អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​​បុរស​ម្នាក់​ ពីបទ​លួច​ទូរស័ព្ទ

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​​បុរស​ម្នាក់​ ពីបទ​លួច​ទូរស័ព្ទ



បន្ទាយមានជ័យ ​៖ ​យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦​ ​​របស់​ជនរងគ្រោះ​ឈ្មោះ រ៉េត ដា​រ៉ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បាន​ប្ដឹង​ទៅលើ​ឈ្មោះ សួន ប៊ូរ​: ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរអណ្ដូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ករណី​​​លួច​ទូរស័ព្ទ។

ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ហើយ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៤​នាក់ ​ដឹកនាំ​ដោយ​លោក​វរ:សេនីយ៍ ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សួន ប៊ូរៈ នៅវេលា​ម៉ោង​៩​និង​១០​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅ​ចំណុច​វត្ត​បា​លិ​លេ​យ្យ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​បាន​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ហើយ​នាំមក​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ទូរស័ព្ទដៃ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន។ លោក​​ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​បាន​ចម្លើយសារភាព​ និង​ភស្តុតាង​គ្រប់គ្រាន់​ហើយ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​ ក៏បានកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ចំណែក​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ៕