អ្នក​ចិញ្ចឹម​ក្រពើ​ថ្ងូរ​ថា តម្លៃ​កូន​ក្រពើ​ចុះថោក​

អ្នក​ចិញ្ចឹម​ក្រពើ​ថ្ងូរ​ថា តម្លៃ​កូន​ក្រពើ​ចុះថោក​



បាត់ដំបង​ ៖​ អ្នក​ចិញ្ចឹម​ក្រពើ​ យក​កូន ​ភាគច្រើន​បាន​ត្អូញត្អែរ​ថា ការ​ចិញ្ចឹម​កូន​ក្រពើ​ឆ្នាំនេះ ​តម្លៃ​លក់ ចេញ​ចុះថោក​ទន្ទឹម​នឹង​បរិមាណ​កូន​ក្រពើ​ធ្លាក់​ចុះ​ មកពី​ការប្រែប្រួល​ធាតុអាកាស​ក្ដៅ​ខ្លាំង នៅ​ក្នុង ស្រុក​កោះ​ជី​វាំង ខេត្ត​បាត់ដំបង។

នៅ​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​អន្លង់​តា​អួ ស្រុក​កោះ​ជី​វាំង ខេត្ត​បាត់ដំបង ដែល​ជា​សហគមន៍​នេសាទ​ចិញ្ចឹម​ក្រពើ​៩០% ជា​មុខរបរ​ចម្បង។ គ្រួសារ​លោកស្រី ប៉ុន ណៃ គាត់​ចិញ្ចឹម​មេ​ក្រពើ​១០​ក្បាល​ជា​ពូជ​ក្រពើ​ត្រី ដោយ​ចំណាយ​លើ​ចំណី​របស់​វា (​នុយ​) ក្នុង​រយៈ​១​អាទិត្យ​ម្តង ត្រូវ​ចំណាយ​កូន ត្រី​ឲ្យ​វា​សី​ប្រមាណ​៤០​គីឡូក្រាម​ ហើយ​ក្នុង​រយៈពេល​អាកាសធាតុ​ប្រែប្រួល​ក្តៅ​ខ្លាំង​កន្លងមក បានធ្វើ ឲ្យ​មេ​ក្រពើ​ពង​តិច និង​ខ្លះទៀត​មិនមាន​ពង​ទាល់តែសោះ។ លោកស្រី​ប៉ុន ណៃ មានប្រសាសន៍ បន្តថា ​ក្នុង​ក្រពើ​១​ក្បាល​អាច​ពង​បាន​ពី​៣០ ទៅ​៤០​ពង លុះ​ដល់ពេល​ភ្ញាស់​មកវិញ​បានតែ​ពី​២០ ទៅ ៣០​កូន​ប៉ុណ្ណោះ។ តាម​បច្ចេកទេស​នៃ​ការ​ភ្ញាស់​កូន​ក្រពើ​នេះ ​មាន​អ្នកខ្លះ​គេ​ភ្ញាស់​កូន​ក្នុង​រយៈពេល​តែ ៦០​ថ្ងៃ ពេល​ខ្លី តែ​បើ​ចំពោះ​បងស្រី ណៃ គត់​ភ្ញាស់​កូន​ក្រពើ​រយៈពេល ៨០​ថ្ងៃ​ទើប​បានកូន​ល្អ ជាង ប្រើ​រយៈពេល​ភ្ញាស់​ខ្លី។ ជា​ទម្លាប់​ធម្មជាតិ​របស់​ក្រពើ​នៅក្នុង​១​ឆ្នាំ​មេ​ក្រពើ​ពង​បាន​ម្តង​នៅក្នុង​ចន្លោះ ខែកុម្ភៈ មីនា និង​មេសា ។ ពេល​កូន​ក្រពើ​ញាស់​មក​មិនទាន់​ទេ​ក៏ត្រូវ​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ហើយ ដោយ​ឆ្នាំទៅ​អាច​លក់​ចេញ​កូន​ក្រពើ​បាន​១​ក្បាល​ចាប់បី​២៧​ទៅ​២៨​ដុល្លារ ក៏ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៦​នេះ​តម្លៃ​លក់​ចេញ​កូន​ក្រពើ​បានតែ ១៥ ទៅ ១៧​ដុល្លារ​ប៉ុណ្ណោះ​ ជា​តម្លៃ​ដែល​អ្នក​ចិញ្ចឹម​ថ្ងូរ​ថា មិន​ចំណេញ ដោយ​ការ​ចំណាយ​លើ​នុយ ច្រើន​ព្រោះ​ពេលនោះ​កូន​ត្រី​មិនសូវ​សម្បូរ ហើយ​ថ្លៃ​ផង ឥឡូវ​ត្រូវ​បន្ថយ​ចំណី​ក្រពើ​ក្នុង​២​អាទិត្យ​១​ដង​វិញ​ ទើប​អាច​ទប់ទល់​ នឹង​ការ​ចំណាយ​បាន។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បានឲ្យដឹងថា ការចិញ្ចឹម​ក្រពើ​ឆ្នាំ​២០១៥ អនុវត្ត​​បាន​ចំនួន ១៩៨.៦៩​តោន ស្មើនឹង ១១៩,៤៧% នៃ​ផែនការ ២៥០.០០០​ក្បាល បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កើនឡើង​ចំនួន ៦០.៥​លាន​កូន៕