អ្នក​«វិភាគ​ដូរ​បាយ» សន្យា​ធ្វើ​បាវ​បម្រើ​ពលរដ្ឋ​រហូត​ថ្ងៃ​ស្លាប់

មិនខុសទេ! លោក កែម ឡី បានទទួលខ្លួនថា លោកជាអ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នក​វិភាគ​សុី​ឈ្នួល អ្នកវិភាគ​​ឡប់ៗ។ល។ ហើយខាងក្រោមនេះ ជាការវិភាគរបស់លោក ទៅលើគោរមងារ​ថ្មីទាំង​ប៉ុន្មាន​ខាង​លើ និងថែម​ទាំង​បាន​សន្យា​ទៀត​ថា លោកនឹងធ្វើជាអ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ... រហូតដល់​ថ្ងៃ​ស្លាប់។
អ្នក​«វិភាគ​ដូរ​បាយ» សន្យា​ធ្វើ​បាវ​បម្រើ​ពលរដ្ឋ​រហូត​ថ្ងៃ​ស្លាប់

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងដែលអ្នកផងហៅលោក ថាជាអ្នកវិភាគដូរបាយ។ (រូបថត MONOROOM.info)

នៅចំពោះការរិះគន់ទាំងឡាយ ដែលតែងហៅលោក ទៅនឹង«អ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នក​វិភាគ​សុី​ឈ្នួល អ្នកវិភាគឡប់ៗ...» នោះ លោក កែម ឡី បានទទួលស្គាល់ការប្រៀបធៀប​ទាំងនេះ​ ថា​«ពិតជា​ត្រឹម​ត្រូវ​ណាស់»។ លោកបានសរសេរបែបកំប្លែង ដាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អ្នកវិភាគ​ដូរ​បាយ (...) ធ្លាប់ដូរបាយកសិករគំរូ លោក រស់ ម៉ៅ បានបីដងរួចហើយ» និងថែមទាំងសន្យាទៀតថា លោកនឹង​បម្រើ​ពលរដ្ឋ រហូតដល់ថ្ងៃស្លាប់។

ប៉ុន្តែលោកបានធ្វើការពន្យល់ តាមបែប«វិភាគ» ទៅលើងារទាំងប៉ុន្មានខាងលើ ដូចតទៅ៖

១) អ្នកវិភាគដូរបាយ៖ ដោយសារតែទៅណាមកណា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស តែងតែផ្តល់​ការ​ស្នាក់​នៅ ផ្តល់បាយមួយពេល ឬពីរពេល ដោយឥតគិតថ្លៃ ជូនដល់លោក។ លោក កែម ឡី បានសរសរថា៖ «ខ្ញុំ​បាទ​សុខចិត្ត​ហូបបាយពលរដ្ឋ ដែលផ្តល់ដោយភាពស្អាតស្អំ ប្រសើរជាងតំណែង ដែលយក​មក​ធ្វើបាប​ប្រជា​ពលរដ្ឋ»។
២) អ្នកវិភាគបាវបម្រើ៖ លោកបានបញ្ជាក់ថា លោកជាបាវបម្រើ ព្រោះលោកបម្រើព័ត៌មានពិត និងមាន​លក្ខណៈ​វិទ្យាសាស្រ្ត​ជូនពលរដ្ឋ ប្រសើរជាងបម្រើជនទុច្ចរិត។ អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ បាន​អះអាង​នូវ​សំដី​មាសដូច្នេះថា៖ «ខ្ញុំសូមសន្យាបម្រើពលរដ្ឋ ក្នុងការរួមចំណែកផ្តល់ព័ត៌មានពិតនេះ រហូតដល់​ថ្ងៃ​ស្លាប់»។
៣) អ្នកវិភាគសុីឈ្នួល៖ ព្រោះកន្លងមក ពេលវិភាគម្តងៗ លោកតែងតែបានតម្លៃឈ្នួល ជាទឹក​បរិសុទ្ធ​មួយ​ដប​តូច តម្លៃ៥០០រៀល។ លោក កែម ឡី បានតបទៅអ្នករិះគន់លោកវិញថា៖ «ខ្ញុំបាទរីករាយវិភាគសុីឈ្នួល​ពលរដ្ឋ បើទោះជាទទួលបាន តែទឹកបរិសុទ្ធដបតូចមួយដប​ក៏ដោយ»។
៤) អ្នកវិភាគឡប់ៗ៖ ក្នុងប្រព័ន្ធសាធារណ:បច្ចុប្បន្ននេះ អ្នកស្អាតស្អំ អ្នកនិយាយត្រង់ អ្នកមិនចេះ​ពុករលួយ អ្នកធ្វើត្រឹមត្រូវ និងអ្នកដែលបម្រើពលរដ្ឋពិតប្រាកដត្រូវបានគេចោទថាឡប់ៗ ល្ងង់ និងមិន​មាន​ប្រាជ្ញា​ទៅ​វិញ។

នៅក្នុងរយៈពេលចុងក្រោយនេះ លោក កែម ឡី បានធ្វើដំណើរចុះទៅតាមផ្ទះពលរដ្ឋ នៅតាមតំបន់​ដាច់​ស្រយ៉ាល ជា​ពិសេស​តំបន់​នៅជុំវិញ​ប្រជា​ពលរដ្ឋ​ណា ដែលបានស្ម័គ្រចិត្តឲ្យលោកស្នាក់ ឬទទួលលោក​បាន​បរិភោគអាហារ។ លោកបានថ្លែងអះអាងថា លោកបានដឹង និងរៀនសូត្របានយ៉ាងច្រើន​​ពីពលរដ្ឋ ហើយ​លោក​ក៏បាន​ជជែក​វែកញែក នូវរឿងរ៉ាវសង្គម និងរឿងរ៉ាវនយោបាយផ្សេងៗ និងសព្វគ្រប់បែបយ៉ាង ជាមួយ​នឹង​ពលរដ្ឋ​ទាំង​នោះ​ដែរ។

លោក កែម ឡី បានសរសេពីបទពិសោធន៍ទាំងឡាយ សម្រាប់«យកអនាគត»ត្រឡប់មកវិញ ជាមួយនឹង​ការ​ផ្លាស់ប្ដូរទាំង១០ចំណុច ដូចខាងក្រោម។ តែលោក​មិនបានបញ្ជាក់ ថាតើ«អនាគត»នោះ បានបាត់​ទៅ​ទី​ណា ឬត្រូវ​បាន​អ្នកណា​លួចឆក់នោះឡើយ។

១) ធ្វើការផ្លាស់ប្តូរ ពីជម្លោះ ឲ្យទៅជាការសហការ
២) ធ្វើការផ្លាស់ប្តូរ ពីសត្រូវ ឲ្យទៅជាមិត្តដ៏ជិតស្និត
៣) ធ្វើការផ្លាស់ប្តូរ ពីបញ្ហាឲ្យទៅជាដំណោះស្រាយ
៤) ធ្វើការផ្លាស់ប្តូរ ពីការលាបពណ៌ ឲ្យទៅជាការទុកចិត្តគ្នា
៥) ធ្វើការផ្លាស់ប្តូរ ពីបុគ្គលធិបតេយ្យឲ្យទៅជាសមាជិកធិបតេយ្យ
៦) ធ្វើការផ្លាស់ប្តូរ ពីការសង្ស័យ ឲ្យទៅជាព័ត៌មានពិត
៧) ធ្វើការផ្លាស់ប្តូរ ពីកាេជេរប្រមាថ ឲ្យទៅជាការអប់រំប្រកបដោយសីលធម៌
៨) ធ្វើការផ្លាស់ប្តូរ ពីការរើសអើង ឲ្យទៅជាការគោរពស្រឡាញ់
៩) ធ្វើការផ្លាស់ប្តូរពី ការរំលោភសិទ្ធិ ឲ្យទៅជាការអាណិតអាសូរ
១០) ធ្វើការផ្លាស់ប្តូរ ពីការកេងប្រវ័ញ្ច ឲ្យទៅជាការជួយគ្នាទៅវិញទៅមក៕