កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

ពីពេលមុន មកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ តែបញ្ហានៅតែកើតមានដដែល។ នោះ គឺ​លោក កឹម សុខា ដែល​ធ្លាប់​ត្រូវបាន​អាជ្ញាធរចាប់ឃុំខ្លួន កាលពីឆ្នាំ២០០៥-២០០៦នោះ នៅតែបន្តបញ្ហាប្រហាក់​ប្រហែល​នេះ​ជា​ថ្មីទៀត ក្នុង​ពេល​បច្ចុប្បន្ន ហើយ​កូនស្រី​របស់​លោក គឺកញ្ញា កឹម មនោវិទ្យា បាននិយាយឡើងថា ពួកនាង​មិនហត់ទេ។
កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

ពីឆ្វេងមកស្ដាំ៖ កញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា នៅក្នុងបាតុកម្មមុខសេតវិមាន ឆ្នាំ២០១៦។ (រូបថតឯកសារ)

រវាងឆ្នាំ២០១៦នេះ និង១០ឆ្នាំមុន តើមានអ្វីប្លែក? កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឆ្លើយថា បញ្ហានៅតែដដែលទេ។

អ្នកនយោបាយវ័យ៣៤ឆ្នាំ ដែលជាកូនស្រីរបស់អនុប្រធានគណបក្សប្រឆាំង បានសរសេរដូច្នេះ អមទៅនឹង​រូប​ថត​មួយសន្លឹក ដែលបង្ហាញឲ្យឃើញ ពីរូបនាងនិងប្អូនស្រីរបស់នាង បានឈរធ្វើបាតុកម្ម នៅមុខសេតវិមាន (រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៦ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ ដោះ​លែង​ឪពុករបស់នាង លោក កឹម សុខា ដែលនៅពេលនោះ ត្រូវបានអាជ្ញាធរខ្មែរ គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសរ ក្រោមបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខរដ្ឋាភិបាល​។

កញ្ញា កឹម មនោវិទ្យា បានសរសេរពន្យល់ ពីរូបថតនោះថា ជារូបថតនាង និងប្អូនស្រី នៅពេល​ដែល​គេ​ចាប់​ខ្លួន​ឪពុក នាឆ្នាំ២០០៥-២០០៦។ នាងបានបន្តថា៖ «កាលនោះ ខ្ញុំអាយុ២៤(ឆ្នាំ)។ (តែ)ពេលនេះអាយុ៣៤​(ឆ្នាំ) នៅជួប​បញ្ហាដដែល។»

រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះជាតិ កំពុងត្រូវបង្ខាំងខ្លួន នៅក្នុងទីស្នាក់ការកណ្ដាល របស់គណបក្ស ដើម្បីបញ្ជៀសពីការ​ចាប់ចង នៅ​ក្នុង​សំនុំរឿង​ដ៏ចម្រូងចម្រាសមួយ ដែលលោកបានរងការចោទថា មានទំនាក់ទំនងស្នេហា ជាមួយនឹង​ស្ត្រី​ជាង​ធ្វើ​សក់​ម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។ ស្ត្រីជាងធ្វើសក់ម្នាក់នេះ បានឆ្លើយទទួលស្គាល់​នៅចំពោះ​តុលាការ​រាជធានី ថានាងពិតជាមានទំនាក់ទំនងលួចលាក់ ជាមួយលោក កឹម សុខា និងបានប្ដឹងលោក ពីបទ​ធ្វើ​ឲ្យ​ខូចខាត​កិត្តិយស ខណៈលោក កឹម សុខា បានជ្រើសរើសការមិនតបតរ ទៅនឹងសំនុំរឿងនេះទេ។

ជំហរខាងលើរបស់លោក កឹម សុខា បានឈានដល់ការបដិសេធ មិនចូលខ្លួនទៅបំភ្លឺក្នុងនាមសាក្សី នៅក្នុង​តុលាការ ដោយសំអាងថា លោកមានអភ័យឯកសិទ្ធិសភា។ ការបដិសេធមិនចូលខ្លួន​ជាច្រើនដងនេះ ត្រូវ​បាន​តុលាការ និងអាជ្ញាធរ ចាត់ទុកលោក កឹម សុខា ថាបានប្រពឹត្តិបទល្មើសជាក់ស្ដែង ដែលអាច​បើកផ្លូវ​ឲ្យ​គេ​ចាប់​ខ្លួន ដោយមិនចាំបាច់ខ្វល់ពីអភ័យឯកសិទ្ធិសភា។

មនុស្សជាច្រើននាក់ ដែលនៅជុំវិញលោក និងមន្ត្រីមកពីគណបក្សប្រឆាំងផង បានហៅករណីស្នេហា​បែក​ធ្លាយ​នេះ និងចំណាត់ការរបស់តុលាការ ប្រឆាំងលោក កឹម សុខា ថាជាឆាកល្ខោន របស់ក្រុមអ្នកកាន់អំណាច ដើម្បី​ធ្វើការ​​គម្រាម​កំហែង មកលើគណបក្សប្រឆាំង និងមេដឹកនាំរបស់ពួកខ្លួន។ សម្រាប់កញ្ញា កឹម មនោវិទ្យា បាន​ពន្យល់​បន្ត​ទៀត​ថា៖ «ចង់ប្រាប់អ្នកប្រព្រឹត្តថា៖ មិនហត់ទេ មិនឈឺចាប់ទេ ហេីយក៍មិនគុំដែរ ព្រេាះទាំង​អស់​នេះ មិន​មែន​ជា​រឿងបុគ្គល»។

ការបង្ខាំងខ្លួន លោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្ស ត្រូវបានអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ធ្វើការប្រៀបធៀបទៅនឹងអ្នកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំប្រឆាំងភូមា ដែលត្រូវបានរបបដឹកនាំយោធា បង្ខាំងខ្លួនអ្នកស្រី ឲ្យនៅតែក្នុងផ្ទះរាប់ឆ្នាំ។ លោក កែម ឡី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អស់ជាង២០ឆ្នាំ ការតស៊ូរបស់លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីទាមទាលទ្ធិប្រជាធិបតេយ្យពិត​នៅប្រទេសភូមា ប្រាកដ​ជាទទួល​បាន​ជោគជ័យ ដោយសារតែសុខចិត្តប្រឈម​នឹងការចាប់ខ្លួន និងឃុំខ្លួននៅក្នុងផ្ទះ ហើយ​អ្នក​គាំទ្រ នៅតែបន្តឲ្យតម្លៃលោកស្រី។ (...) ការតស៊ូមនសិការ និងពហុមតិក្នុងពេលបច្ចុប្បន្ននេះ ត្រូវការ​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា ក្នុងការរុញច្រាន​ទៅរកបន្ទាត់​នយោបាយមួយ ដែលត្រឹមត្រូវ និងរួមគ្នាដោះស្រាយ នូវ​ឧបាយកល និង​កលល្បិច​ចាស់ៗ ដែលបានប្រើកន្លងមក។»

រីឯកញ្ញា កឹម មនោរវិទ្យា កូនស្រីច្បងរបស់​អនុប្រធានគណបក្សប្រឆាំងវិញ បានសម្ដែងការប្ដេជ្ញាចិត្តថា៖ «សំខាន់​គឺមិនឈប់ជំរុញឪពុក និងខ្លួនឯង ចំពេាះបុព្វហេតុជាតិជាដាច់ខាត»៕