ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​បាត់​ខ្លួន​ច្រើន​ថ្ងៃ​ក្នុង​ព្រៃ​ ពេល​រក​ឃើញ​​ ហើយ​ដឹង​មូលហេតុ​ គឺ​ហួស​ចិត្ត​

ក្មេងប្រុសជនជាតិជប៉ុនឈ្មោះ Yamato Tanooka អាយុ៧ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍ នៅក្នុងព្រៃហើយត្រូវបានរកឃើញនៅព្រឹកថ្ងៃសុក្រ ពោលគឺជិតមួយសប្ដាហ៍។ ជាសំណាងល្អ គឺក្មេងប្រុសនេះនៅរស់រានមានជីវិត ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺមូលហេតុដែលបណ្ដាលឲ្យក្មេងប្រុសនេះបាត់ខ្លួននៅក្នុងព្រៃតែម្នាក់ឯង។

ឪពុកម្ដាយរបស់ក្មេងប្រុសនេះ បានប្រាប់ពីការបាត់ខ្លួនរបស់កូនខ្លួន និងសុំឲ្យសមត្ថកិច្ចជួយតាមរក ហើយនៅទីបំផុតពេលប្រាប់ពីមូលហេតុទើបដឹងថា ក្មេងប្រុសនេះវង្វេងបាត់ខ្លួនក្នុងព្រៃ គឺព្រោះតែឪពុកម្ដាយដាក់ទណ្ឌកម្មដោយទុកចោលឲ្យនៅម្នាក់ឯង ដោយសារតែក្មេងប្រុសនេះកាចខ្លាំងពេក ហើយពេលដែលឪពុកម្ដាយវិលត្រលប់មកយកកូនវិញ ទើបដឹងថាក្មេងប្រុសនេះបានវង្វេងបាត់ខ្លួនក្នុងព្រៃ។

ក្មេងប្រុសនេះត្រូវបានរកឃើញនៅក្នុងមូលដ្ឋានហ្វឹកហាត់ទាហានក្បែរ Shikabe នៅ Hokkaido ចម្ងាយប្រហែល៤ គីឡូម៉ែត្រពីកន្លែងដែលក្មេងប្រុសរូបនេះត្រូវបានឪពុកម្ដាយទុកចោល។ ពេលរកឃើញ ក្មេងប្រុសនេះគឺមានសុវត្ថិភាព និងមិនបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើងចំពោះក្មេងនេះឡើយ។

ឪពុកម្ដាយក្មេងបានសម្ដែងនូវការសុំទោសចំពោះកូនប្រុសរបស់ខ្លួន និងសោកស្ដាយចំពោះសកម្មភាពជ្រុលហួសរបស់ខ្លួន ដែលបណ្ដាលឲ្យកូនប្រុសជួបការលំបាក។ ជាមួយគ្នានេះដែរ ឪពុកម្ដាយក្មេងក៏បានសុំទោសចំពោះអ្នកគ្រប់គ្នានៅសាលារៀនរបស់កូនប្រុសខ្លួន និងអ្នកគ្រប់គ្នាដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះកូនរបស់ខ្លួន ដែលខ្លួនបានបង្កបញ្ហាដល់អ្នកទាំងអស់នោះ។

គួរបញ្ជាក់ថា ក្រុមរុករក ដែលរួមមានទាំង កម្លាំងការពារខ្លួន (Self-Defence Force = SDF) បានបើកប្រតិបត្តិការរុករក និងជួយសង្គ្រោះជិតមួយសប្ដាហ៍ ហើយអស់សង្ឃឹមទៅហើយព្រោះតែគ្មានសញ្ញាណាមួយពីក្មេងប្រុសនេះ រហូតដល់ព្រឹកថ្ងៃសុក្រទើបរកឃើញ។ ក្មេងប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានដើរកាត់តាមភ្នំរហូតដល់រកឃើញជម្រកនេះ (មូលដ្ឋានហ្វឹកហាត់ទាហាន)។

ចំណែកខាងប៉ូលិសវិញបានលើកឡើងថា ឪពុកម្ដាយរបស់ក្មេងប្រុសនេះ គួរតែប្រឈមនឹងការចោទប្រកាន់ពីបទធ្វេសប្រហែសចំពោះក្មេង។ ករណីនេះដែរ បានធ្វើឲ្យមានការពិភាក្សាអំពីកម្រិតដែលអាចទទួលយកបានចំពោះវិធានការសម្រាប់ក្មេង។

ប្រែសម្រួល៖ Sophany
ប្រភព៖ BBC


  • ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​បាត់​ខ្លួន​ច្រើន​ថ្ងៃ​ក្នុង​ព្រៃ​ ពេល​រក​ឃើញ​​ ហើយ​ដឹង​មូលហេតុ​ គឺ​ហួស​ចិត្ត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: