សាលា​រាជធានី​ភ្នំពេញ​​​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ

សាលា​រាជធានី​ភ្នំពេញ​​​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ



ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​០៥ ខែ​មិថុនា​​​នេះ សាលា​រាជធានី​ភ្នំពេញ​​ បាន​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​«​ចូលរួម​ទាំងអស់គ្នា ដើម្បី​ពិភពលោក​ស្រស់ស្អាត​»។

នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​បំផុស​ចលនា​អប់រំ​ឲ្យ​មាន​ការចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព។

សេចក្តីជូនដំណឹង​ដដែល​នេះ​ក៏បាន​ឲ្យដឹង​ដែរ​ថា នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាត់តាំង​អនុវត្ត​ទិវា​បរិស្ថាន​ជាតិ​ផង​ដែរ ក្នុងនោះ ១-​គ្រប់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រៀបចំ​សកម្មភាព​ធ្វើ​អនាម័យ​សម្អាត​ទី​សាធារណៈ ដូចជា ទីផ្សារ សួនច្បារ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ឬ​តាម​ដងផ្លូវ​នានា​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ជាមួយនឹង​សកម្មភាព​នៃ​ការដាំ និង​ថែទាំ​ដើមឈើ​តាម​ទី​សាធារណៈ ដើម្បី​បង្កើន​គម្រប​បៃតង​ទីក្រុង​។ ២-​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ត្រូវ​រៀបចំ​កម្មវិធី​បង្កើន​ចំណេះដឹង ចំណេះ​ធ្វើ និង​ការចូលរួម​របស់​សិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុង​ការងារ​សង្គម និង​បរិស្ថាន ដូចជា​ការ​កែប្រែ​ទម្លាប់​ពី​ការ​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ មកជា​ការ​ទុកដាក់​សំរាម​ក្នុង​ធុង ដោយមាន​ការបែងចែក​ប្រភេទ​សំរាម និង​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ការដាំ​ដើមឈើ​នៅក្នុង និង​ក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា​ជាដើម​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នេះ​។ ៣-​គ្រប់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​សកម្មភាព​សម្អាត​អនាម័យ និង​ដាំ​ដើមឈើ​ខាងក្នុង និង​ជុំវិញ​បរិវេណ​ទីតាំង​របស់ខ្លួន នា​ថ្ងៃទី​០៥ ខែមិថុនា​នេះ​ឲ្យ​បាន​ព្រមៗ​គ្នា​។

ជាមួយនេះ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​មន្ត្រី​ចូលរួម​តាមដាន និង​យក​ព័ត៌មាន​រាល់​សកម្មភាព​ខាងលើ ដើម្បី​ធ្វើ​របាយការណ៍​វឌ្ឍនភាព ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបថត​មក​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​ផងដែរ៕