Neymar នឹងចូលរួមសម្តែង នៅក្នុងរឿង xXx: The Return of Xander Cage ជាមួយ Vin Diesel (មានវីដេអូ)

អាមេរិក៖ កីឡាករ​ Neymarសញ្ជាតិដើមប្រេស៊ីល និងលេងឲ្យក្លិប Barcelona  បានបន្ថែមអាជីពថ្មីមួយទៀត ដោយផ្លាស់ប្តូរបរិយាកាស ពីទីលានបាល់ទាត់ ទៅថតកុនហូលីវូដវិញម្តង។

នេះជាព័ត៌មានផ្លូវការមួយដែលបង្ហាញថា ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រស៊ីលរូបនេះ នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយគឺរឿង xXx: The Return of Xander Cage ដែលគ្រោងចាក់បញ្ចាំងនៅខែមករា ២០១៧ ឆ្នាំក្រោយនេះ។

តួអង្គសម្តែង លោក Vin Diesel ដែលអ្នកទាំងអស់គ្នា ធ្លាប់តែស្គាល់រូបគាត់​ក្នុងរឿង Fast and Furious នោះ គឺគាត់ជាតួឯកក្នុងរឿង xXx: The Return of Xander Cage នេះផ្ទាល់។ ហើយថ្មីៗនេះគាត់បានប្រកាស លើបណ្តាញសង្គមរូបភាព Instagram របស់លោកថា Neymar បានបំពេញកាតព្វកិច្ចថតខ្សែភាពយន្តនេះ បានមួយថ្ងៃហើយ។ ហើយ Vin Diesel ផ្ទាល់ក៏ជាអ្នកប្រកាស អំពីវត្តមានរបស់ Neymar ក្នុងខ្សែភាពយន្តនេះផងដែរ ដោយយោងតាមវីដេអូមួយ ដែលគាត់បង្ហោះតាមគណនីហ្វេសបុករបស់គាត់។

Neymar នឹងត្រូវចូលរួមសម្តែងក្នុងរឿងនេះ ជាមួយតួរអង្គល្បីៗជាច្រើនទៀត ដូចជា Samuel L. Jackson, Ruby Rose និង តារាចម្រៀង Nicky Jam ផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Neymar កំពុងស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីថតខ្សែភាពយន្ត ប៉ុន្តែមិនបានទៅជួយក្រុមជម្រើសជាតិ ដែលកំពុងប្រកួតក្នុងពានរង្វាន់ Copa America នោះទេ ដោយសាររូបគេកំពុងជាប់ភារកិច្ចថតខ្សែភាពយន្តនេះ។

ទោះជាយ៉ាងណាក៏ដោយ Neymar នឹងត្រលប់ទៅជួយក្រុមជម្រើសជាតិវិញ ក្នុងការប្រកួត Olympic រដូវក្តៅ ក្នុងឆ្នាំនេះ ដែលប្រព្រឹត្តទៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ៕

ប្រភព ៖
The Sun

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload