អត្តពលិកចំបាប់១៥នាក់ ឆ្លងផុតការធ្វើតេស្ត ក្នុងដំណើរឆ្ពោះប្រកួតយុវជនអូឡាំពិក

អត្តពិលវ័យក្មេងរបស់ចំបាប់ចំនួន១៥នាក់ បានក្លាយជាបេក្ខភាព ដែលត្រូវបន្តទៅប្រកួតធ្វើតេស្តជាលើកទី២ បន្ទាប់ពីពួកគេបានឆ្លងផុតការធ្វើតេស្តលើកទី១ នៅក្នុងសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ ហើយការធ្វើតេស្តនេះគឺ ដើម្បីស្វែងរកយុវជនឆ្នើមចំនួន៥នាក់ ត្រៀមចូលរួមការប្រកួតជើងឯកយុវជនអូឡាំពិករដូវក្តៅ ក្នុងខែតុលា ឆ្នាំ២០១៨(2018 Summer Youth Olympic Games) នៅប្រទេសអាហ្សង់ទីន។
mm13

សម្រាប់ការធ្វើតេស្តលើកទី១ ពេញមួយព្រឹក កាលពីថ្ងៃសៅរ៍នោះ គឺមានអត្តពលិកវ័យក្មេងចំនួន២៥នាក់ បានចូលរួម ដែលពួកគេភាគច្រើនកំពុងហ្វឹកហាត់ក្នុងការប្រមូលផ្តុំថ្នាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ គណៈកម្មការរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ជ្រើសរើសបានអ្នកមានទេពកោសល្យចំនួន១៥នាក់ ដើម្បីយកទៅបន្តធ្វើតេស្តជាលើកទី២ ដែលអាចនឹងធ្វើនៅរយៈពេល៣ខែក្រោយទៀត។
mm12

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ថា ការធ្វើតេស្តទៅដល់យុវជនចំនួន២៥នាក់នេះ គឺធ្វើឡើងក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា(NOCC) ហើយក៏ស្របតាមផែនការយុទ្ធសាស្រ្តនៃការប្រមូលផ្តុំយុវជនថ្នាលរបស់ក្រសួងផងដែរ ហើយសមត្ថភាព និងបច្ចេកទេសរបស់អ្នកទាំង១៥នាក់ ដែលបានចាប់នៅក្នុងការធ្វើតេស្តិ៍លើកទី១នេះគឺយើងអាចទទួលយកបាន។
mm11

លោកបានបញ្ជាក់ថា៖«អ្នកទាំង១៥នាក់ ដែលបានឆ្លងផុតការធ្វើតេស្តលើកដំបូងនេះ នឹងត្រូវទទួលបានការបង្វឹកបន្ថែមទៀត ដើម្បីត្រៀមធ្វើតេស្តលើកទី២ ក្នុងរយៈពេលប្រហែល៣ខែខាងមុខទៀត។ ចំណែកការធ្វើតេស្តលើកទី២នោះ ត្រូវជម្រុះចោល៥នាក់ទុក១០នាក់ ហើយ១០នាក់ ត្រូវទៅប្រកួតធ្វើសេត្តលើកទី៣ចុងក្រោយ យក៥នាក់ សម្រាប់ត្រៀមចូលរូមការប្រកួត ជើងឯកយុវជនអូឡាំពិករដូវក្តៅ ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន ប៉ុន្តែយើងក៏អាចនឹងមានការប្តូរសមាសភាពមួយចំនួនក្នុងចំណោមអ្នកទាំង៥នោះផងដែរ បើសិនជាមានករណីចាំបាច់ណាមួយ ដែលយើងនឹកស្មានមិនដល់នោះ»៕
mm10
mm9
mm8
mm7
mm6
mm5
mm4
mm3
mm3
mm2
mm1