អ្នកនំាពាក្យ CNRP ៖ បរិយាកាសនយោបាយស្អាត ទាល់តែកុំឲ្យមានវ៉ៃតំណាងរាស្រ្ត

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណបានមានប្រសាសន៍ថា «បរិយាកាស​នយោបាយ​ស្អាត ទាល់តែកុំឲ្យមានវ៉ៃតំណាងរាស្រ្ត» ។

ថ្លែងទៅកាន់សកម្មជននិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅមុខទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា ២០១៦នេះ ស្តីពីសេចក្តីសម្រេចរបស់គណបក្សនិងការវិវត្តនៃនយោបាយនៅកម្ពុជាបច្ចុប្បន្ន លោក យឹម សុវណ្ណបានបញ្ជាក់ពីជំហរទៀតថា គណបក្សសង្រ្គោះជាតិ(CNRP)នៅតែបន្តតស៊ូមតិដើម្បីបរិយាកាសនយោបាយ​ល្អ​និងការបោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ ប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធ៌ម ។

បើតាមអ្នកនំាពាក្យគណបក្សប្រឆាំងរូបនេះ ការបោះឆ្នោតដែលសេរីនិងយុត្តិធ៌មទាល់តែមានវត្តមានលោក សម រង្ស៊ី នៅក្នុង​ប្រទេស​និងទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា តំណាងរាស្រ្ត សកម្មជនគណបក្សសង្រ្គោះជាតិ មន្រ្តីគ.ជ.ប និងមន្រ្តី​សង្គមស៊ីវិល ចំនួន២៣នាក់។ លោក យឹម សុវណ្ណបញ្ជាក់ទៀតថា នៅថ្ងៃទី១៣ មិថុនា គណបក្សសង្រ្គោះជាតិនឹងដាក់ញ្ញត្តិថ្វាយ​ព្រះមហាក្សត្របន្ថែមទៀត ។

ជុំវិញការលើកឡើងរបស់អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិខាងលើនេះ មកដល់វេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី០៥ មិថុនា​នេះ មិនទាន់មានប្រតិកម្មតបពីមន្រ្តីរាជរដ្ឋាភិបាល និងអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជានៅឡើយទេ ៕