ឆ្ងល់ ! អ្នក​បើករថយន្ត​សង្គ្រោះ​ទារ​សំណង​ពី​អ្នក​បង្ក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​រង​របួស​បែក​មុខ​បែក​មាត់​រវើរវាយ​លែង​ដឹងខុសដឹងត្រូវ​ទៅ​ហើយ ហើយ​រថយន្ដ​សង្គ្រោះ​បន្ទាន់​​របស់​គ្លីនិក​ឯក​ជន​មក​ដល់​បម្រុង​ដឹក​យក​ទៅ​សង្គ្រោះ តែ​មុន​នឹង​ដឹក​ចេញ​ទៅ​សង្គ្រោះ​ស្រាប់តែ​អ្នក​បើករថយន្ត​សង្គ្រោះ​រូប​នោះ​ចេញ​មុខ​ទារ​សំណង​ពី​អ្នក​បើករថយន្ត​បង្ក​ចំនួន​៣០០​ដុល្លារ​ទៅ​វិញ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ​កែង​ផ្លូវ​លេខ​១០៦ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AG-8490 ម្នាក់​ឯង​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ដ​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-2351 បើក​បរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​រួម​ជាមួយ​នារី​ជនជាតិ​ខ្មែរ​ម្នាក់ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បំណង​ឆ្លង​មហាវិថី​ព្រះ​នរោត្តម ក៏​ជ្រុល​ទៅ​​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ជិត​១០​ម៉ែត្រ និង​ម្ចាស់​ម៉ូតូ​ប៉ើង​ទើរ​លើដំបូល​រថយន្ត​រមៀល​ធ្លាក់​មក​ដី​វិញ​រង​របួសធ្ងន់ បែក​មុខ​បែក​មាត់ រវើរវាយ​លែង​ដឹង​ខុស​ដឹងត្រូវ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដែល​អត់​មាន​បិទ​យីហោ​មួយ​គ្រឿង​បាន​បើក​ទៅ​ដឹក​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​ដើម្បី​យក​ទៅ​ព្យាបាល តែ​មិន​បាន​ដឹក​ចេញ​ទៅ​ភ្លាម​ៗ​ទេ ដោយ​អ្នក​បើករថយន្ត​គ្លីនិក​ឯកជន​នោះ​ចេញ​មក​ទារ​សំណង​ពី​អ្នក​បង្ក​ជំនួស​ជន​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ តែ​នារី​ដែល​រួម​ដំណើរ​ជាមួយ​ជនជាតិ​កូរ៉េ​មាន​លុយ​ចំនួន​២០០​ដុល្លារ​ហើយ​ដើរ​ខ្ចី​គេឯង​បាន​តែ​២៧០​ដុល្លារ ទើប​ទទួលយក​ចំនួន​២៧០​ដុល្លារ ដោយ​អ្នក​បើក​រថយន្ត​សង្គ្រោះ​រូប​នោះ​ប្រាប់​ថា ឲ្យ​លុយ​ទៅ​ជន​រង​គ្រោះ​ទៅ​ដោយ​ផ្ទាល់​ចុះ ទោះបីជា​ជន​រង​គ្រោះ​ប៉ះពាល់​ក្បាល​រវើរវាយ​ទៅ​ហើយ​ក៏​ដោយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំ​គ្នា​ឆ្ងល់ ហើយ​ហួសចិត្ត​គ្រប់​គ្នា ហេតុ​អ្វី​គ្រាន់តែ​ជា​អ្នក​បើករថយន្ត​សង្គ្រោះ​សោះ​ហ៊ាន​ចេញ​មុខ​ទារ​សំណង​ពី​អ្នក​បង្ក​ទៅ​វិញ ទាំង​ជន​រង​គ្រោះ​មិន​មាន​សាច់​ញាតិ​មក​ជាមួយ​សោះ ។ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​បើករថយន្ត​សង្គ្រោះ​ប្រាប់​ទៅ​សមត្ថកិច្ច​ថា មិន​ចាំបាច់​យក​ទៅ​ណា​ទេ រង់ចាំ​គេ​បើករថយន្ត​មក​ដឹក​ម៉ូតូ​យក​ទៅ​គ្លីនិក​តែ​ម្តង ៕