នគរបាល​ខណ្ឌ​សែន​សុខ​​ បង្កើន​យុទ្ធសាស្ត្រ​ថ្មី​វាយលុក​បង្ក្រាប​អ្នកលក់​ថ្នាំញៀន

នគរបាល​ខណ្ឌ​សែន​សុខ​​ បង្កើន​យុទ្ធសាស្ត្រ​ថ្មី​វាយលុក​បង្ក្រាប​អ្នកលក់​ថ្នាំញៀន



ភ្នំពេញ​ ៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល ខណ្ឌ​សែន​សុខ បាន​ប្ដូរ​យុទ្ធសាស្ត្រ ដោយ​បង្កើន​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្សារ​លក់​ថ្នាំញៀន​លួចលាក់​នៅមុខ​អតីត​មន្ទីរពេទ្យ​ព្រះសង្ឃ ​ក្នុង​ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​កាលពី​យប់​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​០៤ ​ខែ​មិថុនា ឆ្នាំ​២០១៦។

នៅ​ក្នុង​ការ​បង្ក្រាប​នោះ ​ក្រុម​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ចំនួន​២៨​នាក់ និង​ដកហូត​បាន​នូវ​ថ្នាំញៀន​ ឧបករណ៍​ កែច្នៃ​សម្រាប់​ប្រើប្រាស់​(​សេព​)​មួយ​ចំនួន​ទៀត ដែល​ការ​បង្ក្រាប​នេះ​​ធ្វើ​ឡើង​​ក្នុង​រូបភាព​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​តាម​ផ្ទះ​ជួល​នានា​នៅ​ទីនោះ។

ក្រុម​ជន​សង្ស័យ​ទាំង​២៨​នាក់​នោះ​មាន​ស្រី​ចំនួន​២​នាក់​ប៉ុណ្ណោះ​ ហើយ​ពួកគេ​​​កំពុង​ត្រូវ​បាន​នាំ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ​ដើម្បី​សួរនាំ និង​ត្រួតពិនិត្យ​រក​សារជាតិ​ថ្នាំញៀន​តាមរយៈ​ការពិនិត្យ​ទឹកនោម​តាម​លក្ខណៈ​បច្ចេកទេស​ទំនើប​ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ។

កន្លងមក​សមត្ថកិច្ច​មូលដ្ឋាន​​ ​បាន​ចុះ​បង្ក្រាប​នៅ​ទីនេះ​ក្នុង​១​សប្ដាហ៍​ម្ដង ​តែ​ពេល​នេះ​គេ​សង្កេត​​ឃើញ​សមត្ថកិច្ច​នគរបាល ហាក់​ដូច​ជា​មាន​សកម្មភាព​មមាញឹក ដោយ​​បញ្ចេញ​សាច់ដុំ​ចុះ​មក​បង្ក្រាប តំបន់​ផ្សារ​លក់​គ្រឿងញៀន​នៅ​ទី​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​ជា​ការ​​បង្កើន​នូវ​យុទ្ធសាស្ត្រ​ថ្មី និង​បង្ហាញ​ពី​ជំហរ​រឹងមាំ​របស់​ខ្លួន​ប្លែក​ពី​ពេល​មុនៗ។

មាន​ការ​កោតសរសើរ​ពី​ប្រជាជន​នៅ​តំបន់​នោះ​ ក៏ដូចជា​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ថា សមត្ថកិច្ច​ធ្វើ​ជា​ឧស្សាហ៍ នឹក​​ឃើញ​​ម្តង​ៗ​ប៉ុណ្ណោះ​ បញ្ចេញ​ស្នាដៃ​ឲ្យ​គេ​ឃើញ ​ដូច​ពេល​កន្លង​ម​ក រួច​ក៏​បាត់​ស្ងាត់ឈឹង​ទៅ៕
នគរបាល​ខណ្ឌ​សែន​សុខ​​ បង្កើន​យុទ្ធសាស្ត្រ​ថ្មី​វាយលុក​បង្ក្រាប​អ្នកលក់​ថ្នាំញៀន

នគរបាល​ខណ្ឌ​សែន​សុខ​​ បង្កើន​យុទ្ធសាស្ត្រ​ថ្មី​វាយលុក​បង្ក្រាប​អ្នកលក់​ថ្នាំញៀន