រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រៀម​ធ្វើ​ការ​ចុះពិនិត្យ​វាស់​ស្ទង់​នាឡិកា​ទឹក ដែល​មាន​អាយុ​ចាប់ពី​១១​ឆ្នាំ​ឡើងទៅ

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រៀម​ធ្វើ​ការ​ចុះពិនិត្យ​វាស់​ស្ទង់​នាឡិកា​ទឹក ដែល​មាន​អាយុ​ចាប់ពី​១១​ឆ្នាំ​ឡើងទៅ



ភ្នំពេញ ៖ ​មន្ត្រី​ជំនាញ​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ នឹង​ធ្វើ​ការ​ចុះ​ពិនិត្យ វាស់​ស្ទង់​គុណភាព​នាឡិកា​ទឹក នៅ​តាម​បណ្តាញ​អាយុកាល​១១​ឆ្នាំ​ឡើង​ទៅ ដោយ​ដាក់​នាឡិកា​ថ្មី​ជំនួស ដើម្បី​ជៀសវាង​ការ​លម្អៀង ខ្ពស់ ឬ​នាឡិកា​ខូច។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង ស្តីពី​ការពិនិត្យ និង​ការ​ផ្លាស់ប្តូរ​នាឡិកា​ទឹក បាន​ឲ្យ​ដឹង​ថា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​ចុះ​ធ្វើការ​ពិនិត្យ វាស់​ស្ទង់​គុណភាព​នាឡិកា​ទឹក នៅតាម​បណ្តាញ​ដែលមាន​អាយុ​ប្រើប្រាស់​១១​ឆ្នាំ​ឡើងទៅ ដោយ​ដាក់ នាឡិកា​ថ្មី​ជំនួស ដែល​ចាប់​អនុវត្តន៍​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា​ឆ្នាំ​២០១៦​នេះ​តទៅ។

សេចក្តី​ជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កំឡុង​ពេល​ធ្វើ​ការ​ត្រួតពិនិត្យ វាស់​ស្ទង់ ​ឬ​ផ្លាស់ប្តូរ​នាឡិកា ការ​ផ្គត់ផ្គង់​ទឹក​នៅ​តាម​គេហដ្ឋាន​នីមួយៗ អាច​មាន​ភាព​រអាក់រអួល​ក្នុង​ការ​ប្រើប្រាស់​ទឹក ដោយ​មិន​លើស​ពី​២​ម៉ោង​ឡើយ។ ក្នុង​ករណី​ពិនិត្យ​បឋម​នេះ​ឃើញ​ថា នាឡិកា​ទឹក​មាន​កម្រិត លម្អៀង​ខ្ពស់ ឬ​នាឡិកា​​ខូច​នោះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​តម្រូវ​ឲ្យ​អតិថិជន កាន់​នាឡិកា​​ដោយ ផ្ទាល់​យក​មក​រោង​ជាង​នាឡិកានៅ​អង្គភាព ដើម្បី​ពិនិត្យ​ និង​វាស់​ស្ទង់​បន្ថែម។

សូម​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការ​ត្រួតពិនិត្យ និង​ផ្លាស់ប្តូរ​នាឡិកា​ទឹក​ថ្មី​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នេះ គឺ​មិន​តម្រូវ​ឲ្យ​អតិថិជន​ចំណាយ​អ្វី​ទាំងអស់ ក្នុង​នោះ​គ្រាន់តែ​ស្នើ​សុំ​ឲ្យ​អតិថិជន​ចូលរួម ឬ​ចាត់​តំណាង​សហការ នឹង​ទទួលយក​ការ​ដាក់​នាឡិកា​ថ្មី​ឡើងវិញ ដើម្បី​ប្រើប្រាស់​ដោយ​សុវត្ថិភាព​ និង​អត្ថប្រយោជន៍​ជូន​អតិថិជន៕

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រៀម​ធ្វើ​ការ​ចុះពិនិត្យ​វាស់​ស្ទង់​នាឡិកា​ទឹក ដែល​មាន​អាយុ​ចាប់ពី​១១​ឆ្នាំ​ឡើងទៅ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រៀម​ធ្វើ​ការ​ចុះពិនិត្យ​វាស់​ស្ទង់​នាឡិកា​ទឹក ដែល​មាន​អាយុ​ចាប់ពី​១១​ឆ្នាំ​ឡើងទៅ