បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​៣​គ្រាប់​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​បាញ់​៣​គ្រាប់​បណ្តាល​ឲ្យ​រង​របួស​លើ​ជង្គង់​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​របួស​ឈ្មោះ សុខ ចិន អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដេប៉ូ​ឈើ ស្នាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ។ ចំណែក​ជន​បង្ក​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នក​របួស​បាន​មក​អង្គុយ​យក​ខ្យល់អាកាស​នៅ​ផ្លូវ​រថភ្លើង​ដោយ​មាន​គ្នា​៣​នាក់ ខណៈ​ពេល​កំពុង​តែ​អង្គុយ​លេង​ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ស្ថានភាព​ស្រវឹង លុះ​មក​ដល់​ចំណុច​ខាងលើ​ឃើញ​មាន​គំនរ​កូន​ឈើ​នៅ​រាយ​ប៉ាយ​រញ៉េរញ៉ៃ​ពេញ​តាម​ផ្លូវ ធ្វើ​ឲ្យ​គាត់​ខឹង បាន​ជេរ​គេ​ជេរ​ឯង​ដែល​អង្គុយ​លេង​នៅ​ផ្លូវ​រថភ្លើង ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ដែល​អង្គុយ​លេង​នៅ​តាម​ផ្លូវ​បាន​តមាត់​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ខាងលើ ដោយ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ខ្មាញ់​កាំភ្លើង​ខឹង បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​១​គ្រាប់​ចំ​លើ​ជង្គង់​ខាងឆ្វេង រង​របួស​ធ្ងន់ធ្ងរ​ដោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ។ ក្រោយ​ពី​បាញ់​ហើយ​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ធ្វើការ​ព្យាបាល ៕