​អា​ការៈដែល​បញ្ជាក់ថា បេះដូង​កំពុងតែ​មាន​អ្វី​ខុស​ប្រក្រតី​ហើយ​

​អា​ការៈដែល​បញ្ជាក់ថា បេះដូង​កំពុងតែ​មាន​អ្វី​ខុស​ប្រក្រតី​ហើយ​

​ជំងឺ​បេះដូង គឺជា​ដើមហេតុ​មួយ ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​។ វា​ក៏​ជា​ជំងឺ ដែល​អាច​កើតឡើង​ភ្លាមៗ​បានដែរ ព្រមទាំង​មិន​មាន​អាការៈ​ប្រាប់​មុន​ទៀត​ផង​។ ថ្វី​បើ​ជំងឺ​បេះដូង អាច​ពិបាក​នឹង​សម្គាល់​រោគសញ្ញា​ភ្លាមៗ​នោះ រាងកាយ​យើង​ក៏​អាច​បង្ហាញ​ជា​រឿង​ខុស​ប្រក្រតី ដែល​អាច​ឲ្យ​យើង​គិតថា បណ្តាល​មក​ពី​បេះ​ដូង​ដែរ​។

ពិបាក​ដកដង្ហើម​
បើសិន​ជា​អ្នក​ចាប់ផ្តើម មាន​អា​ការៈពិបាក​ដកដង្ហើម គ្រាន់​តែ​ដើរ​ពី​ផ្ទះបាយ ទៅ​បន្ទប់​គេង​នោះ អ្នក​គួរតែ​បារម្ភ​ហើយ ព្រោះ​វា​អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​បេះដូង​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ពិបាក​ដកដង្ហើម ពេល​កំពុង​តែ​គេង​នោះ នោះ​ក៏​អាច​ជា​សញ្ញា របស់​ជំងឺ​បេះដូង​ដែរ​។ ដូច្នេះ អ្នក​គួរតែ​ណាត់​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​តេស្ត​រកមើល​សុខភាព​បេះដូង​ទៅ​។

ឈឺ​ក្រពះ​
ស្ត្រី​មួយ​ចំនួន ដែល​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង បាន​ប្រាប់​អំពី​បទ​ពិសោធន៍ នៃ​ការ​ឈឺក្រពះ​ធ្ងន់ធ្ងរ រយៈពេល​ពីរ​បី​ថ្ងៃ មុនពេល​ចេញ​ជា​ជំងឺ​គាំងបេះដូង​។ ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​ដែល​ធ្លាប់មាន​បញ្ហា​ក្រពះ​មិន​កិន​នោះ ក៏​អាច​ជា​សញ្ញា​មួយ​របស់​បញ្ហា​បេះដូង​ដែរ​។

ឈឺ​ទ្រូង​
មនុស្ស​ភាគច្រើន តែងតែ​មិន​បាន​គិត​ដល់ អំពី​សញ្ញា​ធម្មតា​នៃ​ការ​ឈឺទ្រូង អាច​ទាក់ទង​នឹង​ជំងឺ​គាំងបេះដូង​នោះទេ​។ ប៉ុន្តែ អ្នក​ដែល​មាន​ជំងឺ​គាំងបេះដូង​តែម្តង ច្រើន​តែ​មាន​អារម្មណ៍​ថា ដូចជា​មាន​សម្ពាធ​ខ្លាំង នៅក្នុង​ទ្រូង​របស់​ពួកគេ​។ ការឈឺចាប់​នេះ អាច​នឹង​ឈឺ​ចាក់​ទៅ​កន្លែង​ផ្សេងៗ នៃ​រាងកាយ​ទៀត​ដូចជា ក ថ្គាម ឬ​ស្មា​។ បើសិន​ជា​អ្នក​ធ្លាប់មាន បញ្ហា​ឈឺទ្រូង​ក្នុងពេល ឬ​ក្រោយ​ពេល​ហាត់ប្រាណ​នោះ វា​អាច​បញ្ជាក់​ថា អ្នក​មិន​មាន​លំហូរ​ឈាម​ល្អ​ឡើយ​។

រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​
មនុស្ស​យើង​តែង​មាន​ជំងឺ​ផ្តាសាយ​ខុសៗ​គ្នា ប៉ុន្តែ រោគសញ្ញា​ញឹកញាប់​ជាងគេ​នោះ មានដូចជា អស់កម្លាំង បែកញើស​ស្អិត និង​ចង្អោ​។ អាការៈ​ទាំងនេះ អាច​បញ្ជាក់​ថា ជា​ជំងឺ​ផ្តាសាយ ឬ​សញ្ញា​មួយ​នៃ​ការ​កង្វះ​លំហូរ​ឈាម​។

អស់កម្លាំង​
ស្ត្រី​ដែល​ងាយ​មាន​ជំងឺ​គាំងបេះដូង ច្រើន​តែ​មាន​អារម្មណ៍​ថា គេង​មិនបាន និង​អស់កម្លាំង​រយៈពេល​ពីរ​បី​សប្តាហ៍ មុន​នឹង​ចេញ​រោគសញ្ញា​គាំងបេះដូង​។ ការ​គេង​មិនបាន ឬ​ផ្លាស់ប្តូរ​របៀប​នៃ​ការ​គេង អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​បេះដូង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។