​អំពូល​ភ្លើង​រាត្រី ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

​អំពូល​ភ្លើង​រាត្រី ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

​អ្វី​ដែល​ជា​ទម្លាប់​ដ៏​ញឹកញាប់ របស់​មនុស្ស​ភាគច្រើន តែងតែ​ធ្វើ​នោះ គឺ​ការមើល​ទូរទស្សន៍ មុន​ពេល​គេង​។ អ្នកខ្លះ មើល​ទូរទស្សន៍​រហូត​ដល់ ទូរទស្សន៍​មើល​វិញ​ក៏​មាន​ដែរ ដែល​ជាហេតុ​នាំឲ្យ ប៉ះពាល់​ដល់​សុខភាព​បាន​។

​មាន​មនុស្ស​ជាច្រើន មិន​អាច​គេង​លក់​សោះ ទោះបីជា​កន្លែង​គេង​នោះ​ងងឹតស្លុប​ក៏ដោយ​។ ដូច្នេះ ពួកគេ​ច្រើន​តែ​ត្រូវការ​ភ្លើង​បន្ថែម​បន្តិច ទើប​អាច​ជំនួយ​ដល់​ការ​គេង ជាពិសេស អំពូល​ភ្លើង​រាត្រី​តែម្តង​។ តើ​ការប្រើ​អំពូល​ភ្លើង​រាត្រី​បែបនេះ អាច​ប៉ះពាល់​ដល់​សុខភាព​អ្វីខ្លះ​ដែរ​ទៅ​?

គេង​ឧស្សាហ៍​ភ្ញាក់​
រាងកាយ​ទាំងមូល​របស់​យើង គឺ​មាន​វដ្ត​មួយ ដែល​ចាប់ផ្តើម​ពី​ការ​កន្ត្រាក់​របស់​បេះដូង រហូត​ដល់​គេង​លក់​។ តែ​វដ្ត​នេះដែរ ងាយ​នឹង​រង​ប៉ះពាល់​ដោយសារ​ពន្លឺ​ណាស់​។ ការសិក្សា​បង្ហាញថា អ្នក​ដែល​ធ្វើការ​ថែម​ម៉ោង គឺ​ប្រឈម​ខ្លាំង នឹង​តម្រូវការ​នៃ​ការ​គេង​នៅ​ពេល​ថ្ងៃ និង​គេង​មិន​លក់ នៅពេល​យប់​ទៅ​វិញ​។ ហេតុផល​ដែល​ធ្វើឲ្យ​ពន្លឺភ្លើង​រាត្រី ប៉ះពាល់​ដល់​សុខភាព​នោះ​គឺថា វា​ទៅ​ទប់ស្កាត់​ការផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​ជំរុញ​ដល់​ការ​ងងុយគេង​។ ដូច្នេះ បើសិន​ជា​ចំនួន​របស់​វា​មិន​គ្រប់គ្រាន់ អ្នក​ពិតជា​ងាយ នឹង​មាន​ជំងឺ​គេង​មិន​លក់​ណាស់​។

មហារីក​
ការសិក្សា​បាន​បង្ហាញថា មាន​ការកើនឡើង​ជំងឺមហារីក គួរឲ្យ​កត់សម្គាល់​មួយ នៅពេល​ដែល​អ្នក​មាន​ទម្លាប់ ប្រើ​ភ្លើង​រាត្រី​រយៈពេល​យូរ​។ មូលហេតុ​របស់​វា​នោះ​គឺ មិនទាន់​ដឹង​ច្បាស់​ទេ តែ​គ្រាន់តែ​ដឹងថា វា​ធ្វើឲ្យ​មាន​បម្រែបម្រួល​អ័រម៉ូន និង​អ័រម៉ូន Cortisol ក្នុង​រាងកាយ នៅពេលដែល​មិន​អាច​គេង​លក់​។

បាក់​ទឹកចិត្ត​
ការ​គេង​មិន​លក់ ច្រើន​តែ​ទាក់ទង​ខ្លាំង​នឹង​ការបាក់​ទឹកចិត្ត​។ ការស្រាវជ្រាវ​បង្ហាញថា រាល់​ទម្រង់​ទាំងអស់​នៃ​ភ្លើង​រាត្រី សុទ្ធ​តែ​អាច​បង្កើន​ការ​ប្រឈម នឹង​ការបាក់​ទឹកចិត្ត​បាន​ទាំងអស់​។ អ្វី​ដែល​ល្អ​នោះ​គឺថា នៅ​ពេល​អ្នក​ឈប់​ប្រើ​ភ្លើង​រាត្រី​ទៀត វា​នឹង​ធ្វើឲ្យ​អ្វីៗ​វិល​មក​ធម្មតា​វិញ​។

ធាត់​ជ្រុល​
អ្នក​ដែល​មាន​ទម្លាប់​គេង​មិន​ទៀងទាត់ និង​ប្រើ​ភ្លើង​រាត្រី​ទៀត​នោះ ទំនង​ជា​ងាយ​ធាត់​ជ្រុល ដោយសារតែ​បម្រែបម្រួល​របស់​រាងកាយ និង​បង្កើន​ការ​ឃ្លាន​ខ្លាំង ដោយសារ​តែ​អស់កម្លាំង នៅពេល​គេង​មិន​បាន​គ្រប់​។

សុខភាព​ផ្លូវ​បន្ត​ពូជ​
ការសិក្សា​បង្ហាញថា ស្ត្រី​មាន​ការប៉ះពាល់​ខ្លាំងជាងគេ នៅពេល​ប្រើប្រាស់​ភ្លើង​រាត្រី​ច្រើន នៅពេល​គេង ព្រោះ​វា​ធ្វើឲ្យមាន​បញ្ហា​ច្រើន ទៅ​លើ​ផ្លូវ​បន្ត​ពូជ​របស់​ពួកគេ នៅ​ពេល​ប្រឈមមុខ​កាន់តែ​យូរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។