បើក​ឡាន​បុក​អ្នក​ជិះ​កង់​សន្លប់​ឈឹង, ​អ្នកបើកបរ​រត់ចោល​ឡាន​បាត់

បើក​ឡាន​បុក​អ្នក​ជិះ​កង់​សន្លប់​ឈឹង, ​អ្នកបើកបរ​រត់ចោល​ឡាន​បាត់



ភ្នំពេញ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រង​របួស​ធ្ងន់​ រហូត​សន្លប់​ឈឹង​មួយ​រំពេច​ បន្ទាប់ពី​គាត់​ជិះ​កង់​ឆ្លង​ផ្លូវ​ ហើយ​ត្រូវ​រថយន្ត​បើក​មក​បុក​បណ្ដាល​ឲ្យ​ដួល​កង់ ​ខ្ទាត​ជនរងគ្រោះ​បោក​នឹង​ថ្នល់​នោះ។ ចំពោះ​​អ្នក​បើកបរ​​ឃើញ​ស្ថានភាព​បែបនេះ​​​​ ក៏​បាន​ចុះ​ពីលើ​រថយន្ត​គេច​ខ្លួន​បាត់​ បន្សល់ទុក​រថយន្ត​នៅ​កណ្ដាល​ផ្លូវ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​ទម្រាំ​នគរបាល​ជំនាញ​ចុះ​មក​ដល់។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​មុខ​ភូមិ​ជម្ពូ​វ័​ន្ដ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ​ប្រាក់ គឹម ហ៊រ​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ ​ស្នាក់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ​និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ។ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ដ​ដឹកទំនិញ​ផលិត​នៅ​ប្រទេស​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ ព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 1192 អ្នកបើកបរ​រត់គេច​ខ្លួនបាត់។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនរងគ្រោះ​ជិះ​កង់​ម្នាក់ឯង​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ ពេល​ជិះ​ឆ្លង​បាន​បន្តិច ​ស្រាប់​តែ​ត្រូវ​រថយន្ត​បង្ក ​ដែល​បើកបរ​​​ពី​កើ​តទៅ​លិច​ ​​​​បុក​ជនរងគ្រោះ​ចំ​ពីមុខ​តែម្ដង ​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​សន្លប់​ឈឹង​មួយ​រំពេច​។ ពេលនោះ​អ្នក​បើកបរ​បាន​ចុះ​រត់​គេចខ្លួន​បាត់ស្រមោល​ ដោយ​ទុក​រថយន្ត​នៅ​កណ្ដាល​ថ្នល់​បង្ក​ឲ្យ​មាន​កកស្ទះ​ចរាចរណ៍​ រហូតដល់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មកដល់​ ទើប​យក​រថយន្ដ​ចេញ​ និង​បាន​សួររក​បងប្អូន​ជនរងគ្រោះ​ឲ្យ​មក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ។

ប្រភព​​​ដដែល​បន្ដ​ថា​ ពេលនោះ​រថយន្ត​ក៏​បើកបរ​យឺតៗ​ដែរ​ ប្រសិនបើ​បើកបរ​លឿន​វិញ​នោះ​គឺ​ត្រូវ​បុក ​រួច​កិន​ថែមទៀត​មិន​ខាន​តែ​ ដោយសារ​បើកបរ​យឺតៗ​ដែរ​នោះ​ទើប​ជាន់​ហ្វ្រាំង​ទាន់​គ្រាន់តែ​បុក​ខ្ទាត​ពីមុខ​ឡាន​ប៉ុណ្ណោះ។

ពេល​នោះដែរ​សមត្ថកិច្ច​បាន​យក​រថយន្ដ​ និង​កង់​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕
បើក​ឡាន​បុក​អ្នក​ជិះ​កង់​សន្លប់​ឈឹង, ​អ្នកបើកបរ​រត់ចោល​ឡាន​បាត់