ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា​មិន​អើពើ​រឿង​ជនជាតិ​វៀតណាម​ធ្វើ​របង​លើ​ដី​ចំណី​ផ្លូវ

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ថា​មិន​ចាត់​វិធានការ​លើ​ជនជាតិ​វៀតណាម ដែល​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ធ្វើ​អាជីវកម្ម​ក្នុង​ក្រុង​ស្ទឹងត្រែង។ ការ​រិះគន់​នេះ បន្ទាប់​ពី​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​ករណី​នេះ​នៅ​ឡើយ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ករណី​នេះ​ច្រើនលើកច្រើនសា​ក្តី។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា ពួក​គេ​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទិន​ការ​ធ្វើ​របង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន ឋិត​នៅ​ជាប់​ផ្លូវ​លំ​លេខ​៧៧ ភ្ជាប់​ផ្លូវ​លេខ​១៤ ក្នុង​ក្រុង​ស្ទឹងត្រែង មាន​របង​ស័ង្កសី​ជាប់​ទ្រូង​ផ្លូវ​ប្រវែង​ប្រហែល​ជាង ២០០​ម៉ែត្រ ដោយ​ពុំ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​ដី​ចំណី​ផ្លូវ​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក គឹម ស៉ុំ ចោទ​ប្រកាន់​ថា អាជ្ញាធរ​ហាក់​រារែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដោយសារ​ឈ្មួញ​ធ្វើ​របង​នោះ​មាន​លុយ​មាន​ឥទ្ធិពល។ លោក​សង្ស័យ​ថា ករណី​នេះ​ជា​ចេតនា​មិន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ផ្លូវ​របស់​អាជ្ញាធរ ព្រោះ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ឈ្មួញ​កែច្នៃ​ឈើ​ប្រណិត ហើយ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​ដំណោះស្រាយ​ករណី​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល៖ «ការ​សង្ស័យ​មាន​សំណូក​សូកប៉ាន់​ហើយ បាន​ជា​ធ្វើ​អី​មិន​ចេញ​ហ្នឹង។ ធ្វើ​ចឹង​មាន​សម​ណា​ភ្នែក​មហាជន។ ធ្វើ​របង​ទ្រូង​ផ្លូវ​ទៅ​ហើយ វា​មូលហេតុ​អី​បាន​ជា​មិន​ខិត។ បាន​មិន​ហ៊ាន​ធ្វើ​ជាមួយ​វា មិន​ដឹង​វា​មក​ពី​ស្អី។ សិប្បកម្ម​វា​ធ្វើ​សព្វ​មុខ វា​ធ្វើ​តុ ទូ គ្រឿង​សង្ហារិម​អី»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​នឹង​ចាត់​ឲ្យ​អាជ្ញាធរ​សង្កាត់ ចុះ​អន្តរាគមន៍​ករណី​នេះ​នៅ​ពេល​ទទួល​ព័ត៌មាន​នេះ៖ «ផ្លូវ​ហ្នឹង​ត្រូវ​តែ​ដាក់​លូ​ហើយ​ចឹង របង​នៅ​កៀក​ចឹង យើង​មិន​អាច​ដាក់​លូ​បាន​ទេ។ ចឹង​យើង​ត្រូវ​វាស់​ចំណី​ផ្លូវ​ឲ្យ​ហើយ​ទៅ ដើម្បី​បង្ខិត​របង​ហ្នឹង​ចេញ។ កន្លង​មក យើង​សាងសង់​ផ្លូវ​ហ្នឹង​សិន បាន​រៀប​តាម​ក្រោយ​ទៀត»

ម្ចាស់​កែច្នៃ​គ្រឿង​សង្ហារិម​ជា​ជនជាតិ​វៀតណាម លោក ខាំ ប៊ុនម៉េង ហៅ ម៉ឺន ធ្លាប់​អះអាង​ថា លោក​មិន​រារាំង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​នេះ​ទេ ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ​ផ្លូវ​បង្ខិត​ចូល​ត្រឹម​ណា លោក​នឹង​ធ្វើ​តាម​ការ​សម្រេច​របស់​អាជ្ញាធរ៖ «ខ្ញុំ​អត់​ដឹង​ទេ។ បើ​អាជ្ញាធរ​គេ​ឲ្យ​ខិត​ដល់​ណា ខ្ញុំ​ខិត​ដល់​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន ជា​ទង្វើ​ល្មើស​ច្បាប់។ ដូច្នេះ អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​បន្ទាន់​រឿង​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ។ លោក​ថា ការ​អូស​បន្លាយ​ពេល​ដោះស្រាយ​បញ្ហា​នេះ​របស់​អាជ្ញាធរ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​អាច​ងាយ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ៖ «ដោយសារ​ជនជាតិ​វៀតណាម ហ្នឹង​គេ​មាន​លុយ​កាក់។ យើង​មិន​ទាន់​ដឹង​ថា​គេ​ក្រឡុកក្រលៀត​ណា យើង​អត់​ទាន់​ដឹង​ទេ។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​នេះ ជនជាតិ​វៀតណាម នៅ​តែ​របៀប​ដូច​ថា​រឹង​ក្បាល​មិន​ព្រម​សម្របសម្រួល​អាជ្ញាធរ​ឲ្យ​ត្រូវ​ចឹង»

អ្នក​ភូមិ​អះអាង​ថា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ គម្រោង​កសាង​ផ្លូវលំ​មួយ​ខ្សែ​នេះ ជា​កញ្ចប់​ថវិកា​សង្កាត់​ស្ទឹងត្រែង មាន​ប្រវែង​ទទឹង ៥​ម៉ែត្រ បណ្តោយ​ប្រហែល​ជាង ៥០០​ម៉ែត្រ ភ្ជាប់​ផ្លូវ​លេខ​១៤ ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង។ អ្នក​ភូមិ​ថា អាជ្ញាធរ​បាន​ដោះស្រាយ​លម្អៀង​ទៅ​ឈ្មួញ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម ដោយ​បង្វែង​រោង​សិប្បកម្ម​ឈ្មួញ​រូប​នោះ​ចូល​ដី​ជា​កម្មសិទ្ធិ​ពលរដ្ឋ ព្រោះ​តែ​ឈ្មួញ​នោះ​មាន​លុយ​មាន​ឥទ្ធិពល។ លើស​ពី​នេះ មុន​ឆ្នាំ​២០១៥ ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពាក់​កណ្ដាល ដោយ​ឆ្ពោះ​ចូល​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ថៅកែ​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន ដើម្បី​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចូល​រោង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។