ធ្វើ​សំណង់​មិនសូវ​កាក់​កក បែកគំនិត​ជាប់​ខ្នោះ

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​ធ្វើការ​ឃាត់ខ្លួន​ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

លោក​វរៈសេនីយ៍ទោ កាន កេ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ចាន់ ធី​បូ​រ៉ា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ក្នុង​ពេល​ដែរ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ា​ទឹកកក​៩​កញ្ចប់​តូច ស្មើ​និង​២,៩​ក្រាម ប្រាក់​ថៃ​ចំនួន​២០​បាត ប្រាក់​ខ្មែរ​២​ពាន់​រៀល ប្រាក់​ដុល្លារ​១០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

បើ​តាម​ចម្លើយ​សារភាព​របស់​សង្ស័យ​ឈ្មោះ ចាន់ ធី​បូ​រ៉ា បានអោយ​ដឹង​ថា រូបគេ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នេះ​ទើបតែ​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ដោយ​លក់​អោយ​អ្នក​ប្រើប្រាស់​បាន ប្រមាណ​ជា​១០​ដង ហើយ​នៅ​ពេល​រូបគេ​លក់​ថ្នាំ​ទាំងនេះ​អស់ គឺ​ខ្លួន​បាន​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ទៅ​កាន់​មនុស្ស​ម្នាក់​នៅ​ឯ​រាជធានី​ភ្នំពេញ​ដើម្បី​បាន​ថ្នាំ​យក​មក​លក់​បន្ត​ទៀត ។