ប៉ូលិស​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ចោរឆក់​​​​​បាន​៣​នាក់​

ប៉ូលិស​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ចោរឆក់​​​​​បាន​៣​នាក់​



ភ្នំពេញ ​៖​ ក្រុម​ចោរ​ឆក់​​៣​នាក់ ​ក្នុង​នោះ​ស្រី​ម្នាក់​​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​និង​កម្លាំង​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ ​ខណៈ​ពេល​ពួកគេ​ទាំង​០៣​នាក់​ជិះ​ម៉ូតូ​តាម​ឆក់​ផ្ដាច់​យក​ខ្សែ​ក ​ពី​ជនរងគ្រោះ​ម្នាក់​បានសម្រេច​ តែ​បើក​ម៉ូតូ​គេចខ្លួន​មិន​រួច ​ព្រោះ​ជនរងគ្រោះ​ឲ្យ​ម៉ូតូ​បើក​ដេញ​តាម​ទាន់​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​២២ ​ស្ថិត​ខាងក្រោយ​ទូត​បារាំង​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ចោរឆក់​នោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​រងគ្រោះ​ម្នាក់​​ ​ជិះ​ម៉ូតូឌុប​ធ្វើដំណើរ​មកដល់​ខាងលិច​គល់ស្ពាន​ជ្រោយចង្វារ​ ស្រាប់​តែមាន​ជនល្មើស​ចំនួន​០៣​នាក់​ក្នុងនោះ​ស្រី​ម្នាក់​​ ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក​គ្មាន​ស្លាក​លេខ​ ដេញតាម​ឆក់​ផ្តាច់​យក​ខ្សែក​មាស ​ពី​នារី​រងគ្រោះ​រូប​នោះ​បានសម្រេច​ រួច​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន។ ​តែ​ខណៈ​នោះ​ជនរងគ្រោះ​គាត់​ឲ្យ​ម៉ូតូ​បើក​ដេញ​តាម​ពី​ចំណុច​កើតហេតុ​ព្រម​ទាំង​មក​ស្រែក​ឆោឡោ​ថា​ ចោរៗ​ផង​នោះ លុះ​មកដល់​ចំណុច​ប្លុក​បឹងកក់​ស្ថិត​ខាងក្រោយ​ស្ថានទូត​បារាំង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​អន្តរាគមន៍​ចាប់បាន​ក្រុមចោរឆក់​ទាំង​០៣​នាក់​នោះ ​រួច​ហៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​នាំខ្លួន​ទៅកាន់​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕