បើកបរ​លឿន​ពេក រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយ ប៉ូលិស​ផាក​៤០​ម៉ឺន

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ម៉ាក​កាម​រី​មួយ​គ្រឿង ពណ៌​បៃតង ស៊េរី​៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ២D.១៧.៨២ បើកបរ​ធ្លាក់​ប្រឡាយ​រង​របួសស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៣​ល្ងាច ថ្ងៃ​ទី​៣ មិថុនា ២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងភូមិ​តា​កេ​ត ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ​។

អ្នកបើកបរ​រថយន្ត​ឈ្មោះ សោម ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ រ៉ាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ
ខេត្តឧត្តរមានជ័យ​។

សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ជិះ​មាន​គ្នា​២​នាក់​នៅ​ក្នុង​រថយន្ត ស្រាប់
តែ​រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយ​ទៅ​ខាងស្តាំ​ដៃ​ក្រឡាប់ សំណាងល្អ​មនុស្ស​ម្នាក់​រង​របួសស្រាល​ បន្តិច​ក្រោយមក​គេ​បានឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ត្រពាំង
ប្រាសាទ ចុះ​មក​ដល់​ធ្វើការ​វាស់វែង​។

អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​បាន​អះអាង​ថា ពួក​គាត់​ទាំង​២​នាក់​នេះ មាន​គោល​បំណ​ង​ទៅ​ដឹកឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ តែ​ត្រូវ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ត្រូវ
ប៉ូលិស​ផ្នែក​ចរាចរណ៍​ផាកពិន័យ​អស់​៤០​ម៉ឺន​រៀល ពុំ​ដូច្នេះ​ទេ ប៉ូលិស​នឹង​យក​រថយន្តទៅ​អធិការ​ស្រុក ចំណែក​អ្នក​រង​របួសស្រាល​បង់​ឱ្យ​៨០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង​៕