Facebook បង្ហាញ​ផែនការ​​ នៅ​ពេល​​ Mark Zuckerberg ​ចេញ​ពី​តំណែង​

​​​ក្រុមហ៊ុន​ Facebook បាន​បង្ហាញ​ពី​ផែនការ​​យូរ​អង្វែង​មួយ​ ​ដែល​នឹង​អនុវត្តន៍​ក្រោយ​ពេល​​លោក​ Marl Zuckerberg លែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​ត​ទៅ​ទៀត។

 

Facebook បង្ហាញ​ផែនការ​​ នៅ​ពេល​​ Mark Zuckerberg ​ចេញ​ពី​តំណែង​

 

​​​ក្រុមហ៊ុន​នេះ​បាន​​ស្នើ​​​ដល់​អ្នកដែល​​ជា​ម្ចាស់​ភាគហ៊ុន​ទាំង​ឡាយ​ បោះ​ឆ្នោត​លើ​សំណើ​មួយ​ដែល​​អនុវត្តន៍​លើ​​សិទ្ធិ​កាន់​កាប់​ភាគហ៊ុន​របស់​លោក​ Mark។ សំណើ​ដែល​លើក​ឡើង​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​នោះ​បាន​ចុះ​លក្ខខណ្ឌ​ថា​ ប្រសិន​បើ​លោក​ Mark លា​ឈប់​ ឬ​ត្រូវ​បញ្ឈប់​ដោយ​មូលហេតុ​ណា​មួយ​ ហ៊ុន​ Class B របស់​លោក​នឹង​បម្លែង​ទៅ​ជា​ហ៊ុន​ Class​ A។

 

ការ​បម្លែង​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ទទួល​បាន​តែ​ មួយ​សំឡេង​ចំពោះ​ហ៊ុន​មួយ​ ជំនួស​ឲ្យ​រាល់​ដង​ដែល​ទទួល​បាន​ ១០​ សំឡេង​ចំពោះ​ហ៊ុន​មួយ។ ​​​​​​លក្ខខណ្ឌ​​នេះ​បង្កើត​ឡើង​ក៏​ដើម្បី​ ទប់​ស្កាត់​​កូន​ចៅ​របស់​ CEO រូប​នេះ​ ពី​ការ​កាន់​កាប់​​ក្រុមហ៊ុន​តាម​រយៈ​សិទ្ធិ​ជា​ម្ចាស់​ហ៊ុន​ ថ្នាក់​ B ផង​ដែរ។

 

បច្ចុប្បន្ន​នេះ​លោក​ Mark ​កាន់​កាប់​ហ៊ុន​ Class​ B ចំនួន​ ៤១៩​ លាន​ហ៊ុន​ និង​ Class​ A ចំនួន​ ៤​ លាន​ហ៊ុន ដែល​ធ្វើ​ឲ្យ​លោក​មាន​​សំឡេង​បោះ​ឆ្នោត​ស្មើ​​ ៥៣,៨​% នៃ​ហ៊ុន​សរុប។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​កាន់​កាប់​ហ៊ុន​ Class​ B របស់​សហ​ស្ថាបនិក​លោក​ Dustin Moskovitz ដែល​បង្កើន​ភាគ​រយ​សំឡេង​របស់​លោក​ដល់ ៦០%។

 

ក្រុមហ៊ុន​ Facebook ជឿជាក់​ថា​ ការ​ស្វែង​រក​​នាយក​ប្រតិបត្តិ​មក​ជំនួស​លោក​ Mark Zuckerberg អាច​​នឹង​ពិបាក​​ប្រសិន​បើ​លោក​​​នៅ​តែ​កាន់​កាប់​​ហ៊ុន​ Class B ក្រោយ​លា​ឈប់​ពី​តំណែង។

 

ហេតុផល​មួយ​ទៀត​នៃ​ការ​ប្រែ​ប្រួល​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ Mark នៅ​បន្ត​​កាន់​តំណែង​របស់​​ខ្លួន៕

 

ចុច​អាន៖ សង្ស័យ​ Facebook លួច​​ស្តាប់ អ្នក​ជំនាញ​ប្រាប់​វិធី​ការពារ

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​