កម្មការិនី​ទាំង​៨០០​នាក់ ​ត្រឡប់​មក​ធ្វើការ​វិញ​ហើយ​ បន្ទាប់​ពី​ថៅកែ​រោងចក្រ​​​បណ្ដេញ​ជនជាតិ​ចិន​​​ចេញពី​ការងារ

កម្មការិនី​ទាំង​៨០០​នាក់ ​ត្រឡប់​មក​ធ្វើការ​វិញ​ហើយ​ បន្ទាប់​ពី​ថៅកែ​រោងចក្រ​​​បណ្ដេញ​ជនជាតិ​ចិន​​​ចេញពី​ការងារ



ពោធិ៍សាត់ ​៖​ រោងចក្រ​កាត់ដេរ​របស់​ក្រុមហ៊ុន តៃ​អ៊ីស៊ី​​ ​បន្ទាប់ពី​កម្មការិនី​ធ្វើ​កូដកម្ម​ចំនួន​៨០០​នាក់​ដើរចេញ​មិនបាន​ធ្វើការ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ ​ដោយសារ​កំហុស​​ឆ្គង​​របស់​ជនជាតិ​ចិន​កាន់​ខាងQC​នោះ​​ ថៅកែ​រោងចក្រ​នេះ​ក៏​បាន​បណ្ដេញ​​​ជនជាតិ​ចិន​នោះ ​ភ្លាមៗ​ចេញ​ពី​ការងារ ហើយ​កម្មការិនី​រោងចក្រ​ទាំងអស់​ ក៏​​បាន​​ចូល​មក​ធ្វើ​ការងារ​តាម​កន្លែង​​​រៀងៗ​ខ្លួន​វិញ។ នេះ​បើ​តាម​លោក​លី ម៉េង​ឃៀង​ ផ្នែក​រដ្ឋបាល​រោងចក្រ​នេះ​ ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៦ ​មុន​នេះ​បន្តិច។

លោក​​​បន្ត​ថា ​៖ ​ទង្វើ​ខុសឆ្គង​របស់​ជនជាតិ​ចិន ​ ដែល​កាន់ការ​ខាង​QC​នោះ​ គឺ​ថៅកែ​រោងចក្រ​បាន​ដក​​​ចេញ​ លែង​ឲ្យ​ធ្វើការ​ហើយ ​ហើយ​​កម្មការិនី​រោងចក្រ​ទាំងអស់​ក៏​បាន​នាំគ្នា​ចូល​ធ្វើ​ការ​វិញ​ជា​ធម្មតា​ ព្រោះ​អី​ក្រុមហ៊ុន​កាត់ដេ​តៃ​អ៊ីស៊ី​យើង​​ សុទ្ធតែ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ តាម​តាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រាក់ខែ​របស់​គេ​ទទួល​បាន​គ្រប់​ចំនួន​មួយ​ភាគរយ។ មិនតែប៉ុណ្ណោះ​ខាង​ក្រុមហ៊ុន​បាន​ជួយ​បន្ថែម​នៅ​អង្ករ​ដល់​កម្មការិនី​ក្នុង​ម្នាក់ៗ​ទទួល​បាន​មួយ​ខែ​ចំនួន​អង្ករ​១៥​គីឡូក្រាម​ទៀត ព្រមទាំង​ផ្ដល់​លទ្ធភាព​ទៅ​កម្មការិនី​ទាំងគ្រប់​បែប​​យ៉ាង ​ក្នុង​ពេល​មាន​បញ្ហា​​ដើម្បី​ឲ្យ​តំណាង​ចូល​មក​ដោះស្រាយ​គ្នា។

លោក លី ម៉េងឃៀង ក៏​បាន​បញ្ជាក់​ចុង​ក្រោយ​​ថា ​៖ ខាង​ក្រុមហ៊ុន​មានការ​សោកស្ដាយ​ណាស់ ដោយសារ​តែ​កម្មការិនី​​​ធ្វើ​បែប​នេះ​ ​​ដោយ​ពុំ​ឲ្យ​តំណាង​​របស់​ខ្លួន​ មក​ជួប​គ្នា​រក​ខុសត្រូវ​ទៅ​តាម​ច្បាប់ ​ដែល​បាន​ចែង រវាង​ភាគី​ក្រុមហ៊ុន​ និង​ភាគី​កម្មការិនី ​ហើយ​​​​នាំគ្នា​ដើរចេញ​មិន​ចូល​ធ្វើការ​បែបនេះ។

លោក​បញ្ជាក់​បន្ថែម​ថា ​​​មាន​កម្មការិនី​មួយ​ចំនួន​តូច រង់ចាំ​តែ​មាន​រឿង​តិចតួច​មិន​ចេះ​យោគយល់ ក៏​បំផុស​បំផ្លើស​ការពិត​ ឲ្យ​ក្លាយ​ជា​រឿង​ធំ​ នាំគ្នា​ឈប់​ធ្វើការ​ក៏​មាន​ដែរ។ ទោះ​យ៉ាង​ណា​ខាង​ក្រុមហ៊ុន​​ ​នៅតែ​សម្រួល​ជាមួយ​ខាង​អាជ្ញាធរ និង​​ខាង​ក្រុម​ប្រឹក្សា​ ទទួលខុសត្រូវ​កិច្ចការ​រោងចក្រ​ ក្នុង​ការ​ដោះស្រាយ​ជាមួយ​កម្មការិនី​ទាំងនេះ​ដើម្បី​រក​ពី​មូលហេតុ កើតឡើង​ឲ្យ​ច្បាស់លាស់​​ឈាន​ទៅ​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ​​ធ្វើ​ការងារ​ឡើងវិញ ដោយ​សន្តិវិធី ​ពុំ​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​ប្រើ​អំពើ​ហិង្សា​ណា​ឡើយ។

គួរ​បញ្ជាក់​ថា ​រោងចក្រ​តៃអ៊ីស៊ី ​​​មាន​ទីតាំង​ នៅ​ក្នុង ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់ ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ ​កម្មការិនី​រោងចក្រ​នេះ​ទាំង​អស់​ជាង​៨០០នាក់​បាន​ធ្វើ​កូដកម្ម​ឈប់​ធ្វើការ ​​ដោយ​នាំ​គ្នា​ដើរ​ចេញ​ពី​ក្រុមហ៊ុន ​ដោយ​ពួកគាត់​អះអាង​ថា ​បាន​រង​ការ​ប្រមាថ​មាក់ងាយ​ពី​ជនជាតិ​ចិន​កាន់​ខាង​QC៕