សហគមន៍​ដីធ្លី​ចង់​ឃើញ​ចំណាត់​ការ​របស់​រដ្ឋមន្ត្រី​ថ្មី​ដោះស្រាយ​ជម្លោះ​ដីធ្លី​មាន​ប្រសិទ្ធភាព

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ ដើម្បី​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ ដែល​កំពុង​កើត​ឡើង និង​នៅ​សេសសល់​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ អ្នក​មាន​បញ្ហា​ដីធ្លី បង្ហាញ​ការ​សាទរ តែ​ពួក​គេ​ចង់​ឃើញ​ចំណាត់​ការ​នេះ​មាន​ប្រសិទ្ធភាព។

សហគមន៍​ដីធ្លី និង​សង្គម​ស៊ីវិល ចង់​ឃើញ​វិធានការ​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសិទ្ធភាព ព្រម​ទាំង​មាន​តម្លាភាព ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ក្រសួង​រៀបចំ​ដែនដី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​បង្កើត​ក្រុម​ដោះស្រាយ​ទំនាស់​ដីធ្លី​ទាំងអស់​មាន ២៧​ក្រុម ដែល​ក្រុម​នីមួយៗ​មាន​ប្រធាន និង​សមាជិក ៤​នាក់ សរុប​មាន ១០៨​នាក់ ដើម្បី​ចុះ​ទៅ​ស្វែងរក​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​បាន​កើត​ឡើង​ទូទាំង​ប្រទេស។

សេចក្តី​សម្រេច​ដដែល ឲ្យ​ដឹង​ថា ក្រុម​ការងារ​ទាំង ២៧​ក្រុម មាន​ការងារ និង​ភារកិច្ច​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ និង​លេខាធិការដ្ឋាន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ ដោយ​ជ្រើសរើស​ករណី​ទំនាស់ ៣​ករណី​ម្តងៗ​ដើម្បី​ស្រាវជ្រាវ និង​ចុះ​ពិនិត្យ​ជាក់ស្តែង។ ជាង​នេះ​ទៀត ក្រុម​ការងារ​នេះ ក៏​ត្រូវ​សម្រុះសម្រួល​ដោះស្រាយ ឬ​សុំ​យោបល់​ពី​ក្រសួង និង​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​ទំនាស់​ជូន​ក្រសួង​ផង​ដែរ។

តំណាង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ប៊ូវ សោភា សាទរ​ដែល​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រៀបចំ​ដែនដី មាន​ឆន្ទៈ​ដើម្បី​ជំរុញ​ដំណោះស្រាយ​នៅ​កម្ពុជា។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន បញ្ហា​ជម្លោះ​ដីធ្លី​កាន់​តែ​រីក​ធំ​ទៅៗ ហើយ​ភាគ​ច្រើន​កើត​មាន​រវាង​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ក្រីក្រ។ ហេតុ​នេះ តំណាង​សហគមន៍​ដីធ្លី​រូប​នេះ​សង្ឃឹម​ថា វិធានការ​នេះ​នឹង​ជោគជ័យ៖ «អ្នក​ដែល​យក​ដី​ប្រជាពលរដ្ឋ មិន​មែន​ជា​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​ទេ តែ​ភាគ​ច្រើន​គឺ​ជា​សមាជិក​បក្ស​កាន់​អំណាច ហើយ​ភាគ​ច្រើន ពួក​គាត់​តែង​ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ។ ហេតុ​នេះ ខ្ញុំ​សង្ឃឹម​លើ​គាត់​ថា​អាច​ធ្វើ​បាន»

ចំណែក​ឯ​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ភាគ​ច្រើន​កើត​ឡើង​ពី​បុគ្គល​មាន​អំណាច ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដោះស្រាយ​មិន​សមរម្យ និង​ការ​ដោះស្រាយ​ថ្នាក់​មូលដ្ឋាន​គ្មាន​ប្រសិទ្ធភាព។ ហេតុ​នេះ លោក​គាំទ្រ​ចំពោះ​ចំណាត់​ការ​នេះ៖ «ចំណាត់​ការ​នេះ គឺ​ត្រូវ​តែ​ហ៊ាន​អារ​កាត់ បើ​ប៉ះ​សាច់​ស្អុយ ត្រូវ​តែ​ចេះ​កាត់​ចោល ទោះ​ជា​មន្ត្រី​ថ្នាក់​ណា​ក៏ដោយ។ អា​ហ្នឹង​បាន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន»

នៅ​ក្នុង​សេចក្តី​សម្រេច​នោះ រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ក៏​បាន​ស្នើ​ឲ្យ​គ្រប់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត ត្រូវ​ចាត់​ចែង​សហការ​ជាមួយ​ក្រុម​ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ចប់​ទំនាស់ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ថែម​ទាំង​បាន​បញ្ជា​ឲ្យ​នាយក​ខុទ្ទកាល័យ គ្រប់​អគ្គនាយក គ្រប់​ប្រធាន​នាយកដ្ឋាន និង​អង្គការ​ពាក់ព័ន្ធ គ្រប់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត និង​សាមី​ខ្លួន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ទំនាស់​ដីធ្លី​សម្រាប់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ចំនួន ១៨០​ករណី សម្រាប់​ខេត្ត-ក្រុង​ចំនួន​១៦ ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ប្រជាជន​កម្ពុជា ជាង ៧០​ម៉ឺន​នាក់ ធ្លាប់​ជួប​ប្រទះ​ជម្លោះ​ដីធ្លី។

ក្រៅ​ពី​វិធានការ​នេះ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី រូប​នេះ ក៏​ធ្លាប់​ព្រមាន​អ្នក​រំលោភ​ដី​ពលរដ្ឋ​ទាំងអស់ ថា​នឹង​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ ជូន​ប្រមុខ​រដ្ឋាភិបាល បើ​ទោះ​បី​ជា​អ្នក​នោះ​មាន​ឋានៈ​ធំ​ប៉ុនណា​ក៏ដោយ។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី សហគមន៍​ដីធ្លី និង​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ភាគ​ច្រើន នឹង​រង់ចាំ​តាម​ដាន​ប្រសិទ្ធភាព​នៃ​ចំណាត់​ការ​របស់​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។