នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រារព្ធ​ពិធី​លាង​សាយភោជន​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រារព្ធ​ពិធី​លាង​សាយភោជន​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត



ភ្នំពេញ​ ៖​ នៅ​រាត្រី​ថ្ងៃ​ទី៣ ខែមិថុនា លោក​ដា​តូ ស្រ៊ី​ម៉ូដ ណា​ជីប ប៊ី​ន ទួន ហា​ជី អាប់​ឌុល រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​លោកជំទាវ ដា​ទីន ប៉ា​ដុ​កា សេរី រ៉ូ​ស្មាស ម៉ែន​ស័​រ បាន​ប្រារព្ធ​រៀបចំ​ពិធី​លាង​សាយភោជន ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ពិធី​ដែល​រៀបចំឡើង​នៅ​និវេសនដ្ឋាន Pendana Square Putrajaya នៅ​ជាយ​ទីក្រុង​កូឡាឡាំពួរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ម៉ាឡេស៊ី និង អង្គទូត នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជាច្រើនរូប។

ពិធី​លាង​សាយភោជន​ជា​មហា​កិត្តិយស​នោះ​ក៏បាន​ដាក់​តាំង​បង្ហាញ​ពី​បង្អែម ផ្លែឈើ និង ផលិតផល​ស្ករ សូកូឡា ដែល​ផលិតឡើង​ពី​សមិទ្ធផល​របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្ហាញ​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​តាមដាន​ទស្សនា​និង​ភ្លក់​រស់​ជាតិ​ធម្មជាតិ​ពិតៗ​ដ៏​ផ្អែម​ឈ្ងុយឆ្ងាញ់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ខិតខំ​បង្កបង្កើនផល​សម្រាប់​ផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុងស្រុក​ និង​ការនាំចេញ ទៅកាន់​ទីផ្សារ​ខាងក្រៅ។

នៅ​ក្នុង​ពិធី​លាង​សាយភោជន​ជា​ផ្លូវការ​នេះ មិន​មានការ​ថ្លែង​សុន្ទរកថា របស់​មេដឹកនាំ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ទេ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ដូចគ្នា ចំពោះ​លទ្ធផល​នៃ​ជំនួប​ចរចា​ទ្វេភាគី​ ដែល​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី៣ កន្លងទៅ ពិសេស​ទៅទៀត​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​យល់ស្រប​គ្នា​ថា​ ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​ទាំងអស់ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ហើយ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការផ្លាស់ប្តូរ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នកដឹកនាំ​វិស័យ​ឯកជន​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ជាមួយគ្នា​នេះ មេដឹកនាំ​ទាំងពីរ​បាន​អះអាង​សាជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រីក​បន្ថែម​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី និង កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ និង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​សម្រាប់​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក ពិសេស​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដែល​នឹង​នាំ​ទៅ​ដល់​ការបង្កើត​សហគ្រាស​រឹងមាំ​ជាង​មុន ដែល​អាច​ស៊ូទ្រាំ​ការប្រកួតប្រជែង​សកល​ និង​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ​កម្ពុជា​-​ម៉ាឡេស៊ី។

ពិធី​លាង​សាយភោជន​ជាម​ហា​កិត្តិយស​នោះ ក៏បាន​ការ​សម្ដែង​សិល្បៈ​ដែល​ទាក់ទិន​ទៅ នឹង​ប្រពៃណី វប្បធម៌ នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ៕

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រារព្ធ​ពិធី​លាង​សាយភោជន​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រារព្ធ​ពិធី​លាង​សាយភោជន​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត