សហព័ន្ធ បញ្ជាក់ពីតម្លៃសំបុត្រជាថ្មី បន្ទាប់ពីមានជនឆ្លៀតឱកាសលក់បន្តលើសតម្លៃដើម

សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​បាន​ចេញ​សេចក្តី​ប្រកាស​​បញ្ជាក់​ជា​ថ្មី​ចំពោះតម្លៃ​សំបុត្រ​​សម្រាប់​ចូល​រួម​មើល​ការ​ប្រកួត​ជម្រុះរវាងក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ឆាយ​នីសតៃប៉ិ ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 នៅ​ល្ងាច​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ បន្ទាប់​ពី​មានជន​ឆ្លៀត​ឱកាស​យក​សំបុត្រ​ទាំង​នោះ ទៅ​លក់​បន្ត ក្នុង​តម្លៃ​៣០០០​ម៉ឺន​រៀល ខុស​ពី​តម្លៃ​ដើម​រហូត​ដល់២០០០០​ម៉ឺន​រៀល​នោះ។

ticketa

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង នៅ​លើផេក​របស់​សហព័ន្ធ ដែល​មាន​ឈ្មោះពេញថា«សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា» ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ មាន​ន័យ​យ៉ាង​ដូច្នោះ​ថា៖​«​សហ​ព័ន្ធ​សូម​បញ្ជាក់​ថា​សំបុត្រ​ដែល​លក់​ជូន​បងប្អូន ត្រូវ​បាន​កំណត់​តម្លៃដូច​ខាង​ក្រោមសំបុត្រ តំបន់​មួយ មាន​តម្លៃ ១០០០០ រៀល សំបុត្រ​តំបន់ពីរ មាន​តម្លៃ៥០០០​រៀល​ ដូច្នេះ​ប្រសិន​បើ​មាន​បុគ្គល រឺ​បុគ្គលិក​ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ​(នៅ​ក្នុង​បន្ទប់​លក់​សំបុត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ)​ណា ដែល​លក់​សំបុត្រ​លើស​តម្លៃ​​ដែល​សហ​ព័ន្ធ​បាន​កំណត់​ដូច​ខាង​លើ ​សូម​ជួយ​ថត​ជា​រូប​ថត​របស់​បុគ្គល​នោះ រឺ​ វីដេ​អូ ​រួច​ផ្ញើរ​មក​កាន់​ផេក​សហ​ព័ន្ធ​ ដើម្បី​យើង​ធ្វើ​ការ​ស៊ើប​អង្កេត»។

ticketb

ការ​ចេញ​សេចក្តី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា សហព័ន្ធ កំពុង​ប្រមាន​ដោយ​ប្រយោល​ទៅ​លើ​បុគ្គ​លិក​របស់​ខ្លួន សូម​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​ ដែល​មជ្ឈដ្ឋាន​កំពុង​រិះ​គន់​យ៉ាង​ចាស់​ដៃ​នេះ។ យ៉ាង​ណា​ក៏​ដោយ ការ​លក់​សំបុត្រ​បន្ត ក្នុង​តម្លៃ​៣០០០០​ម៉ឺន​រៀល សម្រាប់​តំបន់មាន​ដំបូល និង​តម្លៃ​១០០០០​ម៉ឺន​រៀល សម្រាប់កន្លែង​អត់​មាន​ដំបូល នៅ​តែ​កើត​មាន​ឡើង​ដដែល ព្រោះ​សំបុត្រ​តម្លៃ​១០០០០​រៀល សម្រាប់​កន្លែង​មាន​ដំបូល ចំនួន​៣ម៉ឺន​សន្លឹក ដែល​ដាក់​លក់​ដោយ​​សហព័ន្ធ បាន​អស់​ទាំង​ពី​ម្សិល​មិញ​មក​ម្ល៉េះ។

ticketc

​ការ​សម្រិក​​ទៅ​ទិញ​សំបុត្រភ្លូក​ទឹក​ភ្លូក​ដី​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​មួយ​ទៀត ទៅ​លើ​ការ​គ្រប់​គ្រងសន្តិសុខ​ពេល​ប្រកួត នា​​យប់​ថ្ងៃ​អង្គរ​ខាង​មុខ​នេះ ព្រោះ​គេ​នៅចាំ​បាន​ថា នៅ​ក្នុងការ​ប្រកួត​មិត្ត​ភាព​ពន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ទី​ម័រ​ខាង​កើត កន្លង​មក គឺ​នៅ​តែ​មាន​ករណី​លួច​ផ្លោះ​របង​ចូល​ទៅ​កាន់​ទី​លាន និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ជា​ថ្នូរ​នឹង​ការ​យក​ប្រាក់របស់​អ្នក​យាម​កាម​តាម​ច្រក ហើយភាព​អសកម្ម​ទាំង​នោះ បាន​​ធ្វើ​ឲ្យ​អ្នក​ទិញ​សំបុត្រ​មួយ​ចំនួន បែរ​ជា​អត់​មាន​កន្លែង​អង្គុយ ហើយ​បាន​បង្ខំ​ចិត្ត​វិល​ទៅផ្ទះ​វិញ​ទាំង​អារម្មណ៍​ក្តៅ​បំផុត៕