អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​១៤​នាក់​បន្ថែម​​ទៀត ​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​១៤​នាក់​បន្ថែម​​ទៀត ​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​​មិថុនា​ ឆ្នាំ​២០១៦​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១៤​នាក់​បន្ថែម​​ទៀត​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​ក្រោយពី​អាវុធហត្ថ​តាម​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​នៅ​ចុង ខែ​ឧសភា​ និង​ដើមខែ​មិថុនា ឆ្នាំ​២០១៦ រួចមក។

ការបង្ក្រាប​នេះ​ធ្វើឡើង​បន្ទាប់​មានការ​រាយការណ៍​ពី​បណ្ដាញ​ថា​ នៅក្នុង​បន្ទប់​ជួល​លេខ​៤ មានការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ ទើប​កម្លាំង​បាន​ចុះ​ប្រតិបត្តិការ ​និង​ឆែកឆេរ​ក្នុង​បន្ទប់​ខាងលើ ដែល​ស្ថិត​ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់។ មន្ត្រី​អាវុធហត្ថ​រាជធានី​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ថា​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​ចំនួន ០២​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន​០៧​គ្រឿង កាបូបដៃ​ចំនួន ០២ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ម៉ូតូ​០២​គ្រឿង ម៉ាក​ឌ្រី​ម C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ កណ្ដាល​1S.2371. មួយ​គ្រឿង​ទៀត ម៉ាកវីវ៉ា ១១០​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ តាកែវ​.1D.3676។

ជនសង្ស័យ ​ដែល​ឃាត់ខ្លួន​រួមមាន ​៖ ​ទី​១. ឈ្មោះ លីម បូ​ប៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទី​២. ឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ទី​៣. ឈ្មោះ ទូច ភក្តី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​បុត្រ​តាជី សង្កា​ត​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​ទី​៤. ឈ្មោះ ឆោម កន្និកា ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ និង​ទី​៥. ឈ្មោះ ខៀវ បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ខាង​លើ ​សមត្ថកិច្ច​​បាន​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​១៧​ នៅមុខ​រោងចក្រ​តុក្កតា ស្ថិត​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជន​សង្ស័យ​ទាំង​៥​នាក់​​ ​មាន​មុខរបរ ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន។ នៅ​យប់​ថ្ងៃ​ទី​២៩​ និង​៣០ ខែ​​ឧសភា​ អាវុធហត្ថ​ខណ្ឌ​មានជ័យ ​និង​ការិយាល័យ​ជំនាញ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​និង​ថ្នាំ​៣​កញ្ចប់ ហើយ​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់​ទៀត​ ពាក់ព័ន្ធ​គ្រឿងញៀន​ដកហូត​ថ្នាំ​២​កញ្ចប់​តូច។ នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​​មិថុនា​អាវុធហត្ថ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​៤​នាក់​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង។ សរុប​រយៈពេល​១​សប្ដាហ៍​នេះ​អាវុធហត្ថ​រាជធានី​បង្ក្រាប​ជនសង្ស័យ​បាន​១៤​នាក់​ និង​ថ្នាំ​៧​កញ្ចប់​ ជញ្ជីង​ថ្លឹង​១​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១៤​នាក់​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕