លើ​លោក​មាន​តែមួយ​! Leonid Rogozov ជា​វេជ្ជបណ្ឌិត​ទីមួយ​ដែល​ឈឺ​ខ្លួនឯង​វះកាត់​ខ្លួនឯង​

​    ​នៅ​ព្រឹក​មួយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ១៩៦១ លោក Leonid Rogozov អាយុ ២៧ ឆ្នាំ​សុខៗ​ស្រាប់តែ​ចុះខ្សោយ ក្អួត និង​គ្រុនក្តៅ និង​ក្រោយមក​ឈឺ​នៅក្រោម​ពោះ​ខាងស្តាំ ខណៈ​កំពុង​ស្ថិតក្នុង​ដំណើរ​ស្រាវជ្រាវ​នៅ​តំបន់​អង់តាកទិក​ដែល​គេ​ហៅថា Soviet Antarctic Expedition​។ គ្រានោះ​គាត់​គឺជា​ពេទ្យវះកាត់​តែ​ម្នាក់​គត់​នៅលើ​នាវា​របស់គាត់ ហើយ​រាល់​វិធី​ព្យាបាល​ទាំងអស់​មិនអាច​ជួយ​ព្យាបាល​ជំងឺ​របស់គាត់​បានឡើយ​។ 

​    ​លោក​បាន​ពិនិត្យ​ដោយ​ខ្លួនឯង និង​រកឃើញថា​ខ្នែងពោះវៀន​របស់គាត់​រលា​ក​ខ្លាំង និង​អាច​ផ្ទុះឡើង​គ្រប់ពេលវេលា​។ ជាមួយនឹង​ថ្នាំ​សណ្តំ​មួយ​កូន​ដប គាត់​ក៏​សម្រេចចិត្ត​វះកាត់​យក​ខ្នែងពោះវៀន​រលាក​នោះ​ចេញ​ដោយ​ខ្លួនឯង​។ វិស្វករ និង អ្នក​ឧតុនិយម​ម្នាក់​បាន​ជួយ​ហុច​ប្រដាប់ប្រដា​ក្នុង​វះកាត់​នេះ​។ 

​    ​គ្រានោះ​គាត់​បាន​កំពុង​ស្ថិតនៅ​ស្ថានីយ៍​ស្រាវជ្រាវ​របស់​សូ​វៀត Mirny ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​លើដី​គោក Novolazarevskaya ប្រមាណ ១៦០០ គីឡូម៉ែត្រ​។ ស្ថានីយ៍​នេះ​ពុំមាន​យន្តហោះ​សម្រាប់​ដឹកជញ្ជូន​នោះឡើយ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​តំបន់​អង់តាកទិក​មិន​អំណោយផល​សម្រាប់​យន្តហោះ​ធ្វើដំណើរ​។ ហេតុដូច្នេះ​ហើយ​ទើប​គាត់​សម្រេចចិត្ត​វះកាត់​ដោយ​ខ្លួនឯង ពុំ​នោះទេ​ទម្រាំ​ទៅដល់​ទីក្រុង​កៀក​បំផុត​នោះ គាត់​ច្បាស់​ជា​ស្លាប់​។ 

​    ​លោក​វេជ្ជបណ្ឌិត Leonid Rogozov កើត​នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៣៤ និង​ស្លាប់​នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០០ នៅ​អាយុ ៦៦ ឆ្នាំ​៕