ចាប់​ហើយ​ដោះ​លែង មិនមែន​ជា​រឿង​ចម្លែក

ខេត្តឧត្តរមានជ័យ ៖ អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​ពលរដ្ឋ​មួយ​កន្លែង និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០២ មិថុនា ២០១៦ ។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ  ខេត្តឧត្តរមានជ័យ​។ ស្ត្រី​ដែល​ជាប់ចោទ​ពី​បទ​ចែកចាយ​គ្រឿងញៀន ឈ្មោះ​គឹ​ម ហុង អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ពលរដ្ឋ​នៅ​ក្នុងស្រុក​បាន​រិះគន់​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ ចាប់​បាន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​គ្រឿងញៀន តែ​ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​បាន​ដោះ​លែង​មក​វិញ​។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ដោះ​លែង​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ដែល​បានឃើញ​ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ គី​ម ហុង ដែល​ជា​កូនប្រសារ​មេឃុំ​ត្រពាំង​ប្រាសាទ បាន​លើក​ឡើង​ថា ការ​បង្ក្រាប​គ្រឿងញៀន​ចាប់​បាន​ជនសង្ស័យ ហើយ​ដោះ​លែង​វិញ ពួក​គាត់​សង្ស័យ​ថា ប្រហែល​​មានការ​ត្រូវរ៉ូវ​គ្នា ដោយ​ប្រការ​ណាមួយ​។ ហើយ​ពួក​គាត់​មានការ​ព្រួយបារម្ភ​រឿង​បញ្ហា​អសន្តិសុខ​ចំពោះ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បើសិនជា​មាន​ករណី​ដូច​ខាងលើ​នេះ​។
ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា  ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ដោយ​មានការ​លាក់លៀម​ពី​សំណាក់​អង្គភាព​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ និង​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​យប់ នាទី​ថ្ងៃ​ទី​២ មិថុនា ២០១៦ ស្ថិត​នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ចំនួន​១៦​នាក់ ដែល​ដឹកនាំ​ដោយ លោក លី ដា​រិ​ទ្ធ ជា​មេ​បញ្ជា អាវុធហត្ថ​ស្រុក បាន​ធ្វើការ​ឡោម​ព័ទ្ធ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ហើយ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​មុខរបរ​លក់ដូរ និង​បាន​រឹបអូស​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់​តូច និង​១​កញ្ចប់​ធំ រួម​នឹង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​។

ស្ត្រី​ជា​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​នេះ ជា​កូនប្រសារ​របស់​លោក​មេឃុំ​ត្រពាំង​ប្រាសាទ ចំណែក​ប្តី​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ នៅ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ធ្វើការ​ឆែកឆេរ​ស្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន នាំ​មក​ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុក នៅ​យប់​ថ្ងៃ​ទី​ដដែល លុះ​ព្រឹក​ឡើង​មន្ត្រី​កងរាជអាវុធហត្ថ មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថត​យក​ព័ត៌មាន​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន ដែល​ជា​កូនប្រសារ​មេឃុំ​ត្រពាំង​ប្រាសាទ រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម (​ម៉ា​ទឹកកក​) ចំនួន ១១​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ហើយ​ត្រូវ​បាន​ដោះ​លែង​មក​វិញ ដោយ​លោក លី ដា​រិ​ទ្ធ មេ​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៤ មិថុនា ២០១៦ នេះ​ថា ជា​រឿង​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​បញ្ជាក់​ថា បើ​ចង់​ដឹង​ទៅ​សួរ​លោក​ព្រះរាជអាជ្ញា​ទៅ​។

ដោយឡែក​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​ខេត្តឧត្តរមានជ័យ មិន​អាច​ធ្វើការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​៕