អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​រៀបចំ​ទិវា​បរិស្ថាន​ជាតិ​ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​រៀបចំ​ទិវា​បរិស្ថាន​ជាតិ​ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក



ភ្នំពេញ​ ៖ ​សាលា​ខណ្ឌ​ជ្រោយចង្វា​ បាន​រៀបចំ​ទិវា​​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ដឹកនាំ​ដោយ​លោក​ឡេង រ៉ាវ​ង្ស អភិបាលរងខណ្ឌ​ជ្រោយចង្វា និង​ជា​តំណាង​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា និង​លោកស្រី​កែវ ច័ន្ទ​ស៊ុន​ណា​រី អភិបាលរងខណ្ឌ​ជ្រោយចង្វា និង​លោកស្រី​អ៊ួង សុផល្លា ប្រធាន​កិត្តិយស​សមាគម​​​នារី​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​​ខណ្ឌ។

ទិវា​នេះ​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​ជួបជុំគ្នា​នៅ​សួនច្បារ​មាត់ទន្លេ​មុខ​វត្ត​ចាស់ ​ដោយមាន​មន្ត្រីរាជការ​ជុំវិញ​សាលាខណ្ឌ និង​សិស្សានុសិស្ស រួមជាមួយ​កម្លាំង​មនុស្សធម៌ និង​ក្រុមហ៊ុន​Bureau veritas ត្រួតពិនិត្យ​គុណភាព​ខោអាវ​កម្រិត​ស្តង់ដា​អន្តរជាតិ​តាម​រោងចក្រ ​ ដើម្បី​ចុះ​រៀបចំ​ធ្វើ​អនាម័យ​ដើរ​ប្រមូល​សំរាម និង​កាកសំណល់​ផ្សេងៗ​ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា រហូតមកដល់​សណ្ឋាគារ​​សុខា ម្តុំ​ក្បាលជ្រោយ​ដើម្បី​អបអរ​ទិវា​​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក។

លោក​ឡេង រ៉ាវ​ង្ស នាឱកាស​នោះបាន​លើក​ឡើង​ថា ការ​ចុះ​សម្អាត​បរិស្ថាន​នៅ​តំបន់​នេះ​មាន​សារសំខាន់​ណាស់​ ដោយសារ​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍ និង​ជា​បេះដូង​របស់​ខណ្ឌ​ជ្រោយចង្វា​ និង​ដើម្បី​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ពិភពលោក​ស្អាត ដូច្នេះ​លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​បរិស្ថាន​នៅ​តំបន់​នេះ​ដែលជា​មុខមាត់​របស់​យើងទាំងអស់គ្នា​។​

​ លោក​ឡេង រ៉ាវ​ង្ស ក៏បាន​ផ្តាំផ្ញើរ ដល់​ប្រជាពលរដ្ឋ ទូទាំង​ខណ្ឌ​ក៏ដូចជា​ទូទាំងប្រទេស​ទាំងអស់ ចូលរួម​ទាំងអស់គ្នា ក្នុងការ​ថែរក្សា គុណភាព​បរិស្ថាន នៅក្នុង​ខណ្ឌ​របស់​យើង ក៏​ដូចជា​នៅ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួម គាំពារ​គុណភាព បរិស្ថាន​ក្នុង​តំបន់ និង​ក្នុង​ក្របខ័ណ្ឌ សកលលោក អោយមាន​ភាពល្អ ប្រសើរ​ផងដែរ។

នា​ក្នុង​ឱកាស​នោះ​លោក​ក៏បាន​ដឹកនាំ សមាជិក​សមាជិកា សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ទាំងអស់ ធ្វើ​ការ​សំអាត​បរិស្ថាន ដែល​នៅតាម​តំបន់​ផ្សេងៗ​គ្នា​ដែល​បាន​បែងចែក៕