ឈ្លោះប្រកែក​ជាមួយ​សង្សារ ត្រូវ​សង្សារ​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​សន្លប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ត្រូវ​បុរស​ជា​សង្សារ​វាយ​មួយ​ដៃ​ធ្លាក់​ពីលើ​ម៉ូតូ​ដេក​សន្លប់​កណ្តាលផ្លូវ ចំណែកឯ​បុរស​ជា​សង្សារ​វិញ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ មិថុនា ២០១៦ នៅ​មុខ​ផ្ទះសំណាក់​ចិន្តា​អង្គរ ផ្លូវ​លេខ​១០១៩ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​វ័យក្មេង​ខាងលើ​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​ជា​សង្សារ​នឹង​គ្នា ដែល​ជិះ​ម៉ូតូ​ប្រភេទ​ម៉ូតូ​អូ​តូ​មិន​ចាំ​ម៉ាក បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​បុរស​ជា​អ្នក​បើក​ម៉ូតូ​បាន​វាយ​ស្ត្រី​ខាងលើ​មួយ​កែងដៃ​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​នឹង​ទ្រូងផ្លូវ បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹងកណ្តាលផ្លូវ ហើយ​បុរស​ខាងលើ​បាន​បើក​ម៉ូតូ​គេច​ទៅ​មុខ​បាត់​ស្រមោល​។

បើ​តាម​សម្ដី​ស្ត្រី​វ័យក្មេង​ខាងលើ ដែល​មិន​ប្រាប់​ឈ្មោះ​បាន​បង្ហើប​ទាំង​មានការ​លាក់​រលៀម​ថា រូប​គាត់ និង​បុរស​ខាងលើ ជា​អ្នក​ស្គាល់គ្នា​នៅ​មុន​កើតហេតុ គេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ដើរ​លេង ហើយ​បាន​ទាស់សម្ដី​គ្នា​នៅ​លើ​ម៉ូតូ ហើយ​គាត់​ក៏​មិន​នឹក​ស្មានថា បុរស​នោះ​ហា៑ន​វាយ​គាត់​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ឡើយ​។

ក្រោយ​កើតហេតុ​អ្នក​ឃើញ​ហេតុការណ៍​បាន​យក​ប្រេងកូឡា​មក​រឹត​ឱ្យ ទើប​នាង​ដឹងខ្លួន​វិញ​និង​បាន​ទំនាក់ទំនង​ហៅ​មិត្ត​ភ​ក្កិ​មក​ដឹក​យក​ទៅ​ផ្ទះ​វិញ​ហើយ ៕