ជន​ឆ្លៀត​ឱកាស​​លក់​សំបុត្រ​បន្ត​​តម្លៃ​​រហូត​ដល់​​៣​ម៉ឺន​រៀល​សម្រាប់​ VIP

ឆ្លៀត​ឱកាស​អ្នក​គាំទ្រ​កំពុង​សម្រុក​ចង់​បាន​សំបុត្រ​​​ភ្លូក​ទឹក​ភ្លូក​ដី​ ជន​ឱកាស​និយម​មួយ​ចំនួន​ដែល​បាន​ទិញ​សំបុត្រ​ទុក​ ហើយ​លក់​សំបុត្រ​បន្ត​ឲ្យ​ទៅ​អ្នក​ផ្សេង​បាន​ដំឡើង​តម្លៃ​រហូត​ដល់​៣​​ម៉ឺន​រៀល​សម្រាប់​សំបុត្រ​ VIP​ ខណៈ​តម្លៃ​ធម្មតា​ ប្រភេទ​ A តម្លៃ​១​ម៉ឺន​រៀល​ និង​ ប្រភេទ​ B តម្លៃ​៥​ពាន់​រៀល។​

 

ជន​ឆ្លៀត​ឱកាស​​លក់​សំបុត្រ​បន្ត​​តម្លៃ​​រហូត​ដល់​​៣​ម៉ឺន​រៀល​សម្រាប់​ VIPសកម្មភាព​អ្នក​ទិញ​សំបុត្រ​កន្លង​មក

 

កាល​ពី​ព្រឹក​មិញ​នេះ​ អ្នក​គាំទ្រ​ម្នាក់​បាន​ប្រាប់​ Sabay ថា រូប​គេ​ទិញ​សំបុត្រ​​កម្រិត​ VIP បាន​២​សន្លឹក​ ប៉ុន្តែ​មួយ​សន្លឹក​តម្លៃ​រហូត​ដល់​៣​ម៉ឺន​រៀល។ អ្នក​គាំទ្រ​រូប​នេះ​បាន​និយាយ​ថា ពេល​រូប​គេ​ទៅ​​ដល់​កន្លែង​លក់​សំបុត្រ​មុខ​ពហុកីឡដ្ឋាន​ជាតិ​​​ម៉ោង​៩​​ព្រឹក​មិញ ក៏​ស្រាប់​តែ​លឺ​បុរស​ម្នាក់​និយាយ​រឿង​សំបុត្រ​ប្រភេទ​ A ហើយ​រូប​គេ​ក៏​ដើរ​ទៅ​សួរ​ទើប​ដឹង​ថា​ បុរស​នោះ​មាន​សំបុត្រ​ប្រភេទ​ A លក់​បន្ត​ ប៉ុន្តែ​តម្លៃ​៣​ម៉ឺន​រៀល។

 

«​នៅ​មុខ​ហាង​ភិហ្សា​ ជិត​ផ្សារ​ស៊ីធីមល់​ហ្នឹង​ គាត់​ខល​ទៅ​ទូរសព្ទ​ទៅ​នរណា​ម្នាក់​ ក៏​មាន​គេ​យក​សំបុត្រ​មក​ឲ្យ​គាត់​​ប្រភេទ​ A ប្រហែល​ជា ​១០​ទៅ​២០​សន្លឹក​ ខ្ញុំ​ក៏​ទិញ​យក​២​សន្លឹក»។ អ្នក​គាំទ្រ​និយាយ​ប្រាប់​ Sabay និង​បាន​បញ្ជាក់​ថា​ រូប​គេ​មិន​ដឹង​ថា បុរស​នោះ​ជា​នរណា​ទេ​​ដោយ​ឈរ​នៅ​ម្តុំ​អ្នក​ទិញ​សំបុត្រ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បុរស​នោះ​ក៏​មាន​សំបុត្រ​ភេទ​ B ដោយ​តម្លៃ​ឡើង​ដល់​១​ម៉ឺន​រៀល។

 

ពាក់​​ព័ន្ធ​នឹង​ករណី​នេះ​ លោក សុខា រ៉ានាថ ដែល​ទទួល​បន្ទុក​ផ្នែក​ទី​ផ្សារ​នៅ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ និង​អ្នក​ទទួល​បន្ទុក​ផ្នែក​លក់​សំបុត្រ​បាន​បញ្ជាក់​ថា​ តាម​ពិត​សំបុត្រ​ប្រភេទ​ A លក់​អស់​តាំង​ពី​ម្សិល​មិញ។ ចំពោះ​ជន​ណា​ម្នាក់​ទិញ​សំបុត្រ​យក​ទៅ​លក់​បន្ត​ដោយ​​តម្លើង​តម្លៃ​យ៉ាង​ណា​នោះ​​គឺ​ជា​រឿង​របស់​គេ​ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សហព័ន្ធ​ឡើយ។ បើ​នរណា​ម្នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​សហព័ន្ធ​ បាន​ប្រព្រឹត្ត​បែប​នេះ​​មែន​​នេះ​​ ហើយ​សហព័ន្ធ​ចាប់​បាន​ភស្តុតាង​ពិត​ប្រាកដ​នោះ​​ សហព័ន្ធ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់។

 

សំបុត្រ​ត្រូវ​បាន​ចាប់​លក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដែល​ជា​ថ្ងៃ​ដំបូង​ដោយ​លក់​អស់​រហូត​ដល់​៣​ម៉ឺន​សន្លឹក។ តាម​ចំនួន​ផ្លូវ​ការ​សំបុត្រ​មាន​ចំនួន​៥​ម៉ឺន​សន្លឹក​សម្រាប់​លក់​ចូល​ទស្សនា​ការ​ប្រកួត​ជើង​ទី​ពីរ​នៃ​ពាន​រង្វាន់​ AFC ​Asian Cup 2019 នា​ថ្ងៃ​ទី​៧ មិថុនា នៅ​ពហុកីឡដ្ឋាន​ជាតិ​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​ឆាយនីសតៃប៉ិ៕​
​​

ជន​ឆ្លៀត​ឱកាស​​លក់​សំបុត្រ​បន្ត​​តម្លៃ​​រហូត​ដល់​​៣​ម៉ឺន​រៀល​សម្រាប់​ VIP

 

 

អត្ថបទ៖ ជាន ចាន់រ៉ា