ភាព​ហ៊ឺហារ​​របស់​មន្ត្រី​​ នឹង​បង្កើត​ការ​​ឈឺចាប់​​ក្នុង​​សង្គម

​ជន​បរទេស​ ដែល​ធ្វើ​ដំណើ​រ​​តាម​ដងផ្លូវ​ទីក្រុង​​ភ្នំពេញ មានការ​ភ្ញាក់ផ្អើល​នឹង​​ឃើញ​ឡាន​ប្រណីត​​ហួសហេតុ​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​​មួយ​ដែល​ក្រីក្រ ​ហើយ​នៅ​ពឹងពាក់​នៅឡើយ​ ទៅ​លើ​ជំនួយ​បរទេស​ ។

ពួក​គេ​ចោទសួរ​ថា​ ហេតុ​អ្វី​ក៏​ពួក​គេ​​មាន​ខ្លាំង​ម្ល៉េះ? សំណួរ​នេះ​​នឹង​រឹតតែ​ពិបាក​ឆ្លើយ ​ចំពោះ​មន្ត្រី​ដែល​បម្រើ​​ការងារ​រដ្ឋ​ ។ ខណ​​:​ដែល​គេ​ មិន​អាច​ហាមឃាត់​បាន ​ចំពោះ​អ្នក​រកស៊ី​ដែល​មានបាន​ ដោយ​ញើស​ឈាម​របស់​គេ ​ដើម្បី​ទិញ​ឡាន​ថ្មី ការ​ប្រើប្រាស់​ព​ន្ធ ​ដែល​ប្រមូល​ពី​ប្រជាជន​ ដើម្បី​ទិញ​រថយន្ត​ទំនើប​​ហួសហេតុ​ សម្រាប់​ឱ្យ​​រដ្ឋមន្ត្រី​ និង​មន្ត្រីជាន់ខ្ពស់​​នឹង​ធ្វើ​ឱ្យ​​ប្រជាជន ​មានការ​មិន​សប្បាយ​​ចិត្ត ជា​ជាង​ការ​សាទរ​ ។

វា​ប្រាកដ​ណាស់​ថា​ មន្ត្រី​រដ្ឋ​សម​​នឹង​មាន​មធ្យោបាយ​គ្រប់គ្រាន់​ ដើម្បី​ធ្វើការ​បម្រើប្រជាជន​ និង​ប្រទេស​ជាតិ​ ។ ការ​មាន​រថយន្ត​សម​ល្មមប្រើ​ប្រាស់​ គឺជា​ការ​ចាំបាច់​សម្រាប់​ពួក​គេ​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ ការ​ចំណាយ​​ទៅ​លើ​ការ​ទិញ​រថយន្ត​ទាំង​នោះ​ត្រូវ​តែ​​ធ្វើ​ឱ្យ​​សម​ស្រប​ទៅ​នឹង​​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ ។ វា​ដូច​គ្នា​នេះ​ដែរ ​ចំពោះ​កម្ម​សិ​ទ្ធិ​ផ្ទាល់ខ្លួន​​របស់​មន្ត្រី​រដ្ឋ​ ។ ភាព​ហ៊ឺហារ​ មាន​រថយន្ត​ទំនើប​​ជា​ច្រើន​គ្រឿង​ នៅ​តាម​ផ្ទះ ​ក៏​នឹង​ធ្វើ​ឱ្យ​​មានការ​ចោទសួរ​អំពី​ភាព​​មានបាន​ហួសហេតុ​របស់​មន្ត្រី​ទាំងនោះ ខណ​:​​ដែល​ប្រាក់ខែ​រដ្ឋ​ មាន​កម្រិត​ទាប ​មិន​អាចឱ្យ​​ពួក​គេ​សន្សំ​លុយ​ ដើម្បី​ទិញ​រថយន្ត​ទំនើប​ផ្ទាល់ខ្លួន​​បាន​ ។

វា​នឹង​នាំ​ដល់​សំណួរថ្មី​មួយទៀត​ថា​ តើ​ពួក​គេ​បានលុយនោះ​ មកពីណា​ និង​តាម​មធ្យោបាយ​ណា? ដូច្នេះ​ ភាព​ហ៊ឺហារ​ហួសហេតុ​របស់​មន្ត្រី​រដ្ឋ​​នឹង​បង្កើត​ឱ្យ​​មានការ​ឈឺចាប់ ​នៅ​ក្នុង​សង្គម​ច្រើន​ជាង​ការ​សាទរ ​។ វា​ចាំបាច់​ណាស់​ ដែល​ស្ថានភាព​​រស់នៅ​របស់​មន្ត្រី​និង​ប្រជាជន​​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ​។ នៅ​ពេល​ដែល​ថវិការដ្ឋ​ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សន្សំ​សំចៃ​ កាន់តែ​មាន​ប្រ​សិ​ទ្ធ​ភាព វា​នឹង​​កាន់តែ​ផ្តល់​ផលប្រយោជន៍​ច្រើន ​ដល់​ប្រជាជន ​ដែល​នឹង​កាន់តែ​សប្បាយចិត្ត​ នៅ​ក្នុង​ការ​បង់​ព​ន្ឋ​ជូន​រដ្ឋ​ ៕