មាន​ករណី​លួច​រថយន្ត​ជាថ្មី​ ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ ខណៈ​បាន​ស្ងាត់​មួយ​រយៈ​ធំ

មាន​ករណី​លួច​រថយន្ត​ជាថ្មី​ ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ ខណៈ​បាន​ស្ងាត់​មួយ​រយៈ​ធំ



កំពង់ស្ពឺ​ ៖ ​ករណី​លួច​រថយន្ត​នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​ស្ងប់ស្ងាត់​​​​មួយ​រយៈពេល​ធំ​ បន្ទាប់ពី​សមត្ថកិច្ច​បាន​វែកមុខ​​​ក្រុម​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ កាលពី​ពេល​​កន្លង​ទៅ។ លុះ​ថ្មីៗ​នេះ ​ស្រាប់​តែ​មាន​ករណី​លួច​រថយន្ត​ជាថ្មី​រហូត​០២​ករណី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយ​​បារម្ភ​អំពី​សុវត្ថិភាព​នៃ​ការ​ទុកដាក់​យានជំនិះ​របស់​គាត់។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ ថ្ងៃ​ទី​០៣ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​វាល​វង្ស ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ករណី​លួច​រថយន្ត១គ្រឿង​ ​ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ ​ខណៈ​ម្ចាស់​ចត​ទុក​នៅ​ក្នុង​រោង​ជាប់​ផ្ទះ។ រថយន្ត​០១​គ្រឿង​នោះ ​ម៉ាក​ហ៊ីយ៉ាន់ដាយ ១,៥​តោន ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2K.0020។

យោងតាម​ម្ចាស់​រថយន្ត​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ នៅ​យប់​កើតហេតុ​ គាត់​បាន​យក​រថយន្ត​​​មក​ចត​ទុក​រោង​ជាប់​ផ្ទះ ស្រាប់តែ​ភ្ញាក់ឡើង​គាត់​បាន​ទៅ​មើល​កន្លែង​ទុក​រថយន្ត​ក៏​មិនឃើញ ទើប​ស្រែក​ឆោឡោ​ឲ្យ​អ្នកជិតខាង​ជួយ​ស្វែងរក និង​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ផងដែរ។ ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ចោរ​បាន​លួច ​ដោយ​ស្ងាត់​ជ្រាប​ ហើយ​ទំនង​ចោរ​បាន​រុញ​រថយន្ត​ចេញ​ឆ្ងាយ​ពី​កន្លែង​ទើប​គេ​បញ្ឆេះ​បើក​ចេញ បានជា​ពួកគាត់​មិនបាន​ឮ​សំឡេង​អ្វី​សោះ។ កន្លងមក​​​ក៏​មាន​ករណី​រថយន្ត​មួយ​ករណី​ផង​ដែរ​ ក្នុង​ខេត្ត​កំពង់ស្ពឺ ​គឺ​នៅ​ផ្សា​បាត់ដឹង ស្រុក​ឧដុង្គ។ ចំពោះ​លើក​នេះ​ជា​ករណី​ទី​២​សម្រាប់ ចុងខែ​មេសា និង​ដើមខែ​មិថុនា ឆ្នាំ​២០១៦​នេះ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​បារម្ភ​ជាថ្មី​ចំពោះ​ការ​កើតមាន​អំពើ​លួច​រថយន្ត​​​ ដែល​បាន​កើតមាន​ដូច​ករណី​ខាងលើ។

ហេតុការណ៍​ខាង​លើ​កើត​ឡើង ​បន្ទាប់​ករណី​លួច​រថយន្ត​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ដោយសារតែ​ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន និង​ខ្លះ​ទៀត​កំពុង​តាម​ចាប់ខ្លួន។ ករណី​នេះ​ អាជ្ញាធរ ​បាន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​​ ​មេត្តា​ទុកដាក់​យានជំនិះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ជាពិសេស​ការ​ទុក​ពេលយប់ និង​មួយ​ផ្នែក​ត្រូវ​រក​កន្លែង​ដែល​មាន​ប្រវត្តិភាព​ចាក់សោ​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ។ សូម​បញ្ជាក់​ថា ការ​លួច​រថយន្ត​ចុងក្រោយ​ទាំង​២​គ្រឿង​នេះ​ សុទ្ធតែ​ជា​ប្រភេទ​រថយន្ត​សម្រាប់​ដឹក​ទំនិញ ​មិន​មាន​លួច​រថយន្ត​ប្រភេទ​ទេសចរណ៍​នោះ​ឡើយ៕