Leo Cup ចាប់ប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃនេះ

ការ​ប្រកួត​​​បាល់ទះ​ថ្នាក់​ជាតិ​ដណ្តើមពាន​រង្វាន់​ស្រាបៀ​រលីអូ ប្រចាំ​ឆ្នាំ ២០១៦ (Leo Cup National Volleyball 2016) នឹង​ធ្វើ​ការ​ប្រកួតដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​​ក្របខ័ណ្ឌ Division B នៅពហុកីឡដ្ឋាន​ជាតិ នាល្ងាច​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រក​ក្រុម​ខ្លាំងចំនួន​២​ឡើង​ទៅ​លេង​នៅ​ក្រប​ខ័ណ្ឌ Division A។

leocup

នៅ​ក្នុង​ការ​ប្រកួតដំណាក់កាល​ផ្តាច់​ព្រ័ត្រ​​នៃ​ក្របខ័ណ្ឌ Division B គឺ​ជា​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ទាំង​១០ ដែល​បានឈ្នះ​កៅ​អី​មក​ពី​មណ្ឌល​រាជធានីភ្នំពេញ មណ្ឌល​បាត់​ដំបង មណ្ឌល​ខេត្ត​ព្រះសីហនុ មណ្ឌល​ខេត្តកំពង់​ចាម និង​មណ្ឌល​ខេត្ត​សៀម​រាប។

​ក្រុម​ទាំង​១០ តំណាង​ឲ្យមណ្ឌល​ទាំង​៥​នេះ បាន​​បែង​ចែកការ​ប្រកួត​ជា​២​ពូល ដោយ​ក្នុង​នោះ​ពូល​Aមាន​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារកោះ​ឆ្នេរ ក្រុម​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និងកីឡា ក្រុមយុវជន​បាត់​ដំបង ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សសរស្កម្ភ និង​ក្រុម​ខ្មែរ​សាមគ្គី​ខេត្តកំពង់​ចាម រីឯ​ពូល​B មាន​ក្រុម Aqua Fmaily Resort ក្រុម​កង​ពល​តូច​អន្តរាគមន៍​លេខ​៧ ក្រុម​មន្ទីរ​អប់រំ យុវជន និងកីឡា​ខេត្ត​ប៉ៃលិន ក្រុម​យុវជន​ភ្នំពេញ​ថ្មី និង​ក្រុមស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម។

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​ថ្ងៃ​អាទិត្យ​​នេះ មានការ​ប្រកួត​តែ​២​គូ​ទេ ដែល​ធ្វើ​ឡើង​ចាប់​ពី​ល្ងាច​ម៉ោង​៦​ទៅ ដោយ​ក្នុង​នោះ​ក្រុម​កង​ពល​តូច​ការពារ​កោះឆ្នេរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សសរស្កម្ភ ចាប់​ពី​ម៉ោង​៦​ល្ងាច​ទៅ ហើយ​នៅ​ម៉ោង​បន្ទាប់​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​វិទ្យាស្ថាន​ជាតិអប់រំកាយ និងកីឡា និងក្រុម​យុវជន​បាត់​ដំបង៕