កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​១១​របស់ ASIA Pacific Association

កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​១១​របស់ ASIA Pacific Association



ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បើក​កិច្ចប្រជុំ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​១១​របស់​សមាគម​ជីវ​សុវត្ថិភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​( ASIA Pacific Biosafety Association) ក្រោម​ប្រធានបទ​«Strengthen in Unity: Partnership in Biosafety & Biosecurity »​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​២២ មកពី​តំបន់​លើ​សកលលោក។

កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​គ្នា​លើ​ការ​ពង្រឹង​ផ្នែក​ Biosafety និង Biosecurity សម្រាប់​មន្ទីរ​ពិសោធន៍​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ព្រមទាំង​ស្វែងរក​យន្តការ​សហការ​គ្នា​រវាង​ប្រទេស ​និង​ប្រទេស​នៅ​ក្នុង​តំបន់ ដោយ​រួមបញ្ចូល​ទាំង​ការ​កៀរគរ​ធនធាន​សម្រាប់​ប្រតិបត្តិការ​លើ​ផ្នែក​នេះ​ផងដែរ។

ថ្លែង​ក្នុង​កិច្ច​បើក​អង្គប្រជុំ​នេះ​ កាលពី​ថ្ងៃ​ទី​០២​ ខែ​មិថុនា ​លោក​រដ្ឋលេខាធិការ បាន​ធ្វើ​ការណែនាំ​ដល់ មន្ត្រី​ ដែល​បម្រើការ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្បាស់​លើ​កិច្ចការ Biosafety និង​Biosecurity នេះ ដើម្បី​ពង្រឹង​គុណភាព​មន្ទីរ​ពិសោធន៍​ផង និង​ការពារ​ការ​ចម្លង​រោគ ព្រមទាំង​ការបាត់បង់​នូវ​សម្ភារៈ​បរិក្ខារ​មន្ទីរ​ពិសោធន៍ ក៏ដូចជា​ប្រយុទ្ធ​ប្រឆាំង​នឹង bioteorism ដែល​​​កន្លងមក​ធ្លាប់​កើតមាន​ដោយ​ការ​យក​មេរោគ​ទៅ​ចម្លង​ដល់​មនុស្ស​ជាដើម។

លោក​សាស្ត្រាចារ្យ ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ជីវ​សុវត្ថិភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បានជ្រើសរើស​ប្រទេស​កម្ពុជា​ជាទី​កន្លែង​ប្រជុំ​អន្តរជាតិ​នេះ និង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា​និង​បច្ចេកទេស​លើ​ការ​ពង្រឹង​ផ្នែក​ជីវ​សុវត្ថិភាព​នៅតាម​មន្ទីរ​ពិសោធន៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ៕

កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​១១​របស់ ASIA Pacific Association