុលដែលពួកគេទទួលទាន ហើយនៅព្រឹកថ្ងៃបន្ទាប់ ពួកគេត្រូវបានអញ្ជើញឲ្យទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ក៏ដូចជា កម្រិតសារធាតុសរីរាង្គឈ្មោះ Phosphatidylethanol (PEth) ដែលជាសារធាតុបង្ហាញពីកម្រិត ខ្លាំង-ខ្សោយ នៃការទទួលទានគ្រឿងស្រវឹង ដោយសារ សារធាតុនេះនឹងស្ថិតនៅក្នុងឈាមក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ បន្ទាប់ពីម្ចាស់ឈាមនោះបានផឹកស្រាជោគជាំ។

លទ្ធផលបានបង្ហាញថា ៦០ ភាគរយនៃស្រ្តី និង ៤២ ភាគរយនៃបុរស មានកម្រិតសារធាតុ PEth ដែលបង្ហាញពី «ការសេពជាតិអាល់កុលដោយពុំមានសុវត្ថិភាព»។

ការសិក្សាស្រាវជ្រាវនេះក៏បានបង្ហាញដែរថា បុរសច្រើនតែរាយការណ៍ពីកម្រិតជាតិស្រវឹងដែលពួកគាត់ទទួលទាន ទាបជាងកម្រិតពិតប្រាកដ។

ភាគច្រើននៃស្រ្តីដែលបានចូលរួម (៧១ ភាគរយ) បានរាយការណ៍ថា ពួកគេបានបម្រើសេវាកម្មផ្លូវភេទនៅពេលដែលពួកគេកំពុងបំពេញការងារនៅទីកន្លែងកម្សាន្ត ខណៈដែលអ្នកដទៃទៀតគឺជាស្រ្តីដែលបម្រើសេវាកម្មផ្លូវភេទដោយខ្លួនឯង ឬ នៅតាមផ្ទះបន។ ៩ ភាគរយ នៃស្រ្តីទាំងនោះត្រូវបានគេរកឃើញថា មានផ្ទុកមេរោគអេដស៍ ខណៈដែលអត្រាប្រេវ៉ាឡង់នៃការឆ្លង់មេរោគនេះនៅទូទាំងប្រទេសមាន ១.៦ ភាគរយ។

លោក សាស្រ្តាចារ្យ Ian Lubek ដែលបានធ្វើការស្រាវជ្រាវស៊ីជម្រៅទៅលើអ្នកធ្វើការនៅកន្លែងកម្សាន្ត ការសេពគ្រឿងស្រវឹង និងការរួមភេទក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា យោងទៅតាមបទពិសោធន៍របស់លោក អ្នកបម្រើសេវាកម្មផ្លូវភេទ និងអតិថិជនរបស់ពួកគេ ងាយនឹងប្រឈមនឹងហានិភ័យនានា នៅពេលដែលពួកគេទទួលទានគ្រឿងស្រវឹង។

លោកថា៖ «យើងបានរកឃើញថា នៅពេលដែលស្រ្តីធ្វើការនៅកន្លែងកម្សាន្ត [ផ្តល់សេវាផ្លូវភេទ] ផឹកគ្រឿងស្រវឹង ការប្រើប្រាស់ស្រោមអនាម័យមានការថយចុះ»។

លោកបានបន្តទៀតថា៖ «នៅពេលដែផ្ទះបនត្រូវបានបិទ ស្រ្តីបម្រើសេវាកម្មផ្លូវភេទត្រូវធ្វើការផ្តល់សេវានេះដោយអាថ៌កំបាំង ហើយបុរសៗនៅតែស្វែងរកសេវានេះ។ អ្នកខ្លះអាចស្វែងរកសេវានេះបានពីក្រុមស្រ្តីបម្រើស្រាបៀរ… មុនឆ្នាំ ២០០៨ ស្រ្តីបម្រើស្រាបៀរ [ជាមធ្យម] ត្រូវរួមភេទជាមួយភ្ញៀវចំនួន ២.៧ ដង ដើម្បី[បានប្រាក់]យកមកដោះស្រាយជីវភាព»។

លោកក៏បានធ្វើការអំពាវនាវឲ្យមានការតម្លើងប្រាក់កម្រៃទៅដល់ក្រុមស្រ្តីដែលបម្រើការងារនៅកន្លែងកម្សាន្តផងដែរ។

លោកអះអាងថា ប្រសិនជាប្រាក់ខែរបស់ពួកគេត្រូវបានតម្លើងមួយទ្វេជាពីរ ពួកគេទំនងជាកាត់បន្ថយការបម្រើសេវាកម្មផ្លូវភេទដើម្បីប្រាក់បន្ថែម។

ទោះបីជាយ៉ាងណា លោក ជួប សុខចំរើន ប្រធានអង្គការ KHANA បានលើកឡើងថា ការតម្លើងប្រាក់ខែពុំមែនជាដំណោះស្រាយចំពោះតម្រូវការអប់រំបន្ទាន់របស់ស្រ្តីដែលបម្រើការងារនៅកន្លែងកម្សាន្តនោះទេ។

លោកនិយាយថា៖ «ប្រសិនជាក្រុមហ៊ុនដែលផ្តល់ការងារទៅឲ្យអ្នកទាំងនោះតម្លើងប្រាក់ខែរបស់ពួកគេបាន យើងពិតជាសប្បាយរីករាយណាស់។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ យើងត្រូវតែផ្តល់សារដ៏ត្រឹមត្រូវមួយទៅឲ្យពួកគេ ពីរបៀបថែរក្សាសុវត្ថិភាពរបស់ពួកគេ»។

ស្រ្តីលក់ស្រាបៀរវ័យ ៣២ ឆ្នាំមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ទោះបីជានាងបានជៀសវាងការរួមភេទជាមួយនឹងអតិថិជន និងផឹកស្រាស្រវឹងជោគជាំនៅពេលធ្វើការ នាងស្គាល់អ្នករួមការងារជាច្រើនដែលធ្វើបែបនេះ។

នាងនិយាយថា៖ «ខ្ញុំលឺថាមានស្រ្តីឡង់សេស្រាបៀរខ្លះផឹកស្រាស្រវឹងជាមួយភ្ញៀវ… ខ្ញុំធ្វើអញ្ចឹងមិនបានទេ។ ពួកនាងត្រូវប្រថុយខ្ពស់ណាស់ ដែលរួមភេទដោយគ្មានការការពារ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍