តារា​ក្បាច់គុន​សុខ ដែន បើក​ក្លឹ​ប​បង្ហាត់​សម្តែង​ភាពយន្ត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ក្បាច់គុន​បុរាណ​ខ្មែរ​លោក​សុខ ដែន បាន​បង្កើត​ក្លឹ​ប​សិល្បៈ​មួយ​សម្រាប់​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយ ។

ក្លឹ​ប​សិល្បៈ​របស់​លោក​សុខ ដែន រៀបចំ​ពិធីសូត្រមន្ត​លើករាសី​កាលពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៦ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី​នៃ​រាជធានី​ភ្នំពេញ ។ ខណៈនោះ​មាន​សិស្ស និង​អ្នក​មានបទពិសោធន៍​ផ្នែក​សិល្បៈ​ជា​គ្រូ​ប្រចាំ​ក្លឹ​ប​ចូលរួម ។

ក្លឹ​ប​សិល្បៈ​របស់​លោក​សុខ ដែន ទន្ទឹម​នឹង​ទទួល​សិស្ស​ចូល​រៀន ក៏​ជ្រើសរើស​តួ​សម្តែង​ជា​បន្ទាន់​ដែរ ដើម្បី​ថត​ខ្សែភាពយន្ត ថត​ស្ប៉ត និង​ខារ៉ាអូខេ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​បើក​សម្ពោធ​ក្លឹ​ប​សិល្បៈ​របស់​ខ្លួន​នោះ លោក​សុខ ដែន ឲ្យ​ដឹង​ថា ក្លឹ​ប​សិល្បៈ​សុខ​ដែន បង្ហាត់​របៀប​សម្តែង​ឲ្យ​មាន​លក្ខណៈ​រស់​រវើក​បែប​ធម្មជាតិ មិន​ឆ្គង មិន​ទើសភ្នែក​ទស្សនិកជន​ពី គ្រូ​ៗ​ដែល​ជាតា​រា​រៀមច្បង​មានបទពិសោធន៍​ច្រើន ។

លោក​សុខ ដែន ស្គាល់​ផលិតកម្ម ធំ​ៗ​ក្នុងស្រុក​ដូច​ជា​ថោ​ន​, ហង្ស​មាស​, សាន់​ដេ ហើយ​ផលិតកម្ម​ទាំងនោះ​គាំទ្រ​រូប​លោក​ឱ្យ​បើក​ក្លឹ​ប​សិល្បៈ​បង្ហាត់​សិស្ស​ដើម្បី​មាន​ជំនាញ​សម្តែង​ចៀសវាង​ការ​យក​សម្តែង​តាម​ខ្សែរយៈ​បក្សពួក ។

ម្យ៉ាងទៀត​នៅ​តាម​ស្ថានីយទូរទស្សន៍​នានា​លោក​សុខ ដែន ស្គាល់​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ ដូច្នេះ​សិស្ស​រៀន​នៅ​ក្លឹ​បរប​ស់លោក​អាច​មានឱកាស​សម្តែង​តាម​រយៈ​ការ​ជួយ​សម្រួល​​របស់​លោក ។ «​ខ្ញុំ​តាំងចិត្ត​រួច​ហើយ​ថា​មិន​បោកប្រាស់ ឬ​លក់​ឈ្មោះ​ជាមួយ​តារា ថ្មី​ៗ​គេ​ចុះ​ឈ្មោះ​ហាត់រៀន​បង់ប្រាក់​ឲ្យ​ហើយ​មិន​គិត​ស្វែងរក​ទីផ្សារ​ឲ្យ​គេ​បាន​បំពេញ​ការងារ​ឡើយ ។ ពោល​គឺ​ខ្ញុំ​អាណិត​ស្រឡាញ់ ក្មេង​ៗ​រលក​ក្រោយ​និង​ចង់​ឲ្យ​មាន​អ្នកចេះ​សិល្បៈ​កាន់តែ សម្បូរ​ឡើង​ៗ​ជា​បន្ត​ទៀត ដើម្បី​ភាព​រីក​ចម្រើន​វិស័យ​ភាពយន្ត​សិល្បៈ​យើង​» ។

លោក​គ​ន្ឋ តារា​វណ្ណ ជាតា​រា​ជើង​ចាស់​ក្នុង​អាជីព​សម្តែង​៣០​ឆ្នាំ បាន​ថ្លែង​ថា កន្លង​មក​លោក​មិន​ធ្លាប់​ធ្វើ​ជា​គ្រូបង្ហាត់​សម្តែង​ឡើយ​ទោះជា​មាន​គេ​ណែនាំ​ក៏​ដោយ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​សម្រេចចិត្ត​ជួយ​បង្ហាត់បង្ហាញ​អ្នក​ជំនាន់​ក្រោយ ព្រោះ​ដល់​ពេល​ល្មម​ចែករំលែក​បទ​ពិសោធន៍​ហើយ ។ ម្យ៉ាង​វា​ជា​ការ​ជួយ​ដល់​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​យើង​ផង ។

លោក​គន្ធ តារា​វណ្ណ មើលឃើញ​លោក​សុខ ដែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​ទើប​លោក​ត្រូវ​តែ​ជួយ​ធ្វើ​ជា​គ្រូបង្ហាត់​ក្នុង​ក្លឹ​ប​ដើម្បី​ផ្តល់​កម្លាំងចិត្ត ៕