NOCC បញ្ជាក់ពីសមាសភាពជាក់លាក់ ត្រូវទៅប្រកួតអូឡាំពិក នៅប្រេស៊ីល

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនូវសមាសភាពជាក់លាក់ ដែលត្រូវចេញទៅប្រកួតអូឡាំពិកអន្តរជាតិនៅទីក្រុងរីយោ ប្រទេសប្រស៊ីល នាខែសីហា ខាងមុខនោះ ដោយក្នុងនោះមានអត្តពលិក៦នាក់ ព្រមទាំងគណៈប្រតិភូ មន្រ្តីកីឡា និងគ្រូបង្វឹកចំនួន១៨នាក់ទៀត។
mm2

យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃសុក្រ កន្លងមកនេះគឺមានអត្តពលិកតែ២រូបទេ ដែលបានបង្ហាញវត្តមានគឺកីឡាការិនីចំបាប់ ចូវ សុធារ៉ា និងកីឡាកររត់ម៉ារ៉ាតុង ជនជាតិជប៉ុនសញ្ជាតិខ្មែរ Takizaki Kuniski (Neko) ខណៈអត្តពលិកចំនួន៤នាក់ទៀត សុទ្ធតែជាប់ហ្វឹកហាត់នៅក្រៅប្រទេស។
mm1

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា ក្រៅពីប្រធាន NOCC និងអគ្គលេខាធិការ NOCC ដែលបានទទួលសិទ្ធិដោយការអញ្ជើញជាពិសេសនោះ គឺប្រតិភូរបស់កម្ពុជាមានចំនួន១៦រូប ដោយរាប់បញ្ចូលទាំងមន្ត្រីនានា គ្រូពេទ្យ និងគ្រូបង្វឹក ក៏ត្រូវទៅចូលរួមការប្រកួតនោះដែរ ខណៈការពិធីបើកការប្រកួតអូឡាំពិកនៅទីក្រុងរីយោ ប្រទេសប្រេស៊ីល នឹងធ្វើនៅនៅថ្ងៃទី៥ខែសីហា នឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ ហេតុនេះប្រតិភូកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
mm3

គួរបញ្ជាក់ថា នៅក្នុងចំណោមអត្តពលិកទាំង៦នាក់(ស្រី៣នាក់) ត្រៀមចេញទៅប្រកួតអូឡាំពិក នាពេលខាងមុខនេះ គឺមានតែកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មួយគត់ ដែលបានឈ្នះកៅអីទៅប្រកួតដោយពេញសិទ្ធិ បន្ទាប់ពីកញ្ញា បានទទួលមានមេដាយមាស ក្នុងការប្រកួតជម្រុះអូឡាំពិក នៅប្រទេសហ្វីលីពីន កន្លងមកនេះ។
mm4

ចំណែកអត្តពលិក៥នាក់ទៀត សុទ្ធតែទទួលបានសិទ្ធិអនុគ្រោះឲ្យចូលរូមការប្រកួតអូឡាំពិកនេះដូចគ្នា ដោយក្នុងនោះមានកីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាករ Neko កីឡាការិនីផ្នែករត់ម៉ារ៉ាតុង លី ណារ៉ា ដែលកំពុងហាត់នៅប្រទេសកេនយ៉ា កីឡាការិនីហែលទឹក ហែម ថុនវិទីនី ដែលកំពុងហ្វឹកហាត់នៅប្រទេសថៃ និងកីឡាករហែលទឹក ពូ សុវិចា រស់នៅសហរដ្ឋអាមេរិក និហាត់នៅទីនោះ។ ហែម ថុនវិទីនី នឹងប្រកួតហែលសេរីចម្ងាយ៥០ម៉ែត្រ ហើយ ពូ សុវិចា នឹងហែលសេរីចម្ងាយ១០០ម៉ែត្រ។

យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បានដាក់ក្តីសង្ឃឹមតែទៅលើ ស៊ន សៀវម៉ី ដែលកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង មួយទេ ដោយលោករំពឹងថា ស៊ន សៀវម៉ី អាចដណ្តើមបានមេដាយជូនជាតិ ជាប្រវត្តិសាស្រ្តនៅក្នុងការប្រកួតអូឡាំពិកនេះ ប៉ុន្តែអត្តពលិក៥នាក់ទៀត លោកមិនសូវរំពឹងនោះទេ ព្រោះពួកគេត្រូវជួបអ្នកខ្លាំងៗច្រើនពេក៕