ប្រតិភូ​យោធភូមិភាគ​ទី​៧​វៀតណាម​អញ្ជើញ​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​អដ្ឋិធាតុ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

ប្រតិភូ​យោធភូមិភាគ​ទី​៧​វៀតណាម​អញ្ជើញ​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​អដ្ឋិធាតុ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ



កំពង់ធំ ៖​ ​វត្តមាន​ប្រតិភូ​យោធភូមិភាគ​ទី​៧​វៀតណាម ​អញ្ជើញ​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​អដ្ឋិធាតុ​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព រវាង​ប្រទេស​ទាំងពីរ ​និង​ដើម្បី​រឹតបន្តឹង​សន្តិសុខ​ជាតិ ឲ្យ​មាន​ស្ថិរភាព ជាមួយគ្នា រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​យោធភូមិភាគ​ទី​៧​កងទ័ព​ប្រជាជន​វៀតណាម ​​​ក៏​ដូច​ដើម្បី​រួម​សហការ ការងារ​ជីក​រុករក​អដ្ឋិធាតុ​​​ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ថា ការ​រុករក​អដ្ឋិ ធាតុ ចាប់តាំងពី​ឆ្នាំ​២០០៣​មកដល់​ឆ្នាំ​២០១៦ បាន​ចំនួន ១៥​ដំណាក់កាល អដ្ឋិធាតុ​បាន​ចំនួន ១០៣២​អដ្ឋិធាតុ ដោយ កម្លាំង​K៧០​ជីក​បាន​២៦២ អដ្ឋិធាតុ និង​កម្លាំង​K72 ជីក​បាន​៧៧០​អដ្ឋិធាតុ។ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ទទួល ការឧបត្ថម្ភ​ពី​ភាគី​វៀតណាម ទី​១ អាគារ​ផ្នែក​សឹក​រង​កំពង់ធំ ទំហំ​៦​ម​គុណ​១៤​ម ទី​២ អាគារ​ធ្វើការ​របស់ អង្គភាព​វរ:សេនា​តូច​លេខ​១​ទំហំ ៧​ម​គុណ​២៥​ម ទី​៣ អាគារ​ធ្វើការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ទំហំ ៧​ម​គុណ ២៤​ម ទី​៤ ជួសជុល​ដំបូល​អគារ​សាល​ប្រជុំ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី​៧ សន្យា ​នឹង​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​ ដែល​មាន​ប្រវែង​២២៧​ទទឹង​៧​ម នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ចុះមក​រក្សា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ចំនួន​១៧៥​នាក់។ លោក​ឧ​ត្ត​ម​សេនីយ៍ សោម ស៊ុន បាន​ប្តេជ្ញា​រឹតបន្តឹង​ចំណង​សាមគ្គីភាព​រវាង​កងទ័ព​ទាំង​២ និង​សហការ​ជីក​រុករក​អដ្ឋិធាតុ ឲ្យ​បាន​ល្អប្រសើរ។ ជា​ចុងក្រោយ​សំណូមពរ សុំ​រថយន្ត​មួយគ្រឿង ១​បាំង​កន្លះ​ពី​យោធភូមិភាគ​ទី​៧ កងទ័ព​វៀតណាម​។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន មិញ​ហ័ង មេបញ្ជាការ​ង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម បាន​មានប្រសាសន៍​សន្យា​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយសារតែ​ជា​គុណបំណាច់ របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ​ដែល​មាន​ពលី​ជីវិត​កន្លងមក និង​សូម​សំណូមពរ​ឲ្យ​កងទ័ព​ទាំង​២ សហការគ្នា​ក្នុង​ការងារ​អដ្ឋិធាតុ បើ​មានការ​ប៉ះពាល់​ផលប្រយោជន៍ ឬ​សំណង់​របស់​ប្រជាពលរដ្ឋ យើងឹនិង​ចេញថ្លៃ​សំណង​ជូន​ឬ​សាងសង់​ជូន​ឡើងវិញ។

លោក​សុខ លូ ​អភិបាល​រង​ខេត្ត​កំពង់ធំ​ តំណាង​លោក​អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា ប្រជាជន​កម្ពុជា​ នឹង​មិន​ភ្លេចគុណ​បំណាច់​របស់​កង​ទ័ព​ស្ម័គ្រ​វៀតណាម ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​រួច​ផុត​ពី​ក្រញាំ​ដៃ​បន​ក្បត់​ប៉ុលពត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រង​ទុក្ខវេទនា អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ ២០​ថ្ងៃ និង​ប្រទេស​ទាំង​២​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា ​ជា​បងប្អូន​ល្អ​ក្នុង​គ្រា​មានទុក្ខ​លំបាក។ ជាក់ស្ដែង​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នេះ គឺ​គ្មាន​ប្រទេស​ណាមួយ​ឡើយ ដែល​បាន​មក​ជួយ​នោះ​ទេ​ គឺ​មាន​តែ​ប្រទេស​វៀតណាម​មួយ​គត់ រហូត​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជាពិសេស​ក្នុង​ដំណាក់កាល​ប្រទេស​កម្ពុជា កំពុងតែ​អភិវឌ្ឍន៍​គឺ​មាន​ក្រុមហ៊ុន​ច្រើន បាន​បាន​មក​វិនិយោគ ដូចជា​ចម្ការ​កៅស៊ូ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ប្រុស​ទាំង​ស្រី​ មាន​ការងារ​ធ្វើ​រាប់​ម៉ឺន​នាក់​ផង​ដែរ៕