៥ វិធី​ថែទាំ​ស្បែក​តាម​ប្រភេទ​

Videos


ស្បែក គឺជាសរីរាង្គដ៏ធំជាងគេនៃរាងកាយ និងជាចំណុចប្រសព្វនៃសម្រស់សម្រាប់ស្ត្រី ។ ដើម្បីថែរក្សាស្បែកឱ្យស្រស់ស្អាតផូរផង់ស្ត្រីគួរឈ្វេងយល់ជាមុនសិនថា តើអ្នកមានប្រភេទស្បែកបែបណា ? ជាទូទៅស្បែកមាន ៥ ប្រភេទ គឺស្បែកខ្លាញ់ ស្បែកស្ងួត ស្បែកធម្មតា ស្បែកចម្រុះ និង ស្បែកងាយប្រតិកម្ម ។ ស្បែកងាយប្រតិកម្មអាចមានលក្ខណៈគួបផ្សំនឹងប្រភេទផ្សេងទៀត ដូចនេះអ្នកមានស្បែកប្រតិកម្មគួរប្រយ័ត្នទៅនឹងការប្រើប្រាស់ផលិតផលជាងប្រភេទឯទៀត ។

១. ស្បែកស្ងួត
– ស្បែកស្ងួតជាស្បែកដែលខ្វះសំណើម តឹង និង ស្រអាប់ ដោយសារវាខ្វះសារធាតុអ៊ីឡាស្ទីក និង ងាយប្រតិកម្មជាមួយពន្លឺថ្ងៃ ខ្យល់ និង សីតុណ្ហភាពត្រជាក់ខ្លាំង ។ ដូចនេះអ្នកមានស្បែកស្ងួតមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យរងការប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុយូរពេកនោះទេហើយ កុំភ្លេចប្រើគ្រីមផ្តល់សំណើមដល់ស្បែកជាប្រចាំ។
– វិធីថែរក្សាស្បែកស្ងួតមានដូចជា ប្រើសាប៊ូដែលមានគ្រឿងផ្សំផ្តល់សំណើម និង ប្រេងធម្មជាតិ ត្រាំទឹកដោយបន្ថែមទឹកឃ្មុំ ទឹកដោះគោ និង ប្រេងធម្មជាតិ និងលាងជម្រះគ្រឿងសម្អាងពីផ្ទៃមុខឱ្យបានស្អាត ។

២. ស្បែកខ្លាញ់
– ស្បែកខ្លាញ់ជាប្រភេទស្បែកដែលមានក្រពេញខ្លាញ់ធំ និងងាយបង្កើតខ្លាញ់រលើបរលោងលើផ្ទៃមុខ ។ ស្បែកប្រភេទនេះងាយនឹងឡើងមុនគ្រប់ប្រភេទតែម្តង ។
– វិធីថែរក្សាស្បែកខ្លាញ់មានដូចជា លាងមុខឱ្យបានញឹកញាប់យ៉ាងតិចណាស់ ២ ដង ក្នុង ១ ថ្ងៃ ដោយប្រើផលិតផលកម្ចាត់ខ្លាញ់ និង មានគ្រាប់ល្អិតគ្រើមៗ ។

៣. ស្បែកធម្មតា
– ស្បែកធម្មតា មានសភាពឡើងខ្លាញ់ត្រង់បរិវេណ T-zone និង ស្ងូតត្រង់បរិវេណ U-zone ហើយសភាពនៃស្បែកផ្លាស់ប្តូរទៅតាមអាកាសធាតុដូចជាស្ងួតនៅរដូវរងារ និង ឡើងខ្លាញ់បន្តិចនៅរដូវក្តៅ ។
– វិធីថែរក្សាស្បែកធម្មតាមានដូចជា ប្រើហ្វូមលាងមុខសម្រាប់ស្បែកធម្មតា ជូតមុខដោយប្រើថូន័រផ្តល់សំណើម និង លាបគ្រីមផ្តល់សំណើមឱ្យបានញឹកញាប់ត្រង់បរិវេណស្បែកស្ងួត ។

៤. ស្បែកចម្រុះ
– ស្បែកចម្រុះជាស្បែកដែលមាន ២ ប្រភេទ គឺបរិវេណខ្លះឡើងខ្លាញ់មានមុន បរិវេណខ្លះស្ងួតគ្មានខ្លាញ់ ដូចជាស្បែកស្ងួត ឡើងមុនតែលើថ្ពាល់ ឬ ស្បែកធម្មតាតែងមានមុនធំៗលើចង្កា និង រឹមបបូរមាត់ ។
– វិធីថែរក្សាស្បែកចម្រុះ ត្រូវយកចិត្តទុកដាក់តាមប្រភេទនៃបរិវេណស្បែក ហើយគួរពិគ្រោះជាមួយពេទ្យសើស្បែកទើបជាការល្អ ។

៥. ស្បែកប្រតិកម្ម
– ស្បែកប្រតិកម្ម មិនមែនជាស្បែកពីធម្មជាតិរបស់យើងទេ ផ្ទុយទៅវិញស្បែកប្រែជាប្រតិកម្មដោយសារតែការប្រើប្រាស់ផលិតផលខុស ឬប្រតិកម្មជាមួយអាកាសធាតុ និងបរិយាកាស ។ សភាពប្រតិកម្មមានដូចជា ឡើងកន្ទួលក្រហម រមាស់ រលាក មុនតូច និង មុនធំៗ ។
– វិធីព្យាបាលស្បែកប្រភេទនេះ មានភាពស្មុគស្មាញ និងទាមទារការព្យាយាមច្រើន ។ អ្នកមានស្បែកប្រតិកម្មគួរប្រើហ្វូម ថូន័រ គ្រឿងសម្អាង និង គ្រីមផ្តល់សំណើមដែលគ្មានក្លិន និងមានសារធាតុការពារប្រតិកម្ម (Hypoallergenic) ។ ប្រការសំខាន់ត្រូវជ្រើសរើសផលិតផលដែលស្រាល និងមានគ្រឿងផ្សំពីធម្មជាតិជាជាងសារធាតុគីមី ៕ លក្ខិណា