បង្ក្រាប​សត្វព្រៃ​ជិត​១​តោន​បម្រុង​លោតឆ័ត្រ​ទៅ​វៀតណាម

ខេត្តកណ្ដាល ៖ មន្ដ្រី​គយ​ច្រក​ទ្វារ​ជ្រៃ​ធំ​បាន​បើក​ប្រតិបត្តិ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ជិត​១​តោន ដែល​ឈ្មួញ​បម្រុង​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមិថុនា ស្ថិត​ក្នុងភូមិ​បាក់​ណា​ម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក មួ​ង តា​រ៉ា ប្រធាន​ការិយាល័យ​គយ និង រដ្ឋាករ​ជ្រៃ​ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​បង្ក្រាប​បាន​សរុប​ជិត​១​តោន ក្នុង​នោះ​មាន​សត្វ​អណ្តើក​ភ្នំ​ចំនួន​៣៦៤​គីឡូក្រាម ពស់ថ្លាន់​១៦​គីឡូក្រាម និង​ពស់សង់សឿ​៤៣៣​គីឡូក្រាម ។ លោក​បាន​បន្ត​ទៀត​ថា កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​មិថុនា កម្លាំង​គយ​ប្រចាំ​នៅ​ឃុំ​ព្រែក​ជ្រៃ មានការ​សង្ស័យ​ថា មាន​ឈ្មួញ​បម្រុង​នាំ​សត្វព្រៃ​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក៏​បាន​តាម​ប្រមាញ់​ចាប់ ។ ពេល​នោះ​ក្រុម​ឈ្មួញ​បានដឹង​បាន​ព្យាយាម​យក​សត្វព្រៃ​ទាំងនោះ​ទៅ​លាក់​ទុក​នៅ​ភូមិ​ប៉ាក់ណាម​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ពេល​នោះ​កម្លាំង​គយ​ប្រចាំការ​នៅ​ទីនោះ​បាន​តាម​រក​ឃើញ​សត្វព្រៃ ចំណែក​ឈ្មួញ​សត្វព្រៃ​បាន​រត់គេច​ខ្លួន​បាត់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា សត្វ​ពស់ និង​អណ្ដើក​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អង្គការ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ទៅ​ព្រ​លែង​នៅ​កន្លែង​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ចំណែក​អណ្តើក​ត្រូវ​ទៅ​លែង​នៅ​ក្រុង​កំពង់សោម ប៉ុន្តែ​ត្រូវ​ថែរក្សា​សត្វ​ទាំងនេះ​ឲ្យ​មាន​កម្លាំង​សិន​ទើប​យក​ទៅ​លែង ៕