ការ​ហោះ​សាកល្បង​ដំបូង​ដោយ​ជោគជ័យ​នៃ​យន្តហោះ​ធុន T-50A របស់​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP ថា យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​លឿន​ជាង​សំឡេង T50-A ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​េ​ម​រិ​កបាន​ធ្វើការ​ហោះហើរ​សាកល្បង​លើក​ដំបូង​ដោយ​ជោគជ័យ​នៅ SACHEON នា​ភាគ​ខាងត្បូង​ប្រទេស​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មកនេះ ។

យន្តហោះ​នេះ​ជា​យន្តហោះ​កែ​លម្អ​ពី​យន្ត ហោះ T-50 GOLDEN EAGLE ផលិត​ដោយ​មានការ​ជួយ​ទ្រទ្រង់​ខាង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន LOCKHEED MARTIN របស់ អា​មេ​រិ​ក ហើយ​មាន​ម៉ាស៊ីន​រេ​អាក់​ទ័​រ​មួយ​ធុន GE ដែល​អាច​ឱ្យ​វា​ហោះ ហើរ​បាន​លឿន​ជាង​សំឡេង គឺ 1,5 MACH ហើយ​អាច​ហោះ​បាន​រង្វង់​៤៤០​គីឡូម៉ែត្រ ។

ក្នុង​ចំណោម​យន្តហោះ​ដែល​ប្រកួតប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​នៃ​គម្រោង​យន្តហោះ​ហ្វឹកហ្វឺន​សហរដ្ឋ​អា​មេ​រិ​ក យន្តហោះ​ធុន T-50 A អាច​ធ្វើការ​ហោះហើរ​សាកល្បង​លើក​ដំបូង​ប្រកបដោយ​ជោគជ័យ ។ គម្រោង​អា​មេ​រិ​ក​នេះ​ត្រូវការ​យន្តហោះ​ហ្វឹកហ្វឺន​សរុប​ដល់​ទៅ​១.០០០​គ្រឿង ក្នុង​នោះ​៣៥០​គ្រឿង​សម្រាប់​កងទ័ពអាកាស​អា​មេ​រិ​ក​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណាក់កាល​ដំបូង រួច​ការ​ជ្រើសរើស​នឹង​ធ្វើ​ក្នុង​ឆ្នាំ​២០១៧ ។ តម្លៃ​នៃ​គម្រោង​នេះ​មាន​ដល់​ទឹកប្រាក់​២០​ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន KAI (KOREA AEROSPACE INDUSTRIES) ជា​អ្នក​ផលិត​យន្តហោះ​នេះ​បាន​បន្ថែម​អេ​ក្រង់​ធំ LAD មួយ​ជាមួយ​បច្ចេកវិទ្យា​ប្រយុទ្ធ​ត្រង់ ។ ម្យ៉ាងទៀត យន្តហោះ​នេះ​មាន​ឧបករណ៍​សម្រាប់​ការ​ចាក់​ប្រេង​តាម​អាកាស​ទៀត​ផង ។ សម្រាប់​គម្រោង T-X នេះ​របស់​អា​មេ​រិ​ក​ត្រូវការ​យន្តហោះ​ឯទៀត​ៗ ក្នុង​នោះ​មាន​យន្តហោះ​អីុតា​លី​ធុន M-346 យន្តហោះ​អង់គ្លេស​ធុន HAWK-128 និង JAS-39 ផលិត​រួម​គ្នា ដោយ​ក្រុមហ៊ុន​ប៊ូ​អីុង និង​ក្រុមហ៊ុន SAAB ៕