ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​ចិន ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​នេះ

ក្នុង​ឱកាស​នៃ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​មុនី ប្រទេស​ចិន និង​កម្ពុជា​សន្យា​ពង្រឹង​ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី ។

ពេល​ជួប​គាល់​ព្រះមហាក្សត្រ​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី​៣ មិថុនា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ថ្លែង​ថា ចិន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ចំពោះ​មិត្តភាព​ពិសេស​ជាមួយ​គ្រួសារ​ព្រះ​រាជវង្ស​កម្ពុជា និង​ទំនាក់ទំនង​ទ្វេភាគី ហើយ​ជួយ​ទ្រទ្រង់​ដល់​មាគ៌​៌ា​នៃ​ការ​អភិវឌ្ឍន៍​ដែល​កម្ពុជា​បាន​ជ្រើសរើស​។

ដោយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ជិតខាង​ល្អ ជា​បងប្អូន និង​ជា​មិត្ត​ដ៏​ស្មោះត្រង់ លោក​ស៊ី ជី​ន​ពីង គូសបញ្ជាក់​ថា មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​២​ត្រូវ​បាន​ពង្រឹង​ដោយ​ប្រជាជន​ទាំង​២ ។ លោក​អំពាវនាវ​ដល់​ភាគី​ទាំង​២ ឱ្យ​ថែរក្សា​ការ​ផ្លាស់​ប្តូរ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ពិសេស​រវាង​ថ្នាក់ដឹកនាំ ហើយ​ពង្រឹង​ការ​ទាក់ទង​គ្នា​យុទ្ធសាស្ត្រ ។ លោក​គូស​បញ្ជាក់​ថា ភាគី​ទាំង​២​ត្រូវ​សម្របសម្រួល​គ្នា​ខាង​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍ ហើយ​ក៏​ជំរុញ​ការ​ចរចា​លើ​ឯកសារ​នានា​របស់​រដ្ឋាភិបាល​ទាក់ទិន​នឹង​គម្រោង​នៃ​ការ​ផ្តួចផ្តើម​គំនិត «​ខ្សែក្រវាត់ និង​ផ្លូវ​សូត​»  ។ លោក​អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ឱ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដូច​ជា កសិកម្ម ការ​អភិរក្ស​ទឹក ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍​ព័ត៌មានវិទ្យា និង​ការ​អនុវត្ត​ច្បាប់ ។

លោក​បន្ត​ថា កម្ពុជា និង​ចិន​ក៏​ត្រូវ​ពង្រីក​ផង​ដែរ ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ប្រជាជន ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ អប់រំ វប្បធម៌ ការ​ព្យាបាល​ខាង​សុខភាព ហើយ​ពង្រីក​ការ​ផ្លាស់​ប្តូរ​គ្នា រវាង​យុវជន ។

ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ចំពោះ​ការ​ជួយ​គាំទ្រ​ចាប់តាំងពី​យូរ​មក​ហើយ ដោយ​ព្រះ​អង្គ​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀម​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​សាកល​ជាមួយ​ចិន ។

នាយក​រដ្ឋមន្ត្រី​ចិន លោក LI KEQIANG និង​ប្រធាន​សភា​ប្រជាជន​ចិន លោក ZHANG DEJIANG ក៏​ជួប​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ដែរ​នា​រសៀល​ថ្ងៃ​ទី​៣ មិថុនា ៕