របៀប​ពិន័យ​ចំពោះ​អ្នក​ស្រវឹងស្រា​កាលពី​សម័យ​មុន

ស្រវឹងស្រា​មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​ខ្លួន​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​គ្រូ​សារ និង​សង្គម​ទៀត ។ ព្រោះតែ​ហេតុនេះ​ហើយ ទើប​ប្រទេស​មួយ​ចំនួន​កាលសម័យ​មុន​មានការ​កំណត់​របៀប​វិន័យ​ចំពោះ​មនុស្ស​ប្រមឹក ដើម្បី​ជួយ​ឲ្យ​គេ​ដកខ្លួន​ឆ្ងាយ​ពី​ស្រា ។

ពាក់​ធុង​ឈើ​ដើរ​តាម​ផ្លូវ
នៅ​ប្រទេស​ឥណ្ឌា​ក៏​ដូច​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​មាន​របៀប​ពិន័យ​ចម្លែក​ម្យ៉ាង​សម្រាប់​អនុវត្ត​ចំពោះ​អ្នក​ស្រវឹង​តាម​ទី​សាធារណៈ គឺ​យក​ធុង​ឈើ​មក​ចោះ​ប្រហោង​ឲ្យ​អាច​ត្បុរ​ក្បាល​ចូល​បាន និង​ចោះ​រន្ធ​សងខាង​ពីរ​ទៀត សម្រាប់​ស៊ក​ដៃ​ចេញ​ក្រៅ ហើយ​បង្ខំ​ឲ្យ​ដើរ​តាម​ផ្លូវ ។ របៀប​នេះ​គេ​ហៅ​ថា Drunkard’s cloak​។ អ្នក​ត្រូវ​ពិន័យ​របៀប​នេះ ថ្វីបើ​រាង​កាយ​មិន​ឈឺចាប់​ខ្លាំងក្លា តែ​ខ្មាស​គេ​ណាស់​លោក​អើយ ព្រោះ​ទៅ​ដល់​ណា​ត្រូវ​គេ​មើល​មុខ និង​សើចចំអក​ដល់​នោះ ។

រត់​៨​ម៉ោង​ក្នុង​១​ថ្ងៃ
នៅ​ប្រទេស​អង់គ្លេស កាលពី​សតវត្ស​ទី​១៩ អ្នកទោស​រូប​ណា​ស្រវឹងស្រា​ធ្វើការ​មិនកើត ត្រូវ​ពិន័យ​ឲ្យ​រត់​៨​ម៉ោង​ក្នុង​១​ថ្ងៃ ដោយ​អាច​សម្រាក​កណ្តាល​ទី​បាន​មួយ​រយៈ​ខ្លី ។ អ្នកទោស​ដែល​ត្រូវ​ពិន័យ​របៀប​នេះ ជួប​ម្តង​រាងចាល​អស់​មួយ​អាយុ ព្រោះ​ហត់​ដល់​ថ្នាក់​ចេញ​ខ្យល់​តាម​ត្រចៀក ។

ជះ​ទឹក​តាម​ដៃ​អាវ
នេះ​ជា​របៀប​ពិន័យ​ដែល​មាន​តាំងពី​ស្តេច​ហង់​រី​ទី​៨ គ្រប់គ្រង​ប្រទេស​អង់គ្លេស គឺ​ពិន័យ​ចំពោះ​ទាហាន​ដែល​យាម​ងោក និង​ទាហាន​ស្រវឹងស្រា ។ អ្នកយាម​រូប​ណា ពេល​យាម​ងោក​បើ​ងោក​ម្តង​ត្រូវ​វាយ​៣​រំពាត់ បើក​ងោក​ដល់​លើក​ទី​៤ នឹង​ត្រូវ​ចងដៃ​ចងជើង ហើយ​យក​ស្បោង​ក្រណាត់​គ្រប​ពីលើ​ក្បាល​ដល់​ចុងជើង រួច​បង្ខំ​ឲ្យ​ឈរ​ឆ្កឹង​មួយ​កន្លែង ។ បន្ទាប់​មក​គេ​ប្រគល់​កាំបិត​ចុង​ស្រួច​មួយ និង​ស្បៀង​បន្តិចបន្តួច ។ ពេល​នោះ​អ្នក​ប្រព្រឹត្ត​កំហុស​មានការ​ជ្រើសរើស​២​យ៉ាង ឬ​មួយ​ទ្រាំ​ឃ្លាន​ដល់​ស្លាប់ ឬ​មួយ​ប្រើ​កាំបិត​ចុង​ស្រួច​វះ​ស្បោង​រំដោះខ្លួន​ចេញ​ក្រៅ ហើយ​និរទេស​ខ្លួន​ទៅ​ឆ្ងាយ​លែង​មក​ក្បែរ​ទីក្រុង​ទៀត ។

ក្រៅពី​ការ​ពិន័យ​តាម​របៀប​ខាងលើ ទាហាន​ពេល​ខ្លះ​ត្រូវ​ទទួល​ការ​ពិន័យ​តាម​របៀប​ផ្សេង ក្នុង​នោះ​មាន Grampussing (​ជះ​ទឹក​តាម​ដៃ​អាវ​) ផង ។

ឯក​សារបាន​កត់ត្រា​ច្បាស់​ថា ការ​ពិន័យ​របៀប​នេះ​គួរ​ឲ្យ​ខ្លាច​ណាស់ ។ ស្តេច​ហង់​រី​ទី​៨ បាន​ចេញ​បញ្ជា​ឲ្យ​អនុវត្ត​ក្នុង​ជួរ​កងទ័ព អ្នក​ណា​មាន​កំហុស ដដែល​ៗ​ច្រើន​ដង នឹង​ត្រូវ​ចងដៃ​ចង​ជើ​ព្យួរ​ឡើង​លើ ហើយ​ជះ​ទឹក​ចូលខ្លួន​តាម​ដៃ​អាវ ។ ពេល​នោះ​អ្នកមាន​កំហុស តែង​ស្រែកថ្ងូរ និង​ដង្ហក់​ខ្លាំង​ព្រោះ​ត្រូវ​ជះ​ទឹក ។ សំឡេង​ស្រែក​ឮ​ដូច​សំឡេង​ត្រី​ឡូ​ម៉ា​មួយ​ប្រភេទ ដូច្នេះ​ហើយ​ទើប​គេ​ដាក់​ឈ្មោះ​ថា Grampussing ។ ពិន័យ​តាម​របៀប​នេះ​គេ​ក៏​អនុវត្ត​ចំពោះ​អ្នក​ស្រវឹងស្រា​ដើរ​ទ្រេតទ្រោត​ពេញ​ផ្លូវ​ផង​ដែរ ។

វិនិច្ឆ័យ​អ្នក​ស្រវឹង​តាម​ការ​សាកល្បង
ចៅក្រម​តុលាការ​វិនិច្ឆ័យ​ទោស​តាម​បំណង​ព្រះ​ដោយ​ការ​សាក​ស្បង​ចំពោះ​អ្នកមាន​កំហុស​។ បើ​ជន​មាន​កំហុស​អាច​ជម្នះ​ការ​សាកល្បង​បាន​សម្រេច គឺ​មាន​ន័យ​ថា​ព្រះ​ជា​ម្ចាស់​អត់​ទោស​ឲ្យ​រូបគេ​ហើយ ។ ការ​សាកល្បង​មួយ​ចំណោម​ការ​សាកល្បង​ដែល​ចៅក្រម​ដាក់​ចេញ គឺ​អ្នក​ស្រវឹង​ត្រូវ​លូកដៃ​ចូល​ទឹក​ក្តៅ​យក​ថ្ម​មួយ​ដុំ​ចេញ​មក បើ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដៃ​គេ​នៅ​មាន​ស្នាម​រលាក​ទឹក​ក្តៅ​ដដែល បាន​សេចក្តី​ថា​រូបគេ​ត្រូវ​មានទោស ចៅក្រម​កាត់ទោស​យ៉ាងណា​ក៏​បាន ។

ពិន័យ​ឱ្យ​ឈរ
Picket ជា​រូបភាព​ពិន័យ​ម្យ៉ាង​ដែល​អនុវត្ត​តាំងពី​យូរ​មក​ហើយ​នៅ​អឺរ៉ុប ពិសេស​ក្នុង​ជួរ​កងទ័ព និង​អ្នក​ស្រវឹង​ដែរ​ដើរ​ទ្រេត​ទ្រោម​តាម​ផ្លូវ ។ បង្គោល​ខ្លី​មួយ​ត្រូវ​បាន​បោះ​ភ្ជាប់​ចុះ​ដី ដោយ​ចុង​បង្គោល​សម្រួច​ឲ្យ​ស្រួច​ល្មម ។ អ្នកមាន​កំហុស​ត្រូវ​ឡើងឈរ​លើ​ចុង​បង្គោល​នោះ ហើយ​ត្រូវ​ចងដៃ​ម្ខាង​លើក​ឡើង​ខ្ពស់ ។ ពេល​ជើង​ឈឺ​ពេក​ទ្រាំ​មិន​បាន គេ​នឹង​លើកជើង​ឡើង​ដោយ​ឯកឯង ដូច្នេះ​ដៃ​របស់​គេ​ត្រូវ​រ៉ាប់រង​ទម្ងន់​ដងខ្លួន​ទាំងមូល​។ អ្នក​ត្រូវ​ពិន័យ​របៀប​នេះ តែ​ឈឺចាប់​សព្វ​សពា៌​កាយ​ដេក​ថ្ងូរ​សឹង​កន្លះ​ខែ​ក៏​មាន ។

ចងក​ដៃ​កជើង​ទុក​ម្តុំ
ឆ្នាំ​១៩២០ ដើម្បី​ព្រមាន​ចំពោះ​អ្នក​ស្រវឹងស្រា​ផ្លូវ​មួយ​ដើរ​តែឯង ប៉ូលិស​អង់គ្លេស​នឹកឃើញ​របៀប​ពិន័យ​ម្យ៉ាង​ហៅ​ថា Field Punishement Number One ។ គេ​ចាប់​អ្នក​ស្រវឹង​នោះ​ចងដៃ​ចងជើង​ភ្ជាប់​ចូល​កន្លែង​ណាមួយ ហើយពីរ​បី​ម៉ោង​ទើប​ទៅ​អើត​មើល​ម្តង ៕