វិធី​ធ្វើ​ថ្នាំដុសធ្មេញ​ឱ្យ​ស​

Videos


គ្រឿងផ្សំសំខាន់មួយមុខនៃរូបមន្តថ្នាំដុសធ្មេញឱ្យសនេះ គឺ រមៀត។ ទោះជារមៀតមានពណ៌លឿងទុំឆ្អិនឆ្អៅងាយនឹងប្រឡាក់ក៏ពិតមែនប៉ុន្តែវាជាឱសថជួយឱ្យធ្មេញសនិងភ្លឺរលោងបានយ៉ាងមានប្រសិទ្ធភាព ។ ក្រៅពីនេះរមៀតមានប្រសិទ្ធភាពបំបាត់អាការស្រៀវធ្មេញ បំបាត់រលាក ការពារមេរោគ ទៀតផង ។

វិធី​ធ្វើ​ថ្នាំដុសធ្មេញ​ឱ្យ​ស​

គ្រឿងផ្សំផ្សេងទៀតដូចជាបេកឃីងសូដា និងប្រេងដូង ជួយធ្វើឱ្យធ្មេញសបន្ថែមទៀតដោយសារវាសម្បូរសារធាតុសូដ្យូមកាបូណាត២ និងដើរតួជាគ្រាប់ល្អិតតូចៗជួយខាត់ធ្មេញឱ្យស ។ ប្រេងដូងគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការជួយដល់សុខភាពមាត់ធ្មេញ ហេតុនេះហើយទើបភាគច្រើនគេប្រើវិធីខ្ពុរប្រេងដូងដើម្បីព្យាបាលអាការឈឺធ្មេញ ក្លិនមាត់ ធ្មេញស្រៀវ និងជំងឺអញ្ចាញ។

គ្រឿងផ្សំ
– ម្សៅរមៀត
– បេកឃីងសូដា
– ប្រេងដូង
– ចានក្រឡូមមួយ
– ស្លាបព្រាសម្រាប់លាយមួយ
– ស្លាបព្រាសម្រាប់វាស់បរិមាណមួយ
– ក្រឡ ឬ កែវមានគំរបបិតជិតសម្រាប់រក្សាទុក

វិធីធ្វើ
១. ដាក់ម្សៅរមៀត៤ស្លាបព្រាបាយទៅក្នុងចាន
២. បន្ថែមបេកឃីងសូដា ២ស្លាបព្រាកាហ្វេ
៣. បន្ថែមប្រេងដូង (ប្រេងធម្មជាតិ) ប្រមាណ ២ស្លាបព្រាបាយកន្លះ ទៅ៣ស្លាបព្រា
៤. ប្រើសម ឬស្លាបព្រាលាយគ្រឿងផ្សំទាំងនេះចូលគ្នាឱ្យសព្វ រួចដាក់ក្នុងកែវ ឬក្រឡ ជាការស្រេច

វិធីប្រើ
១. កៀរ ឬបៀកយកបរិមាណត្រឹម២ស្លាបព្រាកាហ្វេ ដោយប្រើច្រាសដុសធ្មេញ
២. ដុសធ្មេញថ្នមៗ ប្រមាណជា ១ទៅ ២នាទី
៣. ខ្ពុរមាត់ដោយប្រើប្រេងដូង ១ស្លាបព្រាកាហ្វេ ១នាទីទៀត
៤. លាងមាត់ចេញដោយប្រើទឹកធម្មតា
៥. គួរធ្វើឱ្យបាន ៤ទៅ៥ដង ក្នុង១សប្តាហ៍ និងបន្តធ្វើឱ្យបានពីរបីសប្តាហ៍ ដោយកាត់បន្ថយចំនួនដងក្នុងមួយសប្តាហ៍បន្តិចម្តងៗ រហូតនៅសល់ត្រឹម ១ឬ២ដងក្នុង១សប្តាហ៍
ប្រយ័ត្ន ៖ ល្បាយថ្នាំដុសធ្មេញនេះ អាចនឹងបង្កស្នាមប្រឡាក់ជុំវិញបបូរមាត់ ដូចនេះ គួរប្រយ័ត្ននៅពេលដុសធ្មេញ។ ប្រសិនបើស្នាមពណ៌រមៀតប្រឡាក់ខោអាវ អ្នកអាចត្រាំកន្លែងប្រឡាក់ជាមួយទឹកដោះគោប្រមាណ ៥នាទី មុននឹងលាងចេញ។

គន្លឹះបន្ថែម
• រក្សាទុកល្បាយនៅសល់ក្នុងកែវ ក្នុងទូរទឹកកក សម្រាប់ប្រើរយៈពេលបីបួនថ្ងៃបន្ទាប់ទៀត
• ប្រសិនបើអ្នកចង់ធ្វើក្នុងបរិមាណតិចជាងនេះ គួរកាត់បន្ថយគ្រឿងផ្សំឱ្យសមាមាត្រទៅតាមនោះ
• វិធីនេះអាចបណ្តាលឱ្យច្រាសដុសធ្មេញប្រឡាក់ ដូចនេះ អ្នកអាចប្រើច្រាសដុសធ្មេញ២ដោយឡែកពីគ្នា
• ក្រៅពីប្រើវិធីនេះ អ្នកក៏អាចប្រើវិធីផ្សេងទៀតដូចជាខ្ពុរប្រេងដូងជាដើម ៕ លក្ខិណា