ក្រឡាប់​រថយន្ត​នៅ​ចំណោត​អន្ទង់អាំង ស្លាប់​និង​របួស​៩នាក់

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ក្រឡាប់​ពេល​ចុះ​ចំណោត​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​៣ និង​របួសស្រាល​៤​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦១-៦២ ស្ថិត​ក្នុងភូមិ​ជី​មៀ​ល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2052 ជា​រថយន្ត​ដឹក​ដែក​យក​ទៅ​រៀបចំ​ការ​តាំងពិព័រណ៍​នៅ​ខេត្តកោះកុង ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា ការ​ក្រឡាប់​នេះ​បណ្ដាល​មក​ពី​ពេល​រថយន្ត​កំពុង​ចុះ​ចំណោត​ដាក់​លេខ​មិន​ចូល​ធ្វើ​ឲ្យ​រថយន្ត​ចុះ​ចំណោត​កាន់តែ​លឿន ហើយ​ក៏​ទាញ​ចង្កូត​ក្រឡាប់​តែ​ម្តង ៕