អត់​លុយ​ទិញ​ថ្នាំ​ញៀន ឆក់​កាបូប​ជាប់​ខ្នោះ

ខេត្តកណ្ដាល ៖ បុរស​ញៀន​ថ្នាំ​ពីរ​នាក់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន គ្រា​ដែល​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​តាម​ផ្លូវ​ពី​ស្ត្រី​ម្នាក់ កាលពី​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ មិថុនា ២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ មុខ​ហាង​៩៩ ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​មានឈ្មោះ គិត តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ សាន់ រតន​: ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មុខរបរ​មិន​ពិត​ប្រាកដ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​គង់ ស្រី​សៀង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ មាន​ជ័យ ។

ក្រោយ​ពី​ចាប់ខ្លួន និង​វត្ថុ​តាង មាន​ម៉ូតូ​០១​គ្រឿង ម៉ាក SCOOPY ពណ៌​សលាយ​ផ្កាឈូក គ្មាន​ផ្លា​ក​លេខ (​របស់​ជនសង្ស័យ​)​។ ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក Mobile ពណ៌​ខ្មៅ (​របស់​ជនសង្ស័យ​) និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក Iphone6 ពណ៌​ខ្មៅ (​របស់​ជន​រង​គ្រោះ​) ព្រមទាំង​កាបូបស្ពាយ​ពណ៌​ខ្មៅ ០១ (​របស់​ជន​រង​គ្រោះ​) ក្នុង​នោះ​ប្រាក់​រៀល​ចំនួន​២០.០០០​រៀល ។