ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​​ ​ចំនួន​៤១០​គ្រួសារ​ នៅ​ទូទាំង​ស្រុក​ពញាក្រែក​ ទទួល​បាន​អំណោយ

ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​​ ​ចំនួន​៤១០​គ្រួសារ​ នៅ​ទូទាំង​ស្រុក​ពញាក្រែក​ ទទួល​បាន​អំណោយ



ត្បូងឃ្មុំ ​៖ ​លោក​បណ្ឌិត ម៉ូ​ស​តា​ហ្វា​អះ​ម៉ាត់ មឺ​រី​ខេន (Mustapha Ahmadmerican ) ជាទី​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ប្រទេស​ម៉ាឡេស៊ី ជាទី​ប្រឹក្សា​ក្រសួងការបរទេស​ម៉ាឡេស៊ី​ ​និង​​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋ​ប៉ូ​ត្រា​ចា​យ៉ា Putrajaya ​ បាន​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរសជន​ប្រទេស​ម៉ាឡេស៊ី​ទៅ​ចែក​ជូន ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​​​ជួប​ការ​លំបាក​ចំនួន ៤១០​គ្រួសារ​ ជា​សម្ភារៈ​អាហារ​ចូល​បួស​ក្នុង​ខែ​បុណ្យ​រ៉ា​ម៉ា​ឌន ដែល​ឈាន​ចូល​មកដល់​នា​ពេល​ខាង​មុខ ​នៅ​ទូទាំង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

លោក​បណ្ឌិត ម៉ូ​ស​តា​ហ្វា​អះ​ម៉ាត់ មឺ​រី​ខេន​បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​​ ​ដែល​ជួប​ការ​លំបាក​ទាំងអស់ សូម​ចូល​រួម​ចំណែក​នូវ​ទុក្ខលំបាក​នេះ​ព្រមទាំង​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​និង​សួរសុខទុក្ខ ពី​សំណាក់​សប្បុរសជន​ប្រទេស​ម៉ាឡេស៊ី ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​​​​ ​ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា។

លោក​បណ្ឌិត ម៉ូ​ស​តា​ហ្វា​អះ​ម៉ាត់ មឺ​រី​ខេន បាន​បញ្ជាក់ថា​៖ កន្លងមក​សប្បុរសជន​ប្រទេស​ម៉ាឡេស៊ី​តែងតែ​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ឬ​អាច​និយាយ​ថា ទីកន្លែង​ណា​ដែលមាន​ការ​លំបាក​មាន​គ្រោះមហន្តរាយ​ផ្សេងៗ ប្រជាពលរដ្ឋ​មាន​ជីវភាព​ទីទ័ល​ក្រលំបាក តែងតែ​មានមុខ​សប្បុរសជន​ជា​និច្ច ដើម្បី​ផ្ដល់ជូន​ទៅតាម​លទ្ធភាព​ដោយ​ពុំមាន​ការរើសអើង​ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ឡើយ។

សូម​បញ្ជាក់​ថា ៖ ចំពោះ​ការ​ផ្ដល់​ជូន​អំណោយ​របស់ ​សប្បុរសជន​ប្រទេស​ម៉ាឡេស៊ី​នាពេលនេះ​ដែរ​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ខែ​បុណ្យ​រ៉ា​ម៉ា​ឌន ដែល​ឈាន​ចូល​មកដល់​នា​ពេលខាងមុខ​​ហើយ​បើទោះបីជា​អំណោយ​ ដែល​បានផ្ដល់​ជូន​ជានា​ពេលនេះ គឺ​ពុំបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​ជីវភាព​បានយូរ​អង្វែង​ ប៉ុន្តែ​ក៏បាន​ជួយ​សម្រាល​ទុក្ខលំបាក ខ្វះខាត​បាន​មួយគ្រា​ផងដែរ។ សូម​​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​អំណោយ​ទាំង​៤១០​គ្រួសារ​នាពេលនេះ ខិតខំ​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត តាមរយៈ​ការ​បង្កបង្កើនផល និង​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​ជីវភាព​អ្នក​ទាំងអស់គ្នា ​​បាន​ប្រសើរ​ឡើង។ ចប់​ប្រសាសន៍ សំណេះសំណាល គណៈអធិបតី បាន​ចែក​អំណោយ​សប្បុរស​ប្រទេស​ម៉ាឡេស៊ី​ដែល​នាំទៅ​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​មាន​ជីវភាព​​ខ្វះខាត ចំនួន​៤១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួល បានៈ អង្ករ​២០​គីឡូក្រាម ទឹកដោះគោ ២​កំប៉ុង ប្រេងឆា ១​ដប និង​ស្ករស ១​គីឡូក្រាម​៕